អារ៉ាប់រួម៖ វាសឹងក្លាយទៅជារឿងធម្មតាហើយ ដែលប្រជាជនភាគច្រើន ជាពិសេសអ្នកជំនួញ នៅសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) និយមប្រើប្រាស់របស់របរ ដែលកម្រ និងប្លែកៗ ដោយមិនខ្វល់ថារបស់នោះ មានតម្លៃថ្លៃប៉ុណ្ណានោះឡើយ។ តួយ៉ាងដូចជាកាលពីពេលថ្មីៗនេះ អ្នកជំនួញម្នាក់បានចំណាយប្រាក់ ដល់ទៅជិត៥លានដុល្លារ ដើម្បីដេញថ្លៃទិញយក ស្លាកលេខរថយន្តមួយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកជំនួញដ៏ល្បីម្នាក់ មានឈ្មោះថា Arif Ahmed al-Zarouni ជាអ្នករស់នៅក្នុងប្រទេសអារ៉ាប់រួម បានព្យាយាមដេញថ្លៃ ប្រជែងជាមួយមនុស្សជាច្រើនផ្សេងទៀត ដេញថ្លៃយកស្លាកលេខរថយន្តដ៏ពិសេសមួយ ដោយចំណាយប្រាក់ដល់ទៅ ៣.៤លានផោន (៤.៨លានដុល្លារ) ឯណោះ។ 

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា Arif បានប្រឹងប្រែងដេញថ្លៃ ចំនួន ១៨ដង ទម្រាំបានសម្រេច ក្លាយជាម្ចាស់ស្លាកលេខរថយន្តដ៏ពិសេសនោះ ហើយគេអាចដឹងថា វាជាស្លាកលេខ ដែលមានលេខ “១”។ ជាមួយគ្នានេះដែរ Arif Ahmed al-Zarouni បានប្រាប់ឲ្យដឹងថា “មហិច្ឆតារបស់ខ្ញុំ គឺតែងតែចង់ក្លាយជាលេខ១ ជារៀងរហូត”។

ចំពោះតម្លៃដែលអ្នកជំនួញម្នាក់នេះ ដេញថ្លៃយកស្លាកលេខរថយន្តបាន មានចំនួនប្រមាណជិត ៥លានដុល្លារឯណោះ តែយ៉ាងណាក៏ដោយ វាក៏មិនមែនជាតម្លៃមួយ ដែលខ្ពស់បំផុតនោះដែរ ដោយគេអាចនៅចាំបានថា ក្នុងឆ្នាំ២០០៨ ស្លាកលេខរថយន្តដ៏ពិសេស របស់រាជវង្សានុវង្ស និងមហាសេដ្ឋី នៅអារ៉ាប់អារ៉ាប់រួម ធ្លាប់ធ្វើការដេញថ្លៃលក់ចេញក្នុងតម្លៃជាង ១៤លានដុល្លារផងដែរ។ រីឯតម្លៃដែលអ្នកជំនួញ Arif ដេញថ្លៃបាននោះ ស្ថិតនៅក្នុងចំណាត់ថ្នាក់ លេខ៣ ក្នុងចំណោមស្លាកលេខពិសេសប៉ុណ្ណោះ។

គូសបញ្ជាក់ផងដែរថា ស្លាកលេខរថយន្តពិសេសៗ នៅសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម សុទ្ធតែមានតម្លៃថ្លៃខ្ពស់ និងត្រូវធ្វើការដេញថ្លៃ ដើម្បីប្រជែងគ្នាទិញយក។ ក្នុងនោះគេអាចដឹងបានថា ស្លាកលេខរថយន្តពិសេស ដែលពេញនិយម មានដូចជាលេខ ១២, ២២, ៥០, ១០០, ៣៣៣, ៧៧៧, ១០០០, ២០១៦, ២០២០, និង ៩៩៩៩៩ ជាដើម៕ 

ស្លាកលេខរថយន្តពិសេសៗ ដែលត្រូវបានដាក់បញ្ចូល សម្រាប់ធ្វើការដេញថ្លៃ

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងសកម្មភាព របស់មហាសេដ្ឋីអារ៉ាប់នេះដែរ កាលពីពេលកន្លងទៅ កំពូលមហាសេដ្ឋីអារ៉ាប់ម្នាក់ បានទាក់ទាញ ចំណាប់អារម្មណ៍ មនុស្សជាច្រើន បន្ទាប់ពីបានបង្ហាញខ្លួន នៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ដើម្បីបើកសម្ពោធភោជនីយដ្ឋានថ្មីមួយកន្លែង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កំពូលមហាសេដ្ឋីរូបនោះ មានឈ្មោះថា Turki Bin Abdullah បានបង្ហាញខ្លួន និងធ្វើដំណើរ នៅតាមដងផ្លូវ ក្នុងទីក្រុងឡុងដ៍ ដោយបង្អួតរថយន្ត ដែលមានតម្លៃ ថ្លៃៗកប់ពពក គ្របដណ្តប់ដោយពណ៌មាស ជាច្រើនគ្រឿង ដែលធ្វើឲ្យមនុស្សជាច្រើន សម្លឹងមើលមិនដាក់ភ្នែក។

សេដ្ឋីអារ៉ាប់ វ័យ៤៤ឆ្នាំ ដែលត្រូវគេដឹងថា មានជាប់សាច់ឈាម ជាមួយនឹង ខ្សែរាជវង្ស Saudi និងជាអ្នកជំនួញម្នាក់ បានបង្អួតរថយន្ត ជាច្រើនគ្រឿងរបស់ខ្លួន ដូចជា រថយន្តម៉ាក Lamborghini Aventador តម្លៃ ៥០៧,០០០ដុល្លារអាមេរិក រថយន្តកង់៦ ម៉ាក Mercedes AMG Off-Roader តម្លៃ ៥៣៥,០០០ដុល្លារអាមេរិក រថយន្តម៉ាក Rolls Royce Phantom Coupe ទ្វា២ តម្លៃ ៥០៧,០០០ដុល្លារអាមេរិក រថយន្តម៉ាក Bentley Flying Spur តម្លៃ ៣១៨,០០០ដុល្លារអាមេរិក និងរថយន្តម៉ាក Lambo Huracan តម្លៃ ២៦០,០០០ដុល្លារអាមេរិក ខណៈរថយន្តទាំងអស់ សុទ្ធតែមានពណ៌មាស និងនាំចូលមកពី មជ្ឍិមប្រទេស ទាំងអស់តែម្តង។

យ៉ាងណាមិញ កំពូលមហាសេដ្ឋីហ៊ឺហារូបនេះ នៅមានរថយន្តសេរ៊ីទំនើបៗ ដែលមានតម្លៃថ្លៃៗ ជាច្រើនគ្រឿងទៀត ដូចជា រថយន្តម៉ាក Rover Rover , Porsche និង Ferrari ជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]