(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសលក់សំបុត្រ សម្រាប់ទស្សនាជំនួបជើងទី២ រវាង​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា និង​ចិន​តៃ​ប៉ិ នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2019 ជាផ្លូវការថ្ងៃនេះហើយ ដោយ​មាន​តម្លៃ​២​ប្រភេទ គឺ​តម្លៃ ១០,០០០រៀល និង ៥,០០០រៀល​ប៉ុណ្ណោះ គ្រា​ដែល​ការ​ប្រកួត​នឹង​ធ្វើ​លើ​ទីលាន​ពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ សប្តាហ៍ក្រោយ ។

គួរបញ្ជាក់ផងដែរថា ទន្ទឹមជាមួយការប្រកាសលក់សំបុត្រទស្សនាជើងទី២នេះ ក្រុមជម្រើសជាតិកម្ពុជា ទើបត្រឡប់មកកម្ពុជា​កាល​ពី​យប់​មិញ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជើង​ទី​១ ជាមួយម្ចាស់ផ្ទះចិនតៃប៉ិ ដោយ​លទ្ធផល​ស្មើ​គ្នា ២-២ កាលពីថ្ងៃទី០២ ខែមិថុនាកន្លងទៅ ។ ចំណែក​ក្រុម​ឆាយ​នីស​តៃ​ប៉ិវិញ នឹង​មក​ដល់​កម្ពុជា​ថ្ងៃ​នេះ ដើម្បីត្រៀមខ្លួនជួបក្រុមម្ចាស់ផ្ទះកម្ពុជា នៅដើមសប្ដាហ៍ក្រោយ ៕

ប្រភព៖ khmertalking

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា ក្រោយបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ដោយលទ្ធផលស្មើគ្នា ២-២ ក្នុងជំនួបជម្រុះពានរង្វាន់ AFC Asain Cup 2019 ជើងទី១ យប់ថ្ងៃទី២ មិថុនា មានរូបថតមួយសន្លឹក ត្រូវបានអ្នកគាំទ្របាល់ទាត់កម្ពុជា បង្ហោះចែកចាយតៗគ្នានៅលើ Facebook ហើយថែមទាំងធ្វើការរិះគន់យ៉ាងចាស់ដៃទៀតផង ។ នៅរូបថតខាងលើនេះ គឺបានបង្ហាញពីឥរិយាបថរបស់កីឡាករម្នាក់ឈ្មោះ Chen Po Liang នៃក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ដែលបានបង្ហាញអាកប្បកិរិយាអសីលធម៌លើកីឡាករ ឈិន ឈឿន ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជា ដោយយកម្រាមដៃចង្អុលមុខ ឈិន ឈឿន ស្របពេលកីឡាករកម្ពុជារូបនេះ មានបញ្ហាដួលនៅលើទីលាន ។

ក្រោយមើលឃើញរូបនេះ អ្នកគាំទ្របាល់ទាត់កម្ពុជាជាច្រើន បាននាំគ្នារិះគន់លើកីឡាករ Chen Po Liang ដែលមានអត្ដចរិកមិនសាកសម្យជាកីឡាករឡើយ ។ អ្នកគាំទ្រមួយចំនួនទៀត បានលើកឡើងទៀតថា ការប្រកួតប្រៀបដូចធ្វើសង្ក្រាមអញ្ចឹង ព្រោះកីឡាករក្រុមឆាយនីសតៃប៉ិលេចកាចៗ គ្មានការអធ្យាស្រ័យ ពិសេសគឺកីលាករ Chen Po Liang តែម្ដង ។

ប៉ុន្ដែយ៉ាងណាក្រោយទទួលបានការយកចិត្តទុកដាក់ពីអ្នកគាំទ្របែបនេះ កីឡាករ ឈិន ឈឿន ក៏បានបង្ហោះសារមួយ នៅលើ Facebook ផ្ទាល់ខ្លួន ដោយសម្ដែងការអរគុណដល់អ្នកគាំទ្រ តែហាក់មិនខ្វល់ពីទង្វើររបស់កីឡាករ Chen Po Liang ធ្វើលើខ្លួនឡើយ ។

ឈិន ឈឿន បានសរសេរថា «ខ្ញុំអរគុណដល់អ្នកគាំទ្រទាំងអស់គ្នា ដែលបារម្ភពីរខ្ញុំ ហើយថ្ងៃនេះពួកយើងពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់ ដែលមិនបានលទ្ធផលល្អជូនអ្នកគាំទ្រទាំងអស់គ្នា សោកស្ដាយខ្លាំងណាស់ អោយឱកាសមានច្រើន ហើយរបួសខ្ញុំឥលូវធូជាងមុនហើយអ្នកទាំងអស់គ្នា»៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]