(ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លងមកនេះ មកមហាជនធ្លាប់ដឹងហើយថា បេក្ខនារីក្នុងកម្មវិ​ធីប្រឡង​​ច​ម្រៀង «The Voice Cambodia» រដូវកាលទី២ កញ្ញា សាន ស្រីឡៃ បានជួបរឿងរ៉ាវដ៏គួរសង្វេគ និង​រន្ធត់​ចិត្តមួយ ខណៈអ្នកម្តាយជាទីស្រឡាញ់របស់នាង ត្រូវឪពុក​កាប់បណ្តាលឲ្យរងរបួ​ស​ធ្ងន់ ត្រូវប​ញ្ជូ​នទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យរហូត​ធ្វើឲ្យទស្សនិកជនជាច្រើន បង្ហាញពីក្តីព្រួយ​បារ​ម្ភខ្លាច​បេក្ខនារីរូបនេះ បាក់ទឹ​កចិត្តក្នុងការប្រឡងវគ្គ «Live show» សប្តាហ៍ទី៤ដែលបានកន្លង​ផុតទៅ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។

ប៉ុន្តែអ្វីដែលជារឿងល្អបំផុតនោះ គ្រាដែលនាងឡើងប្រឡងលើឆាក «The Voice Cambodia» រដូវកាលទី២វគ្គ Live show សប្តាហ៍ទី៤បេក្ខនារី សាន ស្រីឡៃ មិនបានធ្វើឲ្យអ្នកគាំទ្រ អស់សង្ឃឹមឡើយ​ ខ​ណៈដែលបេក្ខនារីមកពី ខេត្តបន្ទាយមានជ័យ និងជាកូនក្រុមរបស់​អ្នកនាង ពេជ្រ សោភា រូប​នេះ ​គ្រប់គ្រងអារម្មណ៍​ខ្លួន តម្រូវតាមស្ថានការណ៍បានយ៉ាងល្អ រហូតទទួលបានការបោះឆ្នោតគាំទ្រ បន្តឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ។

ទន្ទឹម​នឹងការទទួលបាន ការបោះឆ្នោតគាំទ្រ ឈានជើងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ​ដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់បេក្ខនារី​ សាន ស្រីឡៃ ថ្មីៗនេះ បានសរសេរប​ង្ហោះភ្ជាប់ ជាមួយរូបភាពម្តាយ ពីមន្ទីពេទ្យគួរឲ្យរំជួលចិត្តថា «សប្បាយចិត្តណាស់កូនប្រឡងរួចហើយ យប់នេះកូនសូមគេងកំដរម៉ែ មួយយប់​ទល់ភ្លឺ ហើយ​ឆាប់ជាណាម៉ែ កូនសន្យា​នឹ​ងប្រឡងឲ្យជាប់ យកលុយមកវះកាត់ម៉ែឲ្យបាន.!»។

បេក្ខនារី សាន ស្រីឡៃ បានបន្តថា «កូនស្រលាញ់ម៉ែជាងគេលើលោកនេះ ម៉ែជាកំលាំងចិត្តឲ្យកូនតស៊ូ ម៉ែជាជីវិត ម៉ែជាខ្យល់ដង្ហើយចេញចូល របស់កូន ទ្រាំបន្តិចទៀតណាម៉ែ កូន​សន្យាថា ​កូនមិនធ្វើឲ្យម៉ែអស់សង្ឃឹមឡើយ!»។

តាមរយៈការបង្ហោះសារបែបនេះ ​គេសង្កេតឃើញអ្នកនិយមលេង បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងការណិតអាសូរខ្លាំង ចំពោះបេក្ខនារី សាន ស្រីឡៃ ដោយខ្លះលើកឡើងថា មិនគួរណាជីវិតនាង ត្រូវជួបរឿងបែ​ប​នេះ គ្រាដែលកំពុងប្រឡងកម្មវិធីលំដាប់ ពិភពលោកដូច្នេះឡើយ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងបេក្ខនារី សាន ស្រីឡៃ នៃកម្មវិធីប្រលងចម្រៀង The Voice Cambodia នេះផងដែរ គួរំលឹកផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុនរឿងរ៉ាវដ៏គួរឲ្យរន្ធត់ និងមិននឹកស្មានដល់មួយ បានបង្ក​ឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅភូមិ មិត្តភាព ឃុំប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈម្តាយរបស់បេក្ខនារី ក្នុងកម្មវិ​ធីប្រឡង​ច​ម្រៀង លំដាប់ពិភពលោក «The Voice Cambodia» រដូវកាលទី២  កញ្ញា សាន ស្រីឡៃ ត្រូវបានឪពុកកាប់បណ្តាលឲ្យ រងរបួ​ស​ធ្ងន់​ កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ  ដែលនេះជាអំពើហិង្សាមួយ ដែលបានប៉ះពាល់ដល់អារម្មណ៍ របស់នាងជាខ្លាំង។

កាលនោះ ប្រភពពីអ្នកនិយមលេង បណ្តាញសង្គមហ្វេសប៊ុក បានបន្តបង្ហោះ និង Share ចែករំលែកបង្កឲ្យមា​​នការភ្ញាក់ផ្អើលខ្លាំង សម្រាប់ទស្សនិកជន ដែលបានស្គាល់បេក្ខនារី កញ្ញាសាន ស្រីឡៃ​។​ ជា​មួយការបង្ហោះ និងShare នូវរូបភាពម្តាយ របស់បេក្ខនារី សាន ស្រីឡៃ ដែលត្រូវបានប្តី​កាប់​បណ្តា​លឲ្យរបួសសុះសាច់ដេកដួល នៅក្នុងប្លុកឈាមនេះ​ដែរ ក៏មានការសរសេរភ្ជាប់ថា «ម្តាយបេក្ខ​នារី សាន ស្រីឡៃ ត្រូវបានឪពុកកាប់នៅចំណុចដីថ្មី ភូមិមិត្តភាព ខេត្តបន្ទាយមានជ័យ!»។

ចំពោះរឿងរ៉ាវ នៃដំណើរដើមទង ដែលបង្កឲ្យមានហឹង្សា កាប់ប្រហារយ៉ាងសាហាវ រវាងឪពុក-ម្តាយបេក្ខនារី សាន ស្រីឡៃ ខាងលើនេះ ពុំទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់ នៅឡើយទេថា កើតឡើងដោយសារមូល​ហេតុ​អ្វី ឲ្យច្បាស់លាស់នោះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា