ពេលព្រឹក គឺជាពេលវេលាមួយ ដ៏សំខាន់ដើម្បីឆ្លុះបញ្ចាំង និងធ្វើឲ្យចិត្តគំនិត និងរាងកាយរបស់យើងត្រៀមរួចរាល់ សម្រាប់ចាប់ផ្តើមសកម្មភាពពេញមួយថ្ងៃ។ នេះរួមបញ្ចូលទាំងការទទួលទានអាហារពេលព្រឹក ដែលបំពេញនូវថាមពល ដែលអ្នកត្រូវការ ដើម្បីប្រឈមមុខទៅនឹងពិភពលោកមួយនេះ។

តើអ្នកដឹងទេថា មនុស្សដែលមានភាពជោគជ័យក្នុងជីវិត ចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេយ៉ាងដូចម្តេច? ខាងក្រោមនេះ ជាប្រភេទអាហារពេលព្រឹក ដែលអ្នកទាំងនោះ ទទួលទានជារៀងរាល់ថ្ងៃ៖

=> Richard Branson

លោក Richard Charles Nicholas Branson ជាមហាសេដ្ឋីផ្នែកអាជីវកម្មរបស់អង់គ្លេស, ជាវិនិយោគិន, និងជាសប្បុរសជនម្នាក់។ គាត់ត្រូវបានគេស្គាល់ថាជា ស្ថាបនិក នៃក្រុមហ៊ុន Virgin Group ដែលរួមមានក្រុមហ៊ុនជាង ៤០០ នៅក្នុងនោះផងដែរ។ ជារៀងរាល់ព្រឹក Branson បរិភោគ សាលាដផ្លែឈើ និង Muesli (គ្រាប់ធញ្ញជាតិជាមួយផ្លែឈើស្រស់និងស្ងួត លាយនឹងទឺកដោះគោ,  ទឹកដោះគោជូរ,  ទឹកសណ្តែក,  ឬទឹកផ្លែឈើ)។ នៅពេលមានកម្មវិធី Branson បរិភោគត្រីងៀតសម្បូរខ្លាញ់ ដែលមនុស្សទូទៅមិនសូវជាចូលចិត្តយូរណាស់មកហើយ។

=> Al Roker

Albert Lincoln "Al" Roker Jr. គឺជាតារាកម្មវិធីទូរទស្សន៍របស់អាមេរិក, ជាអ្នកព្យាករណ៍អាកាសធាតុ, តារាសម្តែង និងជាអ្នកនិពន្ធសៀវភៅ។ គាត់ត្រូវបានគេស្គាល់ថាជា អ្នកកាន់ខាងផ្នែកអាកាសធាតុនៅ NBC សព្វថ្ងៃនេះ។ ជាធម្មតា លោកបរិភោគអាហារពេលព្រឹកនៅចន្លោះពី ៧:៤០ ទៅ ៨:១៥ ព្រឹក។  គាត់ផឹក smoothie (ភេសជ្ជៈដែលកិនបញ្ចូលគ្នា រវាងផ្លែឈើស្រស់លាយជាមួយទឹក  ទឹកកក  និងទឹកដោះគោ) ដែលសំបូរទៅដោយជាតិប្រូតេអ៊ីន។  អ្វីដែលពិសេសគឺ smoothie របស់លោកមាន ម្សៅប្រូតេអ៊ីន   ម្សៅដែលមានផ្ទុកជាតិសរសៃ  ទឹកដោះគោគ្រាប់អាល់ម៉ុង ៨ ounces (២៣៦.៥៨៨ មល)   ប៊ឺរី (berries)  ខ្ញី  និងមានទឹកដមផ្កាតិចតួច។ ពេលខ្លះ Roker ដាក់ប៊ឺអាល់ម៉ុងបន្ថែមទៀតផង។

=> John Mackey

លោក John Mackey ជាអ្នកជំនួញជនជាតិអាមេរិក។ លោកជានាយកប្រតិបត្តិបច្ចុប្បន្ននៃ Whole Foods Market ដែលលោកបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨០។ គាត់ជាមនុស្សម្នាក់ ដែលគេស្គាល់ថា  ជាអ្នកដែលទទួលទានអាហារល្អៗសម្រាប់សុខភាព។  Mackey ធ្វើ smoothie ញ៉ាំជារៀងរាល់ព្រឹក។  គាត់បានប្រាប់កាសែត New York Times ថាក្នុង smoothie របស់គាត់រួមមានទាំង គ្រាប់អាល់ម៉ុង,  ស្រូវ oat,  អង្ករ  ទឹកសណ្តែក   ឬទឹកដោះគោ  ផ្លែឈើស្រស់  និងស្លឹក kale ឬ spinach។ 

=> Margaret Thatcher

Margaret Thatcher គឺជាអ្នកនយោបាយស្រី ជនជាតិអង់គ្លេស និងជាអតីតនាយករដ្ឋមន្ដ្រី នៃចក្រភពអង់គ្លេសពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០ និងជាអតីតមេដឹកនាំគណបក្សអភិរក្សនិយមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៩០​ ផងដែរ។ នាយករដ្ឋមន្រ្តីស្រីលើកដំបូងប្រទេសអង់គ្លេសនេះ បាននិយាយថា លោកស្រីបានព្យាយាម "បរិភោគតិចតួចបំផុត"។ លោកស្រីពេញចិត្តនឹងញ៉ាំកាហ្វេ  និងផ្លែទំពាំងបាយជូរពាក់កណ្តាលប៉ុណ្ណោះ។  ​លោកស្រីបានថ្លែងថា “ខ្ញុំមិនចាំបាច់ត្រូវការអាហារពេលព្រឹកច្រើនសម្រាប់ ផ្តល់ថាមពលមកអោយខ្ញុំទេ”។ 

=> Justin Timberlake

Justin Randall Timberlake គឺជាអ្នកចម្រៀងជនជាតិអាមេរិក  ជាអ្នកនិពន្ធចម្រៀង  តារាសម្តែង  និងជាផលិតករថតផងដែរ។  អាហារពេលព្រឹករបស់លោករួមមាន នំពុម្ព ជាមួយ flax (រុក្ខជាតិដែលគ្រាប់ និងផ្កាពណ៌ខៀវរបស់វាផ្ទុកនូវជាតិសរសៃ), ប៊ឺអាល់ម៉ុង និងពងទាក្រឡុក។  បន្ទាប់មកគាត់ធ្វើការហាត់ប្រាណ។ ហើយបន្ទាប់ពីនោះ  គាត់នឹងបរិភោគស៊ុតមួយទៀត  ឬទឹកក្រឡុកផ្ទុកនូវជាតិប្រូតេអ៊ីនបន្ថែមទៀត។

=> Scott Adams

Scott Raymond Adams ជាអ្នកគូររូបថ្លុកជនជាតិអាមេរិក ជាអ្នកបង្កើតរឿងកំប្លែង “Dilbert”  និងជាអ្នកនិពន្ធផងដែរ។  លោកភ្ញាក់ពីគេងនៅម៉ោង ៥ ព្រឹក និងទទួលទានកាហ្វេ និងនំបែបប្រូតេអ៊ីនជារៀងរាល់ថ្ងៃ ហើយអង្គុយនៅតុរបស់គាត់ ក្នុងការិយាល័យផ្ទះ ដើម្បីអានសៀវភៅ និងទទួលបានគំនិតថ្មីៗ។ 

=> Winston Churchill

នាយករដ្ឋមន្រ្តីជាទីស្រឡាញ់របស់អង់គ្លេស  Winston Leonard Spencer Churchill តែងតែបរិភោគអាហារពេលព្រឹក ដែលមានលក្ខណៈទ្រង់ទ្រាយធំ។ លោកបានឲ្យគេរៀបចំអាហាររបស់គាត់ ជាពីរថាស។  នៅលើថាសដំបូង Churchill មានស៊ុតចៀនជ័រព្នៅ  នំបុ័ងអាំង  ដំណាប់  ប៊ឺ  កាហ្វេ  ទឹកដោះគោ  និងសាច់មាន់  ឬសាច់ដទៃទៀត។ នៅលើថាសទីពីររបស់លោកមានដូចជា ក្រូចថ្លុង  ចានស្ករ​  កែវទឹកក្រូច  និងស្រាវីស្គីសូដា។ បន្ទាប់ពីបរិភោគ គាត់នឹងលាងសំអាតដៃរបស់គាត់  រួចជក់ស៊ីហ្គានៅវេលាព្រឹកនោះតែម្តង។ 

=> Fran Tarkenton

Francis Asbury Tarkenton ជាអតីតអ្នកលេងកីឡាបាល់អោប ជនជាតិអាមេរិក  ជាស្ថាបនិកនៃ GoSmallBiz.com និងក្រុមហ៊ុន Tarkenton ផងដែរ។ គាត់បាននិយាយអំពីអាហារពេលព្រឹករបស់គាត់ថា  “ខ្ញុំបរិភោគប៊ឺរី (berries) ជារៀងរាល់ព្រឹក មិនថា blackberry, blueberries, ឬក៏ raspberries នោះទេ”។  លោកបន្តថា “ពេលខ្លះខ្ញុំញ៉ាំស្រូវ oat  តែគ្មានអ្វីក្រៅពីនេះទៀតទេ”។ Tarkenton និយាយថា អាហារូបត្ថម្ភពេលព្រឹករបស់គាត់មានផ្ទុកជាតិទឹកគ្រប់គ្រាន់  ជួយគាត់ក្នុងការគ្រប់គ្រង ការគិត កម្លាំង និងទម្ងន់របស់គាត់។ ​ ថ្វីបើលោកមានអាយុ ៧ ឆ្នាំមែន តែលោកមានទំងន់ដូចនៅពេលដែលលោក នៅលេងបាល់អោបដែរ  គឺ ១៩៣ ផោនដដែល (៨៧.៥៤ គីឡូក្រាម)។ 

=> Kat Cole

Katrina "Kat" Cole គឺជាអ្នកជំនួញស្រី ជនជាតិអាមេរិក។  បច្ចុប្បន្ននេះនាង គឺជាប្រធានក្រុម Focus Brands និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ Cinnabon។ នាងចាប់ផ្តើមដោយការញ៉ាំទឹក ២៤ ounces (ជាង៧០០ មល) ជារៀងរាល់ព្រឹក។ មុនពេលធ្វើដំណើរទៅការិយាល័យ នៅម៉ោង ៧:៣០ ទៅ ៨ ព្រឹកនោះ។ នាងបានញ៉ាំ រមៀតបន្តិច, ស្មៅស្រូវសាលី, ប្រទាល, និងចំនីដែលមានប្រូតេអ៊ីនខ្ពស់។ 

ប្រភព៖ BusinessInsider | thejournal.ie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]