(ភ្នំពេញ)៖ ថ្វីត្បិតមិនមានឱកាសជួយក្រុមជម្រើសជាតិកម្ពុជា ពេលជួបក្រុមចិនតៃប៉ិ ជើងទី២ នាថ្ងៃស្អែក ដោយសារអាជ្ញាកណ្ដាលពិន័យការលឿង ២ដង (កាតក្រហម) កាលពីជួបចិនតៃប៉ិ ជើងទី១ ប៉ុន្ដែកីឡាករ ធារី ចន្ថាប៊ីន បានប្ដេជ្ញាចិត្តក្នុងនាមសមាជិកក្រុមជម្រើសជាតិថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះជូនជាតិ ។

ប៉ុន្ដែមុននឹងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 រវាងក្រុមជម្រើសជាតិកម្ពុជា និងចិនតៃប៉ិ នាថ្ងៃស្អែកមកដល់ កីឡាករខ្សែបម្រើកូនកាត់ខ្មែរ-បារាំងរូបនេះ បានបង្ហោះសារមួយ សម្រាប់អ្នកគាំទ្រ ដើម្បីត្រៀមខ្លួនចូលរួមទស្សនា និងលើកទឹកចិត្តកីឡាករជម្រើសជាតិរបស់ខ្លួន នៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ ។

ធារី ចន្ថាប៊ីន បានសរសេរថា «ជូនចំពោះអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ទាំងអស់គ្នា យើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពនៅថ្ងៃអង្គារ៍នេះ ក្នុងការប្រកួតជាមួយក្រុមឆាយនីសតៃប៉ិ! ប៉ុន្តែខ្ញុំសូមសំណូមពរទៅអ្នកគាំទ្រទាំងអស់ឲ្យគោរព តាមការសម្រេចចិត្តនៅលើទីលាន ។ ទោះបីជាអ្នកទាំងអស់គ្នាខឹង ក្រុមម្ខាងទៀតក៏ពិតមែន ក៏ព្រោះតែយើងចង់ឈ្នះ ប៉ុន្តែសូមរក្សាការគាំទ្រដោយភាពថ្លៃថ្នូរ និងផ្តល់កម្លាំងចិត្ត ក្នុងការប្រកួតដល់កីឡាករទាំងអស់»។

«ការបោះ ឬគប់របស់ចូលទីលានអាចនឹងប៉ះពាលដល់ពួកយើង ហើយយើងអាចនឹងទទួលពិន័យ សម្រាប់អាកប្បកិរិយាមិនល្អនេះ។ សូមគោរពនៅការសម្រេចចិត្ត ក្នុងការប្រកួត គោរពប្រទេសជាតិយើង និងកេរ្ត៍ឈ្មោះដ៏អស្ចារ្យរបស់កម្ពុជា» ។ នេះជាការបញ្ជាក់បន្ថែម របស់កីឡាករប្រធានក្រុមជម្រើសជាតិកម្ពុជា រូបនេះ ៕ 

ប្រភព៖ khmertalking

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីថ្ងៃសៅរ៍ ក៏មានហេតុការណ៍មួយ បានកើតឡើង នៅពេលអ្នកគាំទ្រ ទៅទិញសំបុត្រសម្រាប់ចូលទស្សនាក្រុមជម្រើសជាតិកម្ពុជា ពេលជួបក្រុមចិនតៃប៉ិ ជើងទី២ បែរជាបានសំបុត្រខ្មោចទៅវិញ

ប្រិយមិត្ដជាអ្នកតាមដានវិស័យបាល់ទាត់ ប្រាកដជាជ្រាបច្បាស់ថា ជំនួបជើងទី២ រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងចិនតៃប៉ិ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាផ្លូវការ នឹងធ្វើការប្រកួតនៅលើ ទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ សប្តាហ៍ក្រោយ ដែលសំបុត្រចូលទស្សនាមាន ២ប្រភេទ គឺតម្លៃ ១០,០០០រៀល និង ៥,០០០រៀល។

យ៉ាងណាមិញ កាលពីពេលព្រឹកមិញនេះ មានរឿងដ៏ហួសចិត្ដមួយបានកើតឡើង នៅកន្លែងលក់សំបុត្រនៅពហុកីឡដ្ឋានជាតិ នេះបើតាមវីដេអូ ២ ដែលទើបតែបង្ហោះឡើង ដោយអ្នកប្រើប្រាស់ហ្វេសប៊ុក។ នេះបើតាមសារ និងការសន្ទនានៅក្នុងវីដេអូ បានឲ្យដឹងថា យុវជនម្នាក់ បានទិញសំបុត្រ VIP ដែលមួយសំបុត្រថ្លៃ ១០,០០០រៀល នៅក្នុងនោះរូបគេបាន ហុចប្រាក់ ១៤០,០០០រៀល ដើម្បីទិញ ១៤សំបុត្រ ទៅតាមចន្លោះប្រហោង អាចត្រឹមតែលូកដៃចូល។ អ្វីដែលហួសចិត្ដនោះ គឺបានត្រឹមតែប្រគល់ប្រាក់ឲ្យគេ តែបែរជាគ្មានសំបុត្រត្រលប់មកវិញ។

ក្រោយពីជួបហេតុការណ៍បែបនេះ យុវជនខកចិត្ដ និងអស់សង្ឃឹមខាងលើ បានធ្វើការសួរនាំអ្នកនៅក្នុងតំបន់នោះ តែពួកគេបែរជាសួរថា មានចំណាំមុខអ្នកយកប្រាក់ឬអត់? សួរថា តើចំណាំបែបណា បើកន្លែងលក់សំបុត្រ ដាក់មិនឲ្យអ្នកទិញ ឃើញមុខអ្នកលក់ផង ទាំងនេះជាសម្ដីដែលបន្លឺឡើងនៅក្នុងវីដេអូ។

ចុះប្រិយមិត្ដអ្នកអានផ្សេងទៀត ធ្លាប់ជួបប្រទះហេតុការណ៍ស្រដៀងនេះដែរឬទេ? បើសិនជាមានប្រិយមិត្ដណា ដឹងពីព័ត៌មានលំអិត ពីរឿងមួយ សូមធ្វើការផ្ញើរព័ត៌មាន តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]