បារាំង៖ មានសំណួរមួយបានចោទសួរថា តើម្ចាស់ផ្ទះបារាំងអាចឈ្នះពានរង្វាន់ទ្វីបអ៊ឺរ៉ុប EURO 2016 ដែលនឹងមកដល់ឆាប់ៗនេះបានដែរឬទេ? នេះបើតាមការអង្កេតមើលទៅលើទម្រង់លេងរបស់បារាំងថ្មីៗនេះ គឺធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំពេញចិត្តយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីយប់មិញនេះ ក្រុមជម្រើសជាតិបារាំង ធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិស្កុតឡេន ដើម្បីត្រៀមការប្រកួត EURO ក្នុងពេលខាងមុខនេះ ពោលគឺបារាំង បានបំបាក់ស្កុតឡេន ៣-០ ។

ជាការពិតណាស់ជាមួយនឹងទម្រង់លេង និងលទ្ធផលបែបនេះ កាន់តែធ្វើឲ្យបារាំងមានទំនុកចិត្តជាងមុនទៀត សម្រាប់ការប្រកួត ដែលនឹងមកដល់នៅពេលខាងមុខ។

ទាក់ទងនឹងការប្រកួតយប់មិញ ខ្សែបម្រើបារាំង៣នាក់ បានបង្ហាញទម្រង់លេងយ៉ាងល្អ ដែលធ្វើឲ្យអ្នកគាំទ្រមិនអាចព្រិចភ្នែកបាន ពោលគឺកីឡករ N’Golo Kante, Paul Pogba និងកីឡករ Blaise Matuidi ដែលបានបង្ហាញជំនាញ កម្លាំង និងទេពកោសល្យដែលខ្លួនមានក្នុងការប្រកួត ត្រូវជើងគ្នាល្អណាស់។

ចំនែកកីឡាករ Giroud វិញ ហាក់មើលទៅ មិនសូវពេញចិត្តការរិះគន់ពីអ្នកគាំទ្រ ក៏បានឆ្លើយតបទៅវិញក្នុងទីលាន ដោយស៊ុតបញ្ចូលទី បាន២គ្រាប់ម្នាក់ឯង ដែលគ្រាប់ទីមួយនោះ គឺស៊ុតចូលដោយការវាយកែងជើងយ៉ាងអស្ចារ្យ។

ហើយគ្រាប់ទី៣ វិញ ធ្វើឡើងដោយកីឡករខ្សែការពារ Laurent Koscielny ដោយការតែតបាល់បញ្ចូលទី ដោយបញ្ចប់ការប្រកួត បារាំងយកឈ្នះស្កុតឡេន ៣-០។

មកមើលស្ថិតិក្នុងការប្រកួតវិញ ក្រុមជម្រើសជាតិបារាំងគ្រប់គ្រងបាល់ សឹងតែពេញការប្រកួតទៅហើយ ពោលគឺ ៦៣% ទល់នឹង ៣៧% ហើយចំពោះការស៊ុតវិញ បារាំងស៊ុតបានរហូតដល់ ២៣ជើង ចំណែកឯស្កុតឡេន ស៊ុតបានត្រឹមតែ ២ជើងប៉ុណ្ណោះ៕

វីដេអូខាងក្រោម៖

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]