អង់គ្លេស៖ តារាជើងចាស់របស់ក្លិបបិសាចក្រហម Manchester United លោក Ryan Giggs នឹងចាកចេញពីក្លិប ដើម្បីគោលបំណងក្លាយជាគ្រូបង្វឹកមួយរូប។

តាមពិតទៅ កាលពីសប្តាហ៍មុន លោក Jose Mourinho ដែលជាគ្រូបង្វឹកថ្មីរបស់ Man Utd ក៏បានឲ្យតំណែងថ្មីទៅ Giggs ដែរ ធ្វើជាបុគ្គលិកផ្នែកបង្វឹកកីឡាករ ទោះបីជាមិនមែនជំនួយការគ្រូបង្វឹកក៏ដោយ។ នេះក៏ដោយសារតែ Mourinho មានជំនួយការផ្ទាល់ខ្លួនរួចរាល់ហើយ ទើបលោកមិនឲ្យ Giggs ក្លាយជាជំនួយការរបស់គាត់។

បើតាមប្រភពរបស់សារព័ត៌មាន Sky Sport បានបង្ហាញថា Giggs នឹងបញ្ចប់ការងារ២៩ឆ្នាំរបស់ខ្លួននៅ Man Utd ដោយសារតែគាត់ មិនព្រមទទួលយកសំណើរនៃការកាត់ទម្លាក់តួនាទីរបស់គាត់ ខណៈដែលរូបគាត់ផ្ទាល់ ចង់បានឱកាសមួយដែលមានតួនាទីជាអ្នកគ្រប់គ្រងតែម្តង។

ប្រភពដដែលបានលើកឡើងថា Giggs មានការខកចិត្ត នៅពេលដែលគ្រូបង្វឹកថ្មីលោក Jose Mourinho មើលរំលងគាត់ ដូច្នេះទើបធ្វើឲ្យគាត់ មានគំនិតចាកចេញពីក្លិបមួយនេះ  គ្រាន់បើជាងនៅទីនេះមានតួនាទីតូចតាច។

ខណៈនេះដែរ អតីតខ្សែបំរើស្លាបរូបនេះ កំពុងតែសម្រាកលំហែកាយនៅទីក្រុង Dubai នៅឡើយទេ ហើយនឹងត្រលប់មកវិញ នៅចុងសប្តាហ៏នេះ។ ដូច្នេះមានតែរង់ចាំគាត់ត្រលប់មកវិញទេ ដើម្បីទទួលព័ត៌មានដែលទាក់ទងនឹង Giggs អំពីការសម្រេចចិត្តពីអនាគតរបស់គាត់ ជាមួយក្លិបបិសាចក្រហម៕

ប្រភព៖ Sky Sports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]