(កណ្តាល)៖ នៅរសៀលថ្ងៃសៅរ៍ទី០៤ ខែមិថុនានេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានបញ្ជូនក្រុមកំលាំងកម្ទេចគ្រឿងផ្ទុះ (EOD) ទៅបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល តាមសេចក្តីរាយការណ៍ពីមូលដ្ឋាន។

មន្ត្រី CMAC បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៤ ខែមិថុនានេះ ក្នុងកិច្ចប្រតិបត្តិការនោះ CMAC បានរកឃើញគ្រាប់ប្រភេទ CBU-25B/A ដែលមានផ្ទុកកូនគ្រាប់ (គ្រាប់បែកចង្កោម) BLU-24/B ចំនួន១៣២គ្រាប់។

មន្ត្រីដដែលបានបន្តថា គ្រាប់បែកចង្កោមបើមិនបោសសម្អាតនឹងនាំគ្រោះ​ភ័យដល់ប្រ​ជាពលរដ្ឋ​ជាក់ជាមិនខាន៕

ប្រភព៖ Fresh News

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា កាលពីខែកុម្ភៈ មុននេះមាន រថយន្ដឡិច​ស៊ី​ដឹក​វ៉ា​លី​ យ​កទៅ​​​ប្លុងចោល ​​បង្ក​ការ​ភ្ញាក់​ផ្អើល ​ស្មាន​តែ​គ្រាប់បែក នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងនោះបានឲ្យដឹងថា ​វ៉ា​លី​​មួយ​ចាក់សោ​បិទ​ជិត ​ត្រូវ​គេ​យក​មក​​​ប្លុង​ចោល​ នៅ​ជិត​គំនរ​សំរាម ​​បង្ក​ការ​​ភ្ញាក់​​ផ្អើល​ដល់​ប្រជាពលរដ្ឋ ​និង​សមត្ថកិច្ច ​​យក​ទៅ​ពិនិត្យ​ និង​បើក​មើល​ សង្ស័យ​ថា​ខាងក្នុង​ មាន​គ្រាប់បែក ​កាល​ពី​វេលា​ ម៉ោង​៧​ និង​៤០​នាទី​យប់​ ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ នៅ​ផ្លូវ​បេតុង​ ជិត​គំនរ​សំរាម​ ក្បែរ​តារាង​បាល់​ ក្នុងភូមិ​ប្រ​ប៉ក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​​មន្ត្រី​​នគរបាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ ប្រជាពលរដ្ឋ​​​ប្រទះ​ឃើញ​ មាន​រថយន្ត​ឡិច​ស៊ី​ស​ មួយ​គ្រឿង​​ បាន​ដឹក​វ៉ា​លី​​ ពណ៌កំបោរ​​​ យក​ទៅ​ទម្លាក់​ចោល​ នៅ​ក្បែរ​គំនរ​សំរាម​ ​ដោយ​​មាន​ការ​សង្ស័យ​​​ក៏​រាយការណ៍​ ទៅ​នគរបាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចុះ​ទៅ​ពិនិត្យ​ នៅ​ចំណុច​ខាងលើ​ ហើយ​សមត្ថកិច្ច​ក៏​​បាន​ យក​វ៉ា​លី​នោះ ទាំង​ញញើតញញើម​ ព្រោះ​ខ្លាច​មាន​គ្រាប់បែក ​នៅ​ក្នុង​វ៉ា​លី​ ប៉ុន្តែ​ពេល​​ចាប់​លើក​​ស្រាល ​​និង​​ក្រឡុក​​ពុំ​​មាន​ឮ​​សំឡេង ​អ្វី​ទាំងអស់ សមត្ថកិច្ច​ក៏​​​យក​វ៉ា​លី​​នោះ ​ទៅ​រក្សា​ទុក​ នៅ​អធិការដ្ឋាន​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ពិនិត្យ​បន្ត​ទៀត ។

លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បានឱ្យ​​សមត្ថកិច្ច​ជំនាញ​​ គាស់​ឆែក​មើល​ ព្រោះ​វ៉ា​លី​​នោះ​ ជាប់លេខ​កូដ​​សម្ងាត់ ​ទម្រាំ​តែ​បើក​ចេញ​នោះ​ សមត្ថកិច្ច​ភ័យ​លោះ​ព្រលឹង​ មិន​តិចទេ​​ ។ លុះ​ពេល​បើក​វ៉ា​លី​​នោះ​បាន​ មិនឃើញ​មាន​អ្វី​បន្តិច​​សោះ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]