នារីៗភាគច្រើនមិនសូវជា ចូលចិត្តរដូវភ្លៀងប៉ុន្មានទេ ព្រោះវាជាគឺជារដូវមួយដែលពិបាកនៅក្នុងការតុបតែង ខ្លួនចេញទៅក្រៅ។ ជាទូទៅឱ្យតែដល់រដូវនេះ ស្រ្តីតែងបារម្មណ៍ណាស់ថា ពេលដែលផាត់មុខចេញទៅក្រៅ បើបានជួបនឹងតំណក់ភ្លៀង ម៉ាស្ការ៉ានៅលើភ្នែក នឹងហៀរប្រតាកពេញភ្នែក មើលទៅដូចជាសត្វខ្លាឃ្មុំផែនដា រីឯសក់វិញក៏ខ្ទេចខ្ទី មើលលែងយល់ផងដែរ។

តទៅនេះប្រិយមិត្ដនារីឈប់ព្រួយទៀតទៅ ខ្មែរឡូតនឹងណែនាំ ពីតិចនិកនៃការតែងមុខ និងរបៀបតែងម៉ូតសក់នារដូវធ្លាក់ភ្លៀងនេះ បើតាមការដកស្រង់ចេញពីវេបសាយបរទេស៖

១. ផាត់មុខស្តើងៗ៖ ទោះបីជាយើងមានគ្រឿងសម្អាងតម្លៃថ្លៃៗ ជាប្រភេទទឹក ឬស្ងួត ឬក៏ម៉ាស្ការ៉ា និងប្រដាប់គូសភ្នែក (Eyeliner) ល្អៗយ៉ាងណាក៏ដោយ ក៏ជាងផាត់មុខបានណែនាំថាការប្រើម្សៅទ្រនាប់ និងការផាត់មុខបែបក្រាស់ៗ នៅកំឡុងពេលអាកាសធាតុចុះត្រជាក់នោះ មិនបានផ្តល់ផងល្អដល់ស្បែកមុខនោះទេ ក្រៅពីបណ្តាលឱ្យស្បែកមុខឡើងក្រហាយរមាស់។ ដូចនេះអ្នកអាចជ្រើសគ្រឿងសម្អាងណា ដែលមានសភាពស្រាលស្រទន់មកផាត់លើថ្ពាល់ និងហៃឡាយភ្នែកនោះ ក៏ស្រស់ស្អាតម្យ៉ាងដែរ។

២. ជៀសវាងការប្រើគ្រឿងសម្អាងដែលភ្លឺចែងចាំង៖ មានន័យថា នារដូវនេះព្រះអាទិត្យ មិនសូវបញ្ចេញពន្លឺប៉ុន្មានទេ ផ្ទៃមុខរបស់អ្នកក៏មិនគួរផាត់ធ្វើឱ្យ វាមើលទៅមានពន្លឺស ភ្លឺចែងចាំងណាស់ណាពេកដែរ ដូច្នេះអ្នកគួរជ្រើសគ្រឿងសម្អាង ប្រភេទស្រាលមិនដិតខ្លាំងមកផាត់ និងលាបក្រេមមាត់ពណ៌ស្រាលៗ ដើម្បីឱ្យវាស៊ីទៅនឹងបរិយាកាស។

៣. តុបតែងមុខឱ្យមានភាពប្រណិត៖ ស្ថិតនៅក្នុងរដូវនេះ អ្នកគួរតែយកចិត្តទុកដាក់បន្ថែមឱ្យបានច្រើនជាងពេលណាៗ ទាំងអស់ទៅលើការតុបតែងផ្ទៃមុខ។ មានន័យថា អ្នកមិនមែនគ្រាន់តែលាបៗ ឬផ្តិតៗ ម្សៅនៅលើមុខឱ្យរួចតែពីដៃប៉ុណ្ណោះទេ តែអ្នកគួរធ្វើការតប់ ឬម៉ាស្សាបញ្ចូលម្សៅឱ្យចូល ទៅក្នុងផ្ទៃសាច់មុខបានល្អបំផុតតាមដែលអាចធ្វើបាន។ ការធ្វើបែបនេះនឹងជួយឱ្យមុខអ្នកមាន សភាពរៀបរយស្អាតបាតពេញមួយថ្ងៃ។

៤. ធ្វើម៉ូតសក់សាមញ្ញៗធម្មតា៖ ម៉ូតសក់ក៏ជាផ្នែកជួយបង្កើននូវសម្រស់ផ្ទៃមុខអ្នកមួយកម្រិតដែរ។ រដូវនេះអ្នកគួរជ្រើសធ្វើម៉ូតសក់សាមញ្ញៗ ដូចជាក្រង ចង ទម្លាក់ ឬបួងសក់ឡើងលើ ដោយប្រើជាមួយនឹង ជេលលាបសក់ធម្មតាជាដើម ហើយសូមជៀសវាងការមូល ឬកិបសក់ឱ្យឆើតឆាតពេក ព្រោះវានឹងងាយខូចខាតពេលដែលត្រូវទឹកភ្លៀង។ តិចនិកនេះ នឹងជួយឱ្យអ្នកមើលទៅស្រស់ស្អាត មួយបែបទៀត មិនថាអ្នកមានសក់រួញ ឬសក់ត្រង់ក៏ដោយ។

៥. ព្យាយាមរក្សាម៉ូតសក់ឱ្យមានរបៀបរៀបរយជានិច្ច៖ ពិតណាស់បើផ្ទៃមុខអ្នកស្រស់ស្អាត ផូរផង់ តែម៉ូតសក់អ្នកបែរជាមើល ទៅរញ៉េរញៃ គ្មានសណ្តាប់ធ្នាប់វិញ ពិតជាគ្មាននរណាម្នាក់គេចង់ ក្រឡេកមកមើលមុខអ្នកនោះទេ។ វិធីល្អគួររក្សាម៉ូតសក់ឱ្យមានរបៀបរៀបរយ សមរម្យគ្រប់ពេលវេលា។

៦. ប្រើផលិតផលថែរក្សាសក់ជាពិសេស៖ នៅពេលដែលអ្នកដើរកាត់ភ្លៀង ទោះជាអ្នកទូលឆ័ត្រក៏ដោយ ក៏អ្នកមិនអាចជៀសផុតពីលម្អងទឹកភ្លៀងតូចៗ ដែលសាចចូលមកបានដែរ។ តំណក់លម្អង នេះវានឹងទើរលើខោអាវអ្នក ជាពិសេសគឺសក់តែម្តង។ បើជួបបញ្ហានេះញឹកញាប់សក់អ្នក នឹងបាត់បង់ភាពស្រស់ស្អាតពាក់កណ្តាលជាក់ជាមិនខាន។ ដូចនេះអ្នកគួរជ្រើសប្រើផលិតផលថែ បំប៉នសក់ឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា មិនគួរបណ្តែតបណ្តោយទេ។

ខាងលើជាតិចនិកមួយចំនួន ដែលមិត្ដនារីគួរតែសាកល្បងអនុវត្តទាំងអស់គ្នាដើម្បីភាពស្រស់ស្អាត នារដូវភ្លៀងឆ្នាំនេះ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]