ចិន៖ រូបភាពជាច្រើនសន្លឹក បានបង្ហាញពីរថយន្ដជាច្រើនគ្រឿង ដែលត្រូវបានគេបោះបង់ចោល និងរុំព័ទ្ធដោយស្មៅនៅក្នុងទីកន្លែងមួយ ហើយរថយន្ដទាំងនេះ បើគិតជាតម្លៃសរុបវិញ ប្រហែលជារាប់លានដុល្លារ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីកន្លែងនេះស្ថិតនៅក្នុងទីក្រុង Chengdu ដែលយ៉ាងហោចណាស់មានរថយន្ដម៉ាក Bentleys ២គ្រឿង, Land Rovers ២គ្រឿង, Mercedes Benz ៣គ្រឿង និងម៉ូតូផងដែរ។ ចំពោះសកម្មភាពទាំងនេះ បានក្លាយជារឿងទូទៅ ដែលពួកវាត្រូវបានម្ចាស់បំបោះបង់ចោល និងជាសរុបមានប្រហែលជាជាង ២០០គ្រឿង។ សម្រាប់ទីកន្លែងនេះ ត្រូវបានគេហៅឈ្មោះថា កន្លែងចតរថយន្ដរបស់ពួកអ្នកមាន ដោយសារតែរថយន្ដនីមួយៗ សុទ្ធតែមានតម្លៃ។ នៅក្នុងនោះ មានរថយន្ដខ្លះ ត្រូវបានទុកនៅទីនេះ អស់ពេលជាង ២ឆ្នាំមកហើយ ដែលមានស្មៅ និងដើមឈើដុះជុំវិញពួកវាផងដែរ។

ទន្ទឹមនឹងនេះ រថយន្ដ Bentleys ២គ្រឿង ដែលមានមួយគ្រឿងជាប្រភេទ Bentley Continental GT និងមួយទៀតជាប្រភេទ Bentley Flying Spur ត្រូវបានគេប៉ាន់ស្មានថា ពួកវាមានតម្លៃប្រហែលជា ៣លានយ័ន ឬជាង ៤សែនដុល្លារអាមេរិក ក្នុងមួយគ្រឿង តម្លៃក្នុងប្រទេសចិន។ មួយវិញទៀតបានឲ្យដឹងទៀតថា រថយន្ដភាគច្រើន គឺមានការជាប់ពាក់ព័ន្ធនឹងរឿងឧក្រិដ្ឋកម្ម ដោយផ្ទាល់ ឬដោយប្រយោលផងដែរ ដែលមានន័យថា ម្ចាស់រថយន្ដទាំងនោះ មិនអាចធ្វើការទាមទារ រថយន្ដត្រលប់ បានមកវិញនោះទេ។ សម្រាប់រថយន្ដមួយចំនួនទៀត គឺបណ្ដាលមកពី ម្ចាស់រថយន្ដខ្វះសំណុំឯកសារ ដូចនេះមានតែត្រូវបោះបង់ចោលពួកវា។

គួរបញ្ជាក់ថា រថយន្ដទាំងនេះ បានក្លាយជារឿងឈឺក្បាលរបស់អជ្ញាធរ នៅក្នុងតំបន់ ដែលមិនដឹងថា សម្រេចចិត្ដធ្វើបែបណានោះទេ ខណៈមានរថយន្ដខ្លះៗ ត្រូវបានដាក់ឲ្យដេញថ្លៃ និងមួយចំនួនទៀត ត្រូវបានយកទៅដាក់នៅកន្លែងកប់ ឬដុតរថយន្ដចោល៕

ទីកន្លែងដែលរថយន្ដជាច្រើនគ្រឿង ត្រូវបានគេបោះចង់ចោល
រថយន្ដស៊េរីទំនើបជាច្រើនគ្រឿង និងម៉ូតូ ដែលគេបោះបង់ចោល

ប្រភព៖ ឌេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]