ចិន ៖ ថ្មីៗនេះបុរសជនជាតិចិនម្នាក់ទៀតហើយ ដែលមានសមត្ថភាពខ្ពស់ អាចធ្វើការច្នៃប្រឌិតបង្កើត នូវឧទ្ធម្ភាគចក្របានដោយខ្លួនឯង ជាមួយនឹងល្បឿនមិនធម្មតា ជាហេតុធ្វើឲ្យអ្នកស្រុកភូមិរបស់គាត់ជាច្រើន ចាប់អារម្មណ៍ និងកោតសរសើរលើរូបគាត់ជាខ្លាំងផងដែរ។

បើតាមប្រភព បានឲ្យដឹងថា បុរសជនជាតិចិនវ័យ ៣១ឆ្នាំ ឈ្មោះ Xie Baogang ជាអ្នកស្រុករស់នៅក្នុងទីក្រុង Hengshui ភាគខាងត្បូងខេត្ត Hebei ប្រទេសចិន ត្រូវបានល្បីខ្ទរខ្ទារម្នាក់ទៀតហើយ ក្រោយពីរូបគាត់បានព្យាយាម ច្នៃបង្កើតនូវប្រភេទឧទ្ធម្ភាគចក្រ ឬហៅថា អេលីកុបទ័រ បានដោយខ្លួនឯង ដែលទទួលបានជោគជ័យ ជាមួយនឹងល្បឿនលឿនមិនអន់ឡើយ។

ប្រភពបានឲ្យដឹងទៀតថា តាំងពីក្មេងមកម៉្លេះ លោក Xie មានចំណង់ចំណូលចិត្ត និងក្តីស្រមៃចង់ហោះហើរ។ ក្រោយមកនៅពេលដែលគាត់ធំពេញវ័យអាយុ ១៨ឆ្នាំ គាត់ក៏បានបើកអាជីវកម្ម រកស៊ីធ្វើទ្វារបង្អួចដោយខ្លួនឯង។ ទោះបីជាយ៉ាងណាក៏ដោយ លោក Xie លើកឡើងថា ទោះជាបើកអាជីវកម្មរកស៊ីមួយនេះ យ៉ាងនេះក្តី ប៉ុន្តែសម្រាប់រូបគាត់ ក៏នៅតែមិនអាចបំភ្លេចបានពីក្តីស្រមៃ ចង់ហោះហើរតាំងពីតូចរបស់គាត់ឡើយ ដោយរូបគាត់បានខិតខំព្យាយាមស្រាវជ្រាវ រកវិធីសាស្រ្តធ្វើឧទ្ធម្ភាគចក្រទុកហោះហើរ ដោយខ្លួនឯងឲ្យទាល់តែបាន។

រហូតមកដល់ក្នុងឆ្នាំ ២០០៩ រូបគាត់ក៏បានឌីហ្សាញ និងបង្កើតបានចេញជារូបរាងយន្តហោះខ្នាតតូចមួយប្រភេទបានសម្រេច តែជាលទ្ធផលហួសពីការរំពឹងទុករបស់គាត់ គឺថាការហោះហើរតេស្តសាកល្បង ជាលើកដំបូងរបស់គាត់ត្រូវទទួលបានបរាជ័យ ព្រោះជាអកុសលយន្តហោះដែលបានបង្កើតឡើងនោះ នៅមានខុសបច្ចេកទេសច្រើន បណ្តាលឲ្យធ្លាក់មកវិញ ខណៈពេលកំពុងប្រតិបត្តិការហោះហើរនៅលើអាកាស។ យ៉ាងណា គាត់នៅតែមិនចុះចាញ់ ដោយនេះគ្រាន់តែជាបទពិសោធន៍ជាលើកដំបូងមួយ សម្រាប់រូបគាត់តែប៉ុណ្ណោះ។

ប្រភពដដែលបន្តទៀតថា ក្រោយមករូបគាត់នៅតែបន្តការខិតខំប្រឹងប្រែង ក្នុងការបង្កើតឧទ្ធម្ភាគចក្រនោះដដែល រហូតមកទល់ដើមខែមិថុនាថ្មីៗនេះ ការឌីហ្សាញបង្កើតវាជាលើកទី៨របស់គាត់ ត្រូវបានលេចចេញរូបរាងជាថ្មី ដែលមានលក្ខណៈប្រសើរច្រើនជាងមុន ជាមួយនឹងការហោះហើរដោយទទួលបានជោគជ័យ។

លើសពីនេះទៅទៀត ឧទ្ធម្ភាគចក្របង្កើតឡើងក្រោយនេះ គឺវាអាចហោះហើរបាន ក្នុងល្បឿនអតិបរិមា ២០០គីឡូម៉ែត្រ  រហូតអាចដល់រយៈចម្ងាយ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលវាជាលឿនដ៏លឿនខ្លាំងមួយផងដែរ។ 

គួរបញ្ជាក់ដែរថា សម្រាប់ថវិកាចំណាយទៅលើការ បង្កើតនូវឧទ្ធម្ភាគចក្រមួយគ្រឿងនេះដែរ លោក Xie មិនបានបង្ហើបប្រាប់ឲ្យដឹងនៅឡើយនោះទេ ៕ 

ប្រភព៖ Shanghaiist

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា ទន្ទឹមនឹងនោះផងដែរ បុរសជនជាតិចិនម្នាក់ បែកគំនិតធ្វើឡានប្រណាំងមួយ ទុកជិះលេងដោយខ្លួនឯង ដែលប្រើរយៈពេលខ្លី និងចំណាយលុយអស់តិចថែមទៀតផង។

តាមប្រភពសារព័ត៌មាន NetEase បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះថា Wen Chao អាយុ ៣៤ឆ្នាំ រស់នៅក្នុងទីក្រុង Zhuzhou ខេត្ត Hunan ប្រទេសចិន មានគំនិតក្នុងការច្នៃប្រឌិតបង្កើតបានជាឡានប្រណាំងមួយគ្រឿង ដែលមានប្រព័ន្ធដំណើរការល្អ និងមុខងារមិនចាញ់រថយន្តផលិតចេញពីរោងចក្រឡើយ ហើយអាចបើកបរបានក្នុងល្បឿន ១៤៥គីឡូម៉ែត្រ ក្នុងមួយម៉ោងថែមទៀតផង។

ប្រភពបន្តថា ឡានដែរគាត់បង្កើតឡើងនេះ មានទទឹង ១,៦៥ម៉ែត្រ ជាមួយនឹងបណ្ដោយ ៣,៤ម៉ែត្រ និងមានទម្ងន់ ៤៩០គីឡូក្រាម ហើយថែមទាំងមានបំពាក់ឧបករណ៍រ៉ឺស័រចំនួន៦ ដែលរូបលោក បានចំណាយរយៈពេលជាង ២១ថ្ងៃ ក្នុងការធ្វើបង្កើតវាឡើង ក្នុងចំនួនទឹកប្រាក់ ៩,០០០ (ប្រហែលជា ១,៣៨៤ ដុល្លារអាមេរិក)។

លោក Wen Chao បានលើកឡើងថា រហូតមកទល់ពេលនេះ រូបគាត់បានជិះវា បានជាង ៦ពាន់គីឡូម៉ែត្រទៅហើយ ដោយពុំទាន់ឃើញមានការខូចខាតត្រង់កន្លែងណាមួយឡើយ។

គួររំលឹកដែរថា នេះមិនមែនជាលើកទីមួយឡើយដែល បុរសខាងលើមានសមត្ថភាពអាចច្នៃប្រឌិត បង្កើតជាឡានប្រណាំងបាននោះទេ តែក៏ធ្លាប់មានបុរសជនជាតិមួយចំនួនទៀតផងដែរ ដែលមានសមត្ថភាពអាចច្នៃប្រឌិតធ្វើបានដូចគាត់ ដូចជា នាវាមុជទឹក ឬជាឡានបានផងដែរ ដែលធ្វើប្រជាជនចិនជាច្រើនមាន ការចាប់អារម្មណ៍ និងកោតសរសើរទៅលើស្នាដៃ របស់ពួកគាត់ទាំងអស់នោះ ជាខ្លាំងផងដែរ ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]