បរទេស ៖ តើអ្នករវល់ច្រើនជាមួយនឹងការងារមែនទេ? តើអ្នកមានពេលវេលាគ្រប់គ្រាន់ដែរទេ ក្នុងការអ៊ុត និងបត់សម្លៀកបំពាក់ ឲ្យមានភាពស្អាតបាតនោះ?

ពេលនេះអស់កង្វល់ទៀតហើយ ជាមួយនឹងការអ៊ុត និងបត់សម្លៀកបំពាក់ដែលប្រើដោយ ម៉ាស៊ីនស្វ័យប្រវត្តិមួយប្រភេទ អាចជួយលោកអ្នកបានយ៉ាងងាយស្រួលបំផុត ដោយចំណាយពេល មិនដល់មួយ ១នាទីផង។

បើយោងតាមប្រភពសារព័ត៌មានអន្តរជាតិ បានធ្វើការចេញផ្សាយ កាលពីពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា ក្រុមហ៊ុនមួយក្នុងទីក្រុង San Francisco នៃសហរដ្ឋអាមេរិក បានធ្វើការបង្ហាញនូវ ឧបករណ៍ម៉ាស៊ីនមួយប្រភេទ ដែលមានតម្លៃ ៨៥០ដុល្លារ មានមុខងារពិសេសអាចជួយសម្រួលដល់ការលំបាក បានមួយកម្រិតផងដែរ។ នោះគឺម៉ាស៊ីន អ៊ុតនិងបត់សម្លៀកបំពាក់ស្វ័យប្រវត្តិ FoldiMate ដែលវាអាចជំនួសដោយការប្រើដៃរបស់លោកអ្នកបាន។

ប្រភពបន្តថា ម៉ាស៊ីនវេទមន្តដ៏ល្អអស្ចារ្យនេះដែរ ត្រូវបានខាងក្រុមហ៊ុនដាក់ឈ្មោះឲ្យវាថា “FoldiMate” ឬមានន័យថា “មិត្តជួយបត់សម្លៀកបំពាក់” ។ ម៉ាស៊ីននេះមានកម្ពស់៣២អីុញ (ប្រហែលជា ៨១សង់ទីម៉ែត្រ ឬកម្ពស់ជិតមួយម៉ែត្រ) ជាមួយនឹងទំហំធំគួរសម ២៨អីុញ (ប្រហែលជា ៧១សង់ទីម៉ែត្រ) និងទម្ងន់ ២៩គីឡូក្រាម ងាយស្រួលផ្លាស់ទី យកវាដាក់ត្រង់ចំណុចណាមួយ ក្នុងបរិវេនផ្ទះបានផងដែរ។

វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការខ្ទាស់សំលៀកបំពាក់ទៅនឹងទីតាំង ដែលមានស្រាប់នៅនឹងម៉ាស៊ីន រួចគ្រាន់តែធ្វើការកំណត់មុខងារប្រតិបត្តិការ របស់វាតែប៉ុណ្ណោះ នោះម៉ាស៊ីននឹងធ្វើការងារស្វ័យប្រវត្តិ បានដោយខ្លួនឯង។

លើសពីនេះទៅទៀត ម៉ាស៊ីនដ៏អស្ចារ្យមួយនេះ អាចកំណត់ទំហំសាច់ក្រណាត់ ថាតើជាប្រភេទអាវដៃខ្លី ឬអាវដៃវែង ដែលវាអាចធ្វើការលៃ តម្រូវឲ្យសមទៅនឹងលក្ខណៈ នៃសម្លៀកបំពាក់ ដោយធានាចេញមកវិញ ស្អាតភ្លឹងតែម្តង។ មិនតែប៉ុណ្ណោះផ្នត់ជ្រីវជ្រួញ នៃសម្លៀកបំពាក់ អាចដោះស្រាយបាន យ៉ាងល្អផងដែរ។ ម៉ាស៊ីន FoldiMate នេះដែរ អាចបត់សម្លៀកបំពាក់បានជាច្រើន ដែលចំណាយពេលប្រហែលជា១០វិនាទីតែប៉ុណ្ណោះ ហើយ ២០ ទៅ ៣០វិនាទីទៀត ដើម្បីបាញ់ចំហាយទឹក អ៊ុតស្នាមជ្រីវជ្រួញលើសម្លៀកបំពាក់ផងដែរ។

ប្រភពបន្ថែមទៀតថា FoldiMate អាចអ៊ុត និងបត់សម្លៀកបំពាក់បានពី ១៥ ទៅ ២០ កំភ្លេរ  ក្នុងពេលមួយលើក។

គូសបញ្ជាក់ដែរថា ម៉ាស៊ីនអ៊ុត និងបត់ស្វ័យប្រវត្តិ FoldiMate បានធ្វើការដាក់លក់លើទីផ្សារតាំងពីឆ្នាំ ២០១៤ មកម៉្លេះ។ បច្ចុប្បន្នក្រុមហ៊ុនរំពឹងថា នឹងមានការកម្ម៉ង់ទិញច្រើន និងថែមទាំងបញ្ចេញការលក់របស់ខ្លួន ឲ្យបានច្រើនបំផុត ក្នុងឆ្នាំ២០១៧ ខាងមុខនេះ ជាមួយនឹងតម្លៃពី ៧០០ ទៅ៨៥០ដុល្លារអាមេរិក៕

ទស្សនាវីដេអូ៖ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]