(ភ្នំពេញ)៖ ថ្វីត្បិតមិនមានឱកាសជួយក្រុមជម្រើសជាតិកម្ពុជា ពេលជួបក្រុមចិនតៃប៉ិ ជើងទី២ នាថ្ងៃស្អែក ដោយសារអាជ្ញាកណ្ដាលពិន័យការលឿង ២ដង (កាតក្រហម) កាលពីជួបចិនតៃប៉ិ ជើងទី១ ប៉ុន្ដែកីឡាករ ធារី ចន្ថាប៊ីន បានប្ដេជ្ញាចិត្តក្នុងនាមសមាជិកក្រុមជម្រើសជាតិថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះជូនជាតិ ។

ប៉ុន្ដែមុននឹងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 រវាងក្រុមជម្រើសជាតិកម្ពុជា និងចិនតៃប៉ិ នាថ្ងៃស្អែកមកដល់ កីឡាករខ្សែបម្រើកូនកាត់ខ្មែរ-បារាំងរូបនេះ បានបង្ហោះសារមួយ សម្រាប់អ្នកគាំទ្រ ដើម្បីត្រៀមខ្លួនចូលរួមទស្សនា និងលើកទឹកចិត្តកីឡាករជម្រើសជាតិរបស់ខ្លួន នៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ ។

ធារី ចន្ថាប៊ីន បានសរសេរថា «ជូនចំពោះអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ទាំងអស់គ្នា យើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពនៅថ្ងៃអង្គារ៍នេះ ក្នុងការប្រកួតជាមួយក្រុមឆាយនីសតៃប៉ិ! ប៉ុន្តែខ្ញុំសូមសំណូមពរទៅអ្នកគាំទ្រទាំងអស់ឲ្យគោរព តាមការសម្រេចចិត្តនៅលើទីលាន ។ ទោះបីជាអ្នកទាំងអស់គ្នាខឹង ក្រុមម្ខាងទៀតក៏ពិតមែន ក៏ព្រោះតែយើងចង់ឈ្នះ ប៉ុន្តែសូមរក្សាការគាំទ្រដោយភាពថ្លៃថ្នូរ និងផ្តល់កម្លាំងចិត្ត ក្នុងការប្រកួតដល់កីឡាករទាំងអស់»។

«ការបោះ ឬគប់របស់ចូលទីលានអាចនឹងប៉ះពាលដល់ពួកយើង ហើយយើងអាចនឹងទទួលពិន័យ សម្រាប់អាកប្បកិរិយាមិនល្អនេះ។ សូមគោរពនៅការសម្រេចចិត្ត ក្នុងការប្រកួត គោរពប្រទេសជាតិយើង និងកេរ្ត៍ឈ្មោះដ៏អស្ចារ្យរបស់កម្ពុជា» ។ នេះជាការបញ្ជាក់បន្ថែម របស់កីឡាករប្រធានក្រុមជម្រើសជាតិកម្ពុជា រូបនេះ ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖  ទាក់ទងនឹងក្រុមជម្រើសជាតិនេះដែរ គួររំលឹកផងដែរថា សំបុត្រទស្សនាកម្ពុជា ប៉ះចិនតៃប៉ិ លក់អស់ត្រឹមរយៈពេល ២ថ្ងៃ ប៉ុណ្ណោះ

យោងតាម Facebook សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា សំបុត្រចំនួន ៥០,០០០សន្លឹក សម្រាប់ចូលទស្សនាការប្រកួតជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមចិនតៃប៉ិ នៅលើទីលានពហុកីឡដ្ឋានជាតិ នាយប់ស្អែកនេះ ត្រូវបានលក់អស់ហើយ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនាម្សិលមិញ ពោលគឺប្រើពេលលក់តែ ២ថ្ងៃប៉ុណ្ណោះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]