រាជធានីភ្នំពេញ ៖ ​មកដល់វេលាម៉ោង១១និង២៥នាទីថ្ងៃត្រង់ថ្ងៃទី០៧​ មិថុនា ២០១៦នេះ​ រទេះលក់ចំណី​អាហារគ្រប់ប្រភេទ​បាន​សម្រុកចូលពហុកីឡដ្ឋាន​ជាតិអូឡំាពិក ​បើទោះបីជាខាងគណៈកម្មការ​គ្រប់គ្រង​ស្តាតបានហាមឃាត់ក្តី ។

សូមបញ្ជាក់ថា ​ប៉ុន្មានថ្ងៃ ​មុនការចូលមកដល់ថ្ងៃប្រកួតបាល់ទាត់​​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់ ​AFC Asian Cup 2019​ រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ​និង​ក្រុម​ឆាយ​នី​ស​តៃប៉ិ​នៅវេលាម៉ោង៧យប់ថ្ងៃទី០៧ ​មិថុនា ២០១៦នេះ ​​មានការបើកកិច្ចប្រជុំមួយរវាង​ខាង​គណៈកម្មការ​គ្រប់គ្រងស្តាត​និងសមត្ថកិច្ចពាក់ព័ន្ឋនានា ​ដើម្បីត្រៀមរៀបចំសន្តិសុខ​និង​សណ្តាប់ធ្នាប់ ។

ប្រភពបានបន្តថា ​នៅក្នុងកិច្ចប្រជុំនោះ ​ក៍បានសម្រេចមិនអនុញ្ញាត​ឲ្យមានការលក់ដូរនៅខាងលើ​ច្រកចូលក្នុងកីឡដ្ឋាន (កន្លែង​អង្គុយ​ទស្សនាបាល់ទាត់)​ ជាពិសេសក្រុមលក់តាមរទេះរុញ ​ប៉ុន្តែនៅវេលាថ្ងៃត្រង់នេះ​ គេសង្កេតឃើញរទេះរុញ​ជាច្រើន​បាន​សម្រុក​ចូលស្តាត​ មិនដឹងថាមានការអនុញ្ញាតពីមន្រ្តីស្តាត​ ឬ ​ក៍មានការឃុបឃិតយកលុយពីអ្នកលក់​រទេះរុញ​ជាថ្នូរទៅនឹងការ​អនុញ្ញាត​ឲ្យ​ចូល​លក់នោះទេ ។

យ៉ាងណាក៍ដោយ ​គេហទំព័រកោះសន្តិភាព​មិនអាចទាក់ទងដើម្បីសុំការបំភ្លឺ ​ឬ បញ្ជាក់បន្ថែម​​បានទេពីមន្រ្តីផ្នែកខាងគ្រប់គ្រង​ពហុកីឡដ្ឋាន​ជាតិអូឡំាពិក ​គិតត្រឹមវេលាម៉ោង១១​និង៣៧នាទី​ថ្ងៃត្រង់នេះ ។

ដោយឡែកបើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​​កោះសន្តិភាពដែលកំពុងមានវត្តមាននៅ​ពហុកីឡដ្ឋានជាតិអូឡំាពិកនោះ​វិញក៍បានឲ្យដឹង នៅប៉ុន្មាននាទីមុននេះដែរថា ​សំបុត្រចូលទស្សនាបាល់ទាត់​រវាងក្រុមជម្រើសជាតិកម្ពុជា ​និងក្រុមជម្រើសជាតិឆាយនីសតៃប៉ិ ​បាន​ត្រូវក្រុមគួកជេរបន្តលក់​នៅក្រៅរបងស្តាតនៅឡើយ​ បើទោះបីជាខាងសហព័ន្ឋកីឡាបាល់ទាត់​កម្ពុជាបានដាក់​ស្លាក​នៅបញ្ជរលក់​សំបុត្រថា​«សូមអភ័យទោស​ សំបុត្រត្រូវបានលក់អស់ហើយ»​តំាងពីថ្ងៃទី០៥​ មិថុនានោះក្តី ។

សេចក្តីរាយការណ៍បានបន្តថា ​តម្លៃសំបុត្រដែលគេដាក់លក់​នៅព្រឹកនេះគឺមានតម្លៃទ្វេជាពីរ ​ឬជាបី ​លើតម្លៃដែលកំណត់ដោយ​សហព័ន្ឋ​កីឡាបាល់ទាត់​កម្ពុជា ​៥ពាន់រៀល​និង១ម៉ឺនរៀល ។

យ៉ាងណាក៍ដោយ ​មិនមានមន្រ្តីខាង​សហព័ន្ឋកីឡាបាល់ទាត់អះអាងថា​សំបុត្រដែលដាក់លក់នេះ​ជាសំបុត្រពិត ឬក៍ក្លែងក្លាយ​(សំបុត្រCopy)​នោះឡើយ ។

សូមបញ្ជាក់ថា ​បើតាមមន្រ្តីសហព័ន្ឋកីឡាបាល់ទាត់​​កម្ពុជាបានឲ្យដឹងថា សំបុត្រចូលទស្សនាបាល់ទាត់​នៅយប់នេះ ខាង​សហព័ន្ឋ​នឹងពិនិត្យឲ្យដឹងច្បាស់ថា​តើសំបុត្រណាពិត​ ឬក៍ក្លែងក្លាយផងដែរ ។

សេចក្តីរាយការណ៍ចុងក្រោយពី​ពហុកីឡដ្ឋានចាតិអូឡំាពិក​ នៅវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់នេះ​ មន្រ្តីស្តាត​បានផ្តើម​ដេញក្រុម​អ្នក​លក់​ដូរនិងលក់ដូរតាម​រទេះរុញបណ្តើរៗហើយ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា ម្សិលមិញនេះ នៅលើទំព័រហ្វេសប៊ុកសហព័ន្ទកីឡាបាល់ទាត់កម្ពុជា បានបង្ហោះវីដេអូមួយ ជំរាបដល់បងប្អូនទាំងអស់ ដែលបានទិញសំបុត្រទស្សនាការប្រកួតបាល់ទាត់ នៅថ្ងៃទី៧ ខាងមុខ ឲ្យមានការប្រុងប្រយ័ត្ន ជៀសវាងទិញប៉ះចំសំបុត្រក្លែងក្លាយ ព្រោះថាមានជនឆ្លៀតឱកាសមួយចំនួន បានបន្តលក់សំបុត្រក្លែងក្លាយ នៅក្រៅរបងពហុកីឡាដ្ឋានស្តាតអូឡាំពិក។

ជាការពិតណាស់ សំបុត្រទស្សនាបាល់ទាត់ចំនួនរាប់មឺុនសំបុត្រ ត្រូវបានលក់ក្នុងរយៈពេល ២ថ្ងៃដំបូង ប៉ុន្តែអ្នកគាំទ្រមួយចំនួនបានឆ្ងល់ថា តើហេតុអ្វីបានជាមកទល់ពេលនេះហើយ នៅមានសំបុត្រលក់នៅក្រៅរបងស្តាតទៀត!? រីឯតំលៃវិញ គឺថ្លៃជាងតំលៃសំបុត្រធម្មតា ដោយក្រោមដំបូល មានតំលៃ ១មឺុន៥ពាន់ ទៅ២មឺុនរៀល ចំណែកឯកន្លែងគ្មានដំបូលវិញមានតំលៃដល់ទៅ ១មឺុនរៀល។

នេះបើយោងតាមវីដេអូ បង្ហោះដោយទំព័រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា មានជនខិលខូច មួយចំនួនបានឆ្លៀតឱកាសកូពីចម្លងសំបុត្រប្រកួត លក់ដល់ បងប្អូនអ្នកគាំទ្រ ទាំងដែលសហព័ន្ធបានប្រកាសជាផ្លូវការហើយ ប្រកាសទៀតថា សំបុត្របានលក់អស់ហើយ។ ដូចនេះបើបងប្អូនទិញប៉ះចំសំបុត្រក្លែងក្លាយនេះ សហព័ន្ធក៏មិនទទួលខុសត្រូវដែរ ហើយជួនចំពោះជនឆ្លៀតឱកាសដែល លក់សំបុត្រក្លែងក្លាយនេះ ប្រសិនបើសហព័ន្ធកីឡាកម្ពុជាចាប់បាន សហព័ន្ធនឹងចាត់ការតាមផ្លូវច្បាប់ជាក់ជាមិនខាន។

សូមបញ្ជាក់ សំបុត្រពិតប្រាកដ និងសំបុត្រក្លែងក្លាយមាន ពណ៌សណ្ឋានខុសគ្នា ដែលងាយស្រួលចំណាំបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]