ចិន៖ ជាទូទៅ អ្នកបើកបរមួយចំនួន តែងមានការធុញទ្រាន់ខ្លាំង ចំពោះការរកកន្លែងចតរថយន្ត រហូតដល់ពេលខ្លះ បង្ខំចិត្តនៅលើដងផ្លូវ ដែលអាចបង្កឲ្យមាន ការកកស្ទះចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងៗជាដើម។ ទោះបីជាយ៉ាងណា ចំណតរថយន្តស្វ័យប្រវត្តិថ្មី ដ៏ទំនើបនេះ អាចនឹងជួយដោះស្រាយ ចំពោះបញ្ហានេះបាន។

ចំណតរថយន្តស្វ័យប្រវត្តិថ្មី ដ៏ទំនើប និងអស្ចារ្យនេះ បានបង្កើតឡើង ដោយក្រុមហ៊ុន Yee Fung Technology ដែលមានមូលដ្ឋានក្នុងទីក្រុង Shenzhen ប្រទេសចិន និងគ្រោងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងខែតុលា ឆ្នាំ២០១៦ ខាងមុខនេះតែម្តង។

បើយោងតាមវីដេអូឃ្លីប ដែលបានផ្សព្វផ្សាយពី ចំណតរថយន្តស្វ័យប្រវត្តិនោះ បានបង្ហាញឲ្យឃើញថា អ្នកបើកបរគ្រាន់តែបើករថយន្តរបស់ខ្លួន ចូលទៅក្នុង ច្រកចតរថយន្ត ដែលស្ថិតនៅខាងក្រៅ រួចពន្លត់ម៉ាស៊ីន និងចាកចេញពីរថយន្តតែប៉ុណ្ណោះ។ បន្ទាប់មកប្រើប្រាស់កាត (Access Card) និងចុចប៊ូតុងបញ្ជាប៉ុន្មានដង ដើម្បីប្រាកដថា រថយន្តបានជាប់សោត្រឹមត្រូវ ជាការស្រេច។ ក្រោយមក ម៉ាស៊ីនស្វ័យប្រវត្តិមួយ ដែលរត់នៅលើផ្ទៃដី នៃចំណតរថយន្ត នឹងមកដឹកយករថយន្ត ទៅកាន់ចំណតរថយន្ត ដែលទំនេរណាមួយ។

យ៉ាងណាមិញ នៅពេលដែលម្ចាស់រថយន្ត ត្រូវការយករថយន្តវិញ គឺគ្រាន់តែ ប្រើប្រាស់កាត (Access Card) និងរង់ចាំត្រឹមតែ ២នាទីតែប៉ុណ្ណោះ ដើម្បីឲ្យប្រព័ន្ធកុំព្យូទ័រធ្វើការ និងបញ្ជាទៅកាន់ ម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីដឹកយករថយន្ត ត្រលប់ទៅឲ្យម្ចាស់រថយន្តវិញ៕

ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត

ដោយឡែក នៅឯប្រទេសកម្ពុជាយើង អាជ្ញាធររាជធានីភ្នំពេញ បានប្រកាស ត្រៀមសាងសង់ ចំណតរថយន្តសាធារណៈ ក្រោមដីជម្រៅ ៣ជាន់ស្ថិតនៅមុខ រ៉ារថភ្លើង ក្នុងរាជធានីភ្នំពេញ ដែលនឹងត្រូវសាងសង់ ក្នុងពេល ដ៏ខ្លីខាងមុខនេះ ដើម្បីដោះស្រាយបញ្ហា ខ្វះចំណតយានយន្ត និងបង្កឱ្យមានការស្ទះចរាចរណ៍។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា ក្នុងឱកាសចុះត្រួតពិនិត្យ គម្រោងកែលម្អ ព្រះសក្យមុនីចេតិយ មុខស្ថានីយ៍រាជាយស្ម័យយាន កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានលើកឡើងថា បញ្ហាស្ទះចរាចរណ៍ ក្នុងទីក្រុងនេះ កំពុងប្រឈមជា រៀងរាល់ថ្ងៃ ដូច្នេះការរៀបចំឱ្យមាន ចំណតរថយន្តសាធារណៈត្រឹមត្រូវ គឺជាមធ្យោបាយ ដ៏ប្រសើរក្នុងការរួមចំណែក កាត់បន្ថយការកក់ស្ទះនេះ។

លោកបានបន្តថា គម្រោងនេះ គឺជាគម្រោងទីមួយ របស់រាជធានីភ្នំពេញ ដោយនឹងត្រូវសាងសង់ ឡើងនា ពេលដ៏ខ្លីខាងមុខនេះ ហើយជាការវិនិយោគរួមគ្នា ជាមួយនឹងក្រុមហ៊ុន ធនាគារកាណាឌីយា និងក្រុមហ៊ុនធនាគារវឌ្ឍនៈ។

លោកអភិបាលរាជធានី បានបន្ថែមថា ការធ្វើចំណតរថយន្តសាធារណៈ គឺជាមធ្យោបាយដោះស្រាយ ចំពោះមុខជាបន្ទាន់ ខណៈពេលដែលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ គ្មានចំណត់នាំឱ្យមានការ ចតយានយន្ តគ្មានសណ្តាប់ធ្នាប់ រំលោភលើដងផ្លូវ និងចំណីផ្លូវដែលនាំឱ្យរំខាន ដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គម្រោងសាងសងចំណត រថយន្តសាធារណៈក្រោមដី ដែលមានរួមទាំងផ្សារ ផងដែរនោះមានជម្រៅកម្ពស់ ៣ជាន់ ស្ថាបនានៅក្រោមសួនច្បារ សាធារណៈមុខ ព្រះសក្យមុនីចេតិយ ហើយនៅចន្លោះអគារខ្ពស់កាណាឌីយ៉ា និងអគារវឌ្ឍនៈ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]