ភ្នំពេញ៖ នៅប៉ុន្មានម៉ោងមុននេះ លើទំព័រហ្វេសប៊ុកសហព័ន្ទកីឡាបាល់ទាត់កម្ពុជា បានបង្ហោះវីដេអូមួយ ជំរាបដល់បងប្អូនទាំងអស់ ដែលបានទិញសំបុត្រទស្សនាការប្រកួតបាល់ទាត់ នៅថ្ងៃទី៧ ខាងមុខ ឲ្យមានការប្រុងប្រយ័ត្ន ជៀសវាងទិញប៉ះចំសំបុត្រក្លែងក្លាយ ព្រោះថាមានជនឆ្លៀតឱកាសមួយចំនួន បានបន្តលក់សំបុត្រក្លែងក្លាយ នៅក្រៅរបងពហុកីឡាដ្ឋានស្តាតអូឡាំពិក។

ជាការពិតណាស់ សំបុត្រទស្សនាបាល់ទាត់ចំនួនរាប់មឺុនសំបុត្រ ត្រូវបានលក់ក្នុងរយៈពេល ២ថ្ងៃដំបូង ប៉ុន្តែអ្នកគាំទ្រមួយចំនួនបានឆ្ងល់ថា តើហេតុអ្វីបានជាមកទល់ពេលនេះហើយ នៅមានសំបុត្រលក់នៅក្រៅរបងស្តាតទៀត!? រីឯតំលៃវិញ គឺថ្លៃជាងតំលៃសំបុត្រធម្មតា ដោយក្រោមដំបូល មានតំលៃ ១មឺុន៥ពាន់ ទៅ២មឺុនរៀល ចំណែកឯកន្លែងគ្មានដំបូលវិញមានតំលៃដល់ទៅ ១មឺុនរៀល។

នេះបើយោងតាមវីដេអូ បង្ហោះដោយទំព័រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា មានជនខិលខូច មួយចំនួនបានឆ្លៀតឱកាសកូពីចម្លងសំបុត្រប្រកួត លក់ដល់ បងប្អូនអ្នកគាំទ្រ ទាំងដែលសហព័ន្ធបានប្រកាសជាផ្លូវការហើយ ប្រកាសទៀតថា សំបុត្របានលក់អស់ហើយ។  ដូចនេះបើបងប្អូនទិញប៉ះចំសំបុត្រក្លែងក្លាយនេះ សហព័ន្ធក៏មិនទទួលខុសត្រូវដែរ ហើយជួនចំពោះជនឆ្លៀតឱកាសដែល លក់សំបុត្រក្លែងក្លាយនេះ ប្រសិនបើសហព័ន្ធកីឡាកម្ពុជាចាប់បាន សហព័ន្ធនឹងចាត់ការតាមផ្លូវច្បាប់ជាក់ជាមិនខាន។

សូមបញ្ជាក់ សំបុត្រពិតប្រាកដ និងសំបុត្រក្លែងក្លាយមាន ពណ៌សណ្ឋានខុសគ្នា ដែលងាយស្រួលចំណាំបាន៕

បើចង់ដឹង សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ ហ្វេសប៊ុក

កំណត់ហេតុខ្មែរឡូត

ថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា សំបុត្រចំនួន ៥០,០០០សន្លឹក សម្រាប់ចូលទស្សនាការប្រកួតជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមចិនតៃប៉ិ នៅលើទីលានពហុកីឡដ្ឋានជាតិ នាយប់ស្អែកនេះ ត្រូវបានលក់អស់ហើយ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនាម្សិលមិញ ពោលគឺប្រើពេលលក់តែ ២ថ្ងៃប៉ុណ្ណោះ

គួរបញ្ជាក់ផងដែរថា កាលពីជើងទី១ នៃជំនួបវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 កន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតស្មើក្រុមចិនតៃប៉ិ ដោយលទ្ធផល ២-២ ក្រៅទឹកដី ។ ចំណែកជំនួបជើងទី២ នឹងធ្វើឡើងនៅវេលាម៉ោង ៧យប់ថ្ងៃទី០៧ ខែមិថុនាស្អែកនេះ ដោយកម្ពុជា ត្រូវការត្រឹមលទ្ធផលស្មើគ្នា ០-០ ឬ ១-១ ប៉ុណ្ណោះ ដើម្បីទម្លាក់ក្រុមចិនតៃប៉ិ។

ប៉ុន្ដែប្រសិនបើការប្រកួតលើកនេះ ក្រុមទាំងពីរបន្ដប្រកួតស្មើគ្នា ២-២ ទៀត ការប្រកួតនឹងត្រូវបន្ថែម៉ោង ១៥នាទី ២ដង ដើម្បីទាត់កាត់សេចក្ដី។តែក្នុងករណីកម្ពុជា ចាញ់ក្រុមចិនតៃប៉ិវិញ គឺកម្ពុជា ក៏មិនទាន់អស់ឱកាសប្រជែងយកកៅអីវគ្គបន្ដដែរ ពោលគឺកម្ពុជា ត្រូវជួបជាមួយក្រុមចាញ់ៗដូចគ្នាក្នុងតំបន់ ដើម្បីប្រជែងយកកៅអីវគ្គជម្រុះចុងក្រោយ ។ នេះបើយោងតាមរូបមន្ដប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC)។

យ៉ាងណាមិញលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លើកឡើងថា លោកនឹងព្យាយាមមិនធ្វើអ្នកគាំទ្រអស់សង្ឃឹមឡើយ គឺលោកនឹងជំរុញកូនក្រុមខ្លួន ព្យាយាមស្វែងរកគ្រាប់បាល់ជ័យជម្នះ ស្របពេលឱកាសសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក៏មានច្រើនជាង ព្រោះកម្ពុជាត្រូវការត្រឹមស្មើ ០-០ ឬ ១-១ ក៏ឡើងដែរ។ ប៉ុន្ដែយ៉ាងណាលោកក៏មិនអាចមើលងាយគូប្រជែងនេះដែរ ព្រោះក្រុមទាំងពីរ ត្រូវការកៅអីវគ្គបន្ដនៃពានរង្វាន់ AFC Asian Cup 2019 នេះដូចគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]