សហរដ្ឋអាមេរិក៖ ស្តេចប្រដាល់ជើងចាស់ របស់សហរដ្ឋអាមេរិក និងធ្លាប់ជាបុរសម្នាក់ ដែលមានឈ្មោះល្បីល្បាញបំផុត នៅលើពិភពលោកនេះ គឺលោក Muhammad Ali បានស្លាប់បាត់បង់ជីវិតហើយ នៅក្នុងវ័យ៧៤ឆ្នាំ កាលពីថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។

លោក Muhammad Ali បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក បន្ទាប់ពីចំណាយពេល ប៉ុន្មានថ្ងៃចុងក្រោយ សម្រាកព្យាបាល ជំងឺផ្លូវដង្ហើម (ពិបាកដកដង្ហើម) នៅទីនោះ។ ចំនែកឯពិធីបុណ្យសពរបស់លោក គឺគ្រោងនឹងធ្វើ នៅក្នុងទឹកដីកំណើត ស្ថិតនៅក្នុងទីក្រុង Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក។

រូបភាព៖ ស្តេច​ប្រដាល់​ជើង​ចាស់​អាមេរិក Muhammad Ali ផ្តួលគូប្រកួត

គួរបញ្ជាក់ផងដែរថា ស្តេចប្រដាល់ជើងចាស់ Muhammad Ali បានកើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៤២ ក្នុងទីក្រុង Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក និងមានឈ្មោះដើមគឺ Cassius Marcellus Clay Jr. ហើយលោកជាកូនប្រុស ជាងគូរស្លាកសញ្ញាម្នាក់។

ម្ចាស់ជើងឯកខ្សែក្រវ៉ាត់ពិភពលោកទម្ងន់ធ្ងន់ «World Heavyweight Championship» ចំនួន៣ដង រូបនេះ ធ្លាប់បាននិយាយថា គាត់អស្ចារ្យបំផុត ដែលពាក្យសម្តីនិយាយមិនលាក់លៀមនេះ បានធ្វើឲ្យមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក ស្រលាញ់ចូលចិត្ត និងកោតសរសើរ ចំពោះទេពកោសល្យប្រដាល់ ដ៏អស្ចារ្យរបស់គាត់ យ៉ាងខ្លាំង។

រូបភាព៖ ស្តេច​ប្រដាល់​ជើង​ចាស់​អាមេរិក Muhammad Ali ផ្តួលគូប្រកួត

គួររំលឹកផងដែរថា នៅក្នុងវ័យ១២ឆ្នាំ កង់របស់លោក Ali មួយគ្រឿង ត្រូវបានចោរលួច ហើយលោកក៏បានទៅប្តឹង និងប្រាប់ប៉ូលិសថា លោកនឹងវាយចោរនោះ ជាមិនខាន។

នៅក្នុងនោះ លោកប៉ូលិស Joe Elsby Martin បានបង្វឹក និងបង្រៀន លោក Ali នៅកន្លែងហាត់ប្រាណ (Gym) និងណែនាំលោក Ali ឲ្យរៀនវាយប្រដាល់ មុនពេលទៅតទល់ ជាមួយនឹងចោរលួចកង់។ បន្ទាប់ពីរៀនវាយប្រដាល់ មិនយូរប៉ុន្មាន លោក Ali ក៏បានឡើងលើសង្វៀនប្រដាល់ ជាលើកដំបូង ក្នុងឆ្នាំ១៩៥៤ នៅក្នុងការប្រកួត ដែលមានចំនួន ៣ទឹក និងក្នុងមួយទឹក រយៈពេល ៣នាទី។

រូបភាព៖ លោក Joe Elsby Martin (ឆ្វេង) គ្រូបង្វឹកដំបូងបង្អស់ របស់ស្តេច​ប្រដាល់ Muhammad Ali (ស្តាំ)

រយៈពេល៥ឆ្នាំ កន្លងផុតទៅអាជីពជាអ្នកប្រដាល់ របស់លោក Ali កាន់តែរីកចម្រើនទៅ ហើយគាត់បានឈ្នះ ពានរង្វាន់មួយចំនួន រួមទាំងពានរង្វាន់ ក្នុងការប្រកួតជើងឯក «Golden Gloves Tournament of Champions» ក្នុងឆ្នាំ១៩៥៩ ទៀតផង។

ក្រោយមកទៀត នៅក្នុងឆ្នាំ១៩៦០ លោក Ali ត្រូវបានជ្រើសរើស នៅក្នុងក្រុមសហរដ្ឋអាមេរិក ដើម្បីទៅប្រកួតកីឡាអូឡាំពិច «Rome Olympics» នៅឯទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

កាលដំបូងឡើយ លោក Ali បានបដិសេធមិនទៅឡើយ ដោយសារតែលោក ខ្លាចការជិះយន្តហោះ។ បើយោងតាមកូនប្រុស របស់លោក Joe Elsby Martin បានឲ្យដឹងថា នៅទីបំផុត លោក Ali បានទិញឆ័ត្រយោងមួយទឹក និងពាក់វានៅលើយន្តហោះ ក្នុងពេលធ្វើដំណើរទៅ ប្រទេសអ៊ីតាលី។

យ៉ាងណាមិញ ការជំនះភាពភ័យខ្លាច សុខចិត្តពាក់ឆ័ត្រយោង ជិះយន្តហោះ ដើម្បីទៅប្រកួតនេះ គឺមិនអត់ប្រយោជន៍ឡើយ ដោយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦០ ស្តេចប្រដាល់រូបនេះ បានយកឈ្នះ ទៅលើកីឡាករប្រដាល់ប៉ូឡូញ ឈ្មោះថា Zbigniew Pietrzykowski ហើយបានក្លាយខ្លួនជា ម្ចាស់ជើងឯក «Olympic Light-Heavyweight Champion» ទៀតផង៕

រូបភាព៖ កីឡាករ Zbigniew Pietrzykowski (ឆ្វេង) ចាញ់ក្រោមស្នាដៃ កីឡាករ Muhammad Ali (ស្តាំ)

សូមទស្សនាវីដេអូ នៃការផ្តួលគូប្រកួត ទាំង១០ របស់ស្តេចប្រដាល់ Muhammad Ali

ប្រភព៖ BBC & NBCnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]