នៅពេលដែលអ្នកត្រូវគិតរកវិធីបែបណា ដើម្បីក្រោកឡើងមិនធីងធោងនោះ, អ្នកប្រាកដជានៅក្នុងចំនោមមនុស្សភាគច្រើន ដែលស្វែងរកហាងកាហ្វេជិតៗផ្ទះ ដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងកាហ្វេ១កែវជាមិនខាន។

ប៉ុន្តែប្រសិនបើអ្នកផឹកកាហ្វេរៀងរាល់ថ្ងៃ ឬច្រើនដងក្នុងមួយថ្ងៃ  អ្នកអាចនឹងមាន បញ្ហាខ្វះជាតិទឹករ៉ាំរ៉ៃ  ដែលវានឹងផ្សារភ្ជាប់ទៅជំងឺផ្សេងទៀតដូចជា ត្រអក (ជំងឺស្បែកស្ងួតហើយប្រេះចេញឈាម)  ឈឺសន្លាក់ឆ្អឹង​   ឆាប់ចាស់​  មានបញ្ហារំលាយអាហារ   សម្ពាធឈាមខ្ពស់ និងអាចកើតជម្ងឺមហារីកទៀតផង។  ទោះយ៉ាងណា ក៏មានវិធីផ្សេងទៀត ដែលអាចអោយអ្នកភ្ញាក់​មក ជាមួយអារម្មណ៍ល្អប្រសើរជាងមុនផងដែរ។ ដូចគ្នានេះ វាផ្តល់សុខភាពល្អជាងកាហ្វេទៅទៀត។

ក្នុងអត្ថបទនេះ យើងនឹងបង្ហាញអ្នកពីវិធីមួយចំនួន ដែលអាចជួយអ្នកឲ្យស្វាងពីងងុយគេង ជាជាងទទួលទានកាហ្វេ៖

១. ផ្លែប៉ោម

អត្ថប្រយោជន៍ នៃផ្លែប៉ោម គឺអស្ចារ្យណាស់  វាផ្ទុកនូវជាតិស្ករ fructose ដែលជាស្ករពីធម្មជាតិ ជួយឲ្យបាត់ងងុយ និងជួយបន្តថាមពលទៅមុខទៀត បានយ៉ាងស្រួល។ ផ្លែប៉ោម មានផ្ទុកជាតិកាបូអ៊ីដ្រាត ដែលរាងកាយត្រូវការជាចាំបាច់ ដើម្បីទទួលបានការផ្លាស់ប្តូរ និងការរក្សាលំនឹង។ ផ្លែប៉ោមក៏ជាប្រភព នៃជាតិសរសៃផងដែរ។ មនុស្សហាត់ប្រាណដោយកាយសម្បទាជាច្រើនបានបរិភោគផ្លែប៉ោម មុនពេលចាប់ផ្ដើមសកម្មភាពរបស់ពួកគេ។ ផ្លែឈើដ៏សាមញ្ញនេះ គឺអស្ចារ្យណាស់សម្រាប់ថាមពល ក៏ដូចជាប្រព័ន្ធភាពស៊ាំនៃរាង្គកាយផងដែរ។

២. ចេក

ចេកមាន ជាតិស្ករ fructose ដែរ  ជួយជម្រុញថាមពលតាមបែបធម្មជាតិ។ ប្រសិនបើអ្នកត្រូវក្រោកឡើងពីព្រលឹម  ឬត្រូវការថាមពលបន្ថែម  អ្នកអាចញ៉ាំចេក១ផ្លែ ពិតជា មិនខកបំណងទេ។  ចេកមានបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្ម  មានវីតាមីន  និងសារធាតុរ៉ែយ៉ាងច្រើនមុខដែលអ្នកត្រូវការ។  ជាងនេះទៅទៀត ប្រសិនបើអ្នកឈឺក្បាល  ឬញ័រដោយសារឥទ្ធិពលកាហ្វេ  ចេកអាចជួយអ្នកអោយធូរស្បើយបានដែរ។

៣. សូកូឡា

ត្រឹមតែសូកូឡាមួយដុំ  គ្រប់គ្រាន់សម្រាប់ឲ្យអ្នកមិនងងុយគេងបានដែរ។ សូកូឡាធ្វើឲ្យអ្នកមានអារម្មណ៍ថា ផ្លាស់ប្តូរភ្លាមៗ  និងជម្រុញថាមពលបានកាន់តែខ្លាំង។ វាប្រហែលជានឹងមិនមានប្រសិទ្ធភាពយូរទេ  តែអ្នកអាចឆ្លៀតទៅញ៉ាំអាហារ ឬភេសជ្ជៈណាមួយ ដែលមានជាតិសូកូឡានៅក្នុងនោះ  ដែលនេះជាឱកាសអាចឲ្យអ្នកមិនងងុយគេងបានយ៉ាងស្រួល។  សូកូឡាក្តៅ ​ ជាជម្រើសដ៏ល្អជាជាងកាហ្វ , ដែលអ្នកអាចជ្រើសរើស សូកួឡាស  ឬសូកូឡាខ្មៅ ទៅតាមចំនូលចិត្តរបស់ខ្លួន។

៤. លំហាត់ប្រាណ

អ្នកមិនចាំបាច់ធ្វើវាច្រើនទេ   អ្នកអាចគ្រាន់តែរត់នៅជុំវិញអ្វីមួយ ក៏បាននៅពេលព្រឹក ដែលវាមិនត្រឹមតែធ្វើឲ្យអ្នក មានរាងស្អាត និងសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយដាស់រាងកាយផងដែរ។  ការដែលយើងពត់ពែនខ្លួន អាចជួយបានច្រើនបំផុត។ នៅពេលដែលយើងក្រោកឡើង រួចចាប់ផ្តើមធ្វើចលនា ឈាមរបស់យើងនឹងរត់ពាសពេញរាងកាយ  ដែលនឹងវិវត្តន៍ទៅជាទម្លាប់ក្រោកពីព្រលឹមបានទៀតផង។  បន្ទាប់ពីការរត់  ឬការធ្វើលំហាត់ប្រាណ អ្នកធ្វើឲ្យរាងកាយខ្លួនឯងផ្លាស់ប្តូរចលនា  ដូច្នេះអ្នកមិនចាំបាច់ត្រូវការកាហ្វេទៀតទេ  ព្រោះអ្នកដូចជាបានភ្ញាក់រួចទៅហើយ។ ទោះជាយ៉ាងណា  អ្នកគួរតែងូតទឹកបន្ទាប់ពីនោះ។

៥. ទឹក

វិធីដ៏មានប្រសិទ្ធិភាពបំផុតនោះ គឺការងូតទឹកត្រជាក់នៅពេលព្រឹក។ ការធ្វើបែបនេះធានាថា អ្នកនឹងមិនងាយងងុយគេងទេ។  ប្រសិនបើគិតតាមបែបវិទ្យាសាស្ត្រ  អ្នកអាចអត់អាហាររយៈពេល ៣សប្តាហ៍  ប៉ុន្តែមិនអាចលើសពី៣ ថ្ងៃ ដោយគ្មានទឹកបានទេ។  ដូច្នេះ ការចាប់ផ្តើមថ្ងៃថ្មី  ជាមួយនឹងទឹកមួយកែវ  ឬទឹកមួយដប ក៏អាចជួយរាងកាយអ្នកបានដែរ។  អ្នកបានគេងលក់ជាមធ្យមអស់ ៨ម៉ោងទៅហើយ  ដូច្នេះពេលដែលអ្នកក្រោកឡើង  រាងកាយរបស់អ្នកត្រូវការជាតិទឹក។  ទឹកអាចជួយដាស់ កោសិកា  សរីរាង្គ  និងឈាមក្នុងរាងកាយឲ្យភ្ញាក់ឡើង។  ការផ្តល់រាងកាយជាមួយនឹងសារធាតុចាំបាច់នេះ  ផ្តល់នូវការបង្កើនថាមពល  អាចជួយការពារជំងឺ និងរក្សាទំងន់បានយ៉ាងល្អ។

៦. ភេសជ្ជៈប៉ូវកំលាំង

នៅពេលដែលមនុស្សភាគច្រើន រិះរកវិធីដើម្បីកុំអោយងងុយគេងនៅពេលថ្ងៃ ពួកគេប្រាកដជានឹកឃើញដល់ ភេសជ្ជៈប៉ូវកម្លាំងមិនខាន។ វាមិនមែនជាជំរើសល្អប៉ុន្មានទេ ប៉ុន្តែអ្វីដែលពិសេសនោះ គឺវាបានបង្កើនថាមពល ​និងធ្វើឲ្យអ្នកបាត់ងងុយគេងបានយ៉ាងឆាប់រហ័សមួយរយៈពេលដែលចាំបាច់។

៧. តន្ត្រី

យើងធានាថាប្រសិនបើអ្នកដាក់ម៉ោងរោទិ៍ជាលក្ខណៈតន្ត្រីរ៉ក់ (Rock) អ្នកប្រាកដជាភ្ញាក់យ៉ាងលឿនជាមិនខាន។ អ្វីដែលពិសេសនោះ គឺតន្ត្រីអាចជួយអ្នកបាន គ្រប់ពេលដែលអ្នកហាក់ដូចជាងងុយគេង។  អ្នកអាចចាក់វាស្តាប់ពេលងូតទឹក  ពេលដុសធ្មេញ ឬក៏ពេលកំពុងញ៉ាំបាយផងដែរ។  សរុបមក  តន្ត្រីអាចធ្វើឲ្យអ្នកបាត់ងងុយគេង ដោយសារតែសាច់ភ្លេង  និងអត្ថន័យរបស់វា៕

ប្រភព៖ ODDEE | Natural&Thrifty

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]