ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​ប្រភេទ​ដូច​ជា ម្សៅ​ស៊ុប ម្សៅ​ស៊ុប​ខ្នរ មី​កញ្ចប់​តូច ទឹកក្រូច​ដប​ជ័រ​តូច​ធំ និង​គ្រឿង​កំប៉ុង​ជាដើម ដែល​អាជីវករ​កំពុង​ដាក់​លក់​នៅ​តាម​តូប​នានា​ក្នុងភូមិ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព ត្រូវ​បាន​សមត្ថកិច្ច​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួតពិនិត្យ និង​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​កាំកុងត្រូល ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដើម្បី​រៀបចំ​ដុត​កម្ទេច​ចោល​នៅ​ពេល​ខាង​មុខ ។

ការ​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​ខូចគុណភាព​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦ ក្រោម​ការ​ដឹកនាំ​របស់​លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក វ៉ា​ន់ ហួរ ប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម នៃ​មន្ទីរ​ពាណិជ្ជកម្ម ដែល​ប្រ​តិ​ប​តិ្ត​ការ​នៅ​ភូមិ​ក្បាល​ព្រ​លាន សង្កាត់​អូរ​តា​វ៉ៅ និង​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា បើ​អាជីវករ​លក់ដូរ​ទំនិញ​ឬ​គ្រឿង​ឧបភោគបរិភោគ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​ឱ្យទៅ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ទទួលទាន ពិតជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់ ជា​ពិសេស​កុមារ​តូច​ៗ អាច​ប្រឈម​នឹង​អាការ​រាគ​រុស ក្អួតចង្អោរ ឬ​ពុល​ធ្វើ​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ថែម​ទៀត​ផង ។ លោក​បន្ត​ទៀត​ថា ដោយ​មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​សុខភាព​របស់​ប្រជាពលរដ្ឋ ទើប​ខាង​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ជា​ញឹកញាប់ ដោយ​តូប​ខ្លះ​ដកហូត​បាន​ម្តង ខ្លះ​ទៀត​បាន​ពីរ​ទៅ​បី​ដង តែ​ខាង​អាជីវករ​នៅ​បន្ត​ដាក់​លក់​របស់​ទាំងនោះ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ដដែល ។ ដូច្នេះ​ហើយ​ទើប​ខាង​លោក​បន្ត​ចុះ​ទៅ​កន្លែង​ដដែល​ដើម្បី​ធ្វើការ​ដកហូត​របស់​ទាំងនោះ​បានជា​ច្រើន​នាំ​ឱ្យ​មានការ​ខាតបង់ គួរ​ឱ្យ​សោកស្តាយ​ជំនួស​ម្ចាស់​តូប​ផង​ដែរ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យគុណភាពទំនិញនៅតាម គេហដ្ឋានក្នុងក្រុងប៉ៃលិន ព្រមទាំងអប់រំប្រជាពលរដ្ឋឲ្យចេះពិនិត្យ រកមើលទំនិញខូចគុណភាព និងស្នើឲ្យបញ្ឈប់ការលក់ទំនិញខូចគុណភាព។ លោក សាន វិជ្ជាសារ៉ាវុធ ក៏បានអប់រំក្រុមអាជីវករឲ្យយល់ពីផលលំបាក ដែលបង្កចេញពីការប្រើប្រាស់ទំនិញ ខូចគុណភាពនេះ។

ការចុះពិនិត្យទំនិញនេះ មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន បានដកហូតទំនិញ ខូចគុណភាព​​មួយចំនួនផងដែរ។ ទំនិញដែលដកហូតនោះរួមមាន៖ ទឹកក្រូចដបចំនួន ៦៣ដប, ទឹកត្រឡាចកញ្ចប់ចំនួន ៩កញ្ចប់, ទឹកដោះគោជូចំនួន ០៣ដប, មីកំប៉ុងចំនួន ២កញ្ចប់, ទឹកខ្មេះរូបទន្សាយចំនួន ៣១ដប៕

លើសពីនោះទៅទៀត កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៦ មន្ត្រីជំនាញបានអះអាងថា សព្វថ្ងៃនេះផ្សារចំនួន២ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ចំណាត់ថ្នាក់ខាងលួចលក់ទំនិញខូចគុណភាព និងទំនិញហួសដឺឡេនោះគឺផ្សារគត្តសត និងផ្សារ អូរបីជាន់ជាប់ព្រំដែនកម្ពុជាថៃ។ក្រោយពីទទួលបានព័ត៌មាន ពីភាពមិនប្រកតីនេះ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុង ត្រូលខេត្តបន្ទាយមានជ័យ បានចាប់តាំងមន្ត្រីរបស់ខ្លួន សហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួង ឲ្យចុះពិនិត្យរុករកទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ពីផ្សារទាំង២ ខាងលើ ដើម្បីប្រមូលទំនិញហាមឃាត់ ទាំងនោះមកដុតកម្ទេច ចោលតាមច្បាប់។

លោក ហុង លៀង អនុប្រធានទី១ទទួលបន្ទុកទីផ្សារ នៃសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងប្រិតិបត្តិការនេះ ក្រុមការងារជំនាញ ដកហូតបាននូវត្រីខកំប៉ុង ១៣១កំប៉ុង នំចម្រុះ ២២៥កញ្ចប់ ទឹកផ្លែឈើនិងចាហ៊ួយ ៦៩កំប៉ុង ចាហ៊ួយដូងថាញ់ប៊ិញ នាំចូលពីវៀតណាម ២០កញ្ចប់ធំស្មើ ៤៨០កញ្ចប់តូច ទំនិញនេះដកពីដេប៉ូឈ្មោះ ឡុង សុគន្ធារី នៅផ្សារអូរបីជាន់។លោកបន្តថា ចំពោះផ្សារគត្តសតដកហូតបាន ទឹកដោះគោ ៧៨កំប៉ុង ដំណាប់ដូងថាញ់ប៊ីញ ៤៥កញ្ចប់ធំស្មើ ១០៨០ កញ្ចប់ ទឹកខ្មេះ ២៩ដប និងទំនិញចម្រុះមួយចំនួនទៀត ទំនិញទាំងនេះបានដកហូតពីដេប៉ូ ចាន់ ថា។លោក ហុង លៀង បន្តថថា ទំនិញទាំងនេះភាគច្រើន ជាទំនិញខូចគុណភាព ទំនិញហួសដឺឡេ និងជាទំនិញ មានជាតិគីមី ដែលត្រូវហាមលក់ លើទីផ្សារ នឹងត្រូវបានចាប់ប្រមូល យកទៅដុតកម្ទេចចោល ព្រោះវាបង្ក គ្រោះថ្នាក់ដល់សុខភាព មនុស្សឬអ្នកប្រើប្រាស់ធ្ងន់ធ្ងរ ពិសេសកូនក្មេង បង្កឲ្យកើតនូវជម្ងឺ មហារីក និងជម្ងឺផ្សេងៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]