(ភ្នំពេញ)៖ ក្រោយបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ដោយលទ្ធផលស្មើគ្នា ២-២ ក្នុងជំនួបជម្រុះពានរង្វាន់ AFC Asain Cup 2019 ជើងទី១ យប់មិញ មានរូបថតមួយសន្លឹក ត្រូវបានអ្នកគាំទ្របាល់ទាត់កម្ពុជា បង្ហោះចែកចាយតៗគ្នានៅលើ Facebook ហើយថែមទាំងធ្វើការរិះគន់យ៉ាងចាស់ដៃទៀតផង ។

នៅរូបថតខាងលើនេះ គឺបានបង្ហាញពីឥរិយាបថរបស់កីឡាករម្នាក់ឈ្មោះ Chen Po Liang នៃក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ដែលបានបង្ហាញអាកប្បកិរិយាអសីលធម៌លើកីឡាករ ឈិន ឈឿន ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជា ដោយយកម្រាមដៃចង្អុលមុខ ឈិន ឈឿន ស្របពេលកីឡាករកម្ពុជារូបនេះ មានបញ្ហាដួលនៅលើទីលាន ។

ក្រោយមើលឃើញរូបនេះ អ្នកគាំទ្របាល់ទាត់កម្ពុជាជាច្រើន បាននាំគ្នារិះគន់លើកីឡាករ Chen Po Liang ដែលមានអត្ដចរិកមិនសាកសម្យជាកីឡាករឡើយ ។ អ្នកគាំទ្រមួយចំនួនទៀត បានលើកឡើងទៀតថា ការប្រកួតប្រៀបដូចធ្វើសង្ក្រាមអញ្ចឹង ព្រោះកីឡាករក្រុមឆាយនីសតៃប៉ិលេចកាចៗ គ្មានការអធ្យាស្រ័យ ពិសេសគឺកីលាករ Chen Po Liang តែម្ដង ។

ប៉ុន្ដែយ៉ាងណាក្រោយទទួលបានការយកចិត្តទុកដាក់ពីអ្នកគាំទ្របែបនេះ កីឡាករ ឈិន ឈឿន ក៏បានបង្ហោះសារមួយ នៅលើ Facebook ផ្ទាល់ខ្លួន ដោយសម្ដែងការអរគុណដល់អ្នកគាំទ្រ តែហាក់មិនខ្វល់ពីទង្វើររបស់កីឡាករ Chen Po Liang ធ្វើលើខ្លួនឡើយ ។

ឈិន ឈឿន បានសរសេរថា «ខ្ញុំអរគុណដល់អ្នកគាំទ្រទាំងអស់គ្នា ដែលបារម្ភពីរខ្ញុំ ហើយថ្ងៃនេះពួកយើងពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់ ដែលមិនបានលទ្ធផលល្អជូនអ្នកគាំទ្រទាំងអស់គ្នា សោកស្ដាយខ្លាំងណាស់ អោយឱកាសមានច្រើន ហើយរបួសខ្ញុំឥលូវធូជាងមុនហើយអ្នកទាំងអស់គ្នា»៕ 

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះអ្នកគាំទ្រក៏បានធ្វើការសំណូមពរ ឲ្យចាក់បញ្ចាំងផ្ទាំង LED សម្រាប់ទស្សនានៅពហុកីឡដ្ឋានជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមឆាយនីសតៃប៉ិ។

ជំនួបជម្រុះពានរង្វាន់ AFC Asian Cup 2019 ជើងទី១ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមឆាយនីសតៃប៉ិ បានចាប់ផ្ដើមនាវេលាម៉ោង កាលពី៦ល្ងាចនេះ (ម៉ោងនៅកម្ពុជា) ដោយទូរទស្សន៍ BTV-News បានធ្វើការផ្សាយបន្ដផ្ទាល់ ។ លើសពីនេះ ដោយមានការសំណូមពរពីអ្នកគាំទ្រច្រើនពេក ទូរទស្សន៍ឈានមុខមួយនេះ ក៏បានបន្ថែមនូវការចាក់បញ្ចាំងផ្ទាំង LED សម្រាប់អ្នកគាំទ្រទស្សនានៅពហុកីឡដ្ឋានជាតិនាល្ងាចនេះផងដែរ ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឆាយនីសតៃប៉ិ នឹងត្រូវប្រជែងកៅអីវគ្គបន្ដនៃពាន AFC Asian Cup 2019 ដោយត្រូវជួបគ្នា២ជើង ក្នុងនោះជើងទី១ ត្រូវធ្វើការប្រកួតលើទឹកដីនៃទីក្រុង Kaohsiung លើទីលានពហុកីឡដ្ឋានជាតិរបស់ក្រុមឆាយនីសតៃប៉ិ នាល្ងាចថ្ងៃទី២ ខែមិថុនានេះ ហើយជើងទី២ ត្រូវជួបគ្នាលើទឹកដីនៃប្រទេសកម្ពុជាវិញម្ដង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ សប្ដាហ៍ក្រោយនេះ ។

ការប្រកួតនេះទៀតសោត ប្រសិនបើក្រុមជម្រើសជាតិកម្ពុជា យកឈ្នះក្រុមឆាយនីសតៃប៉ិទាំង ២ជើង ក្រុមគោព្រៃកម្ពុជា នឹងទទួលបានកៅអីវគ្គជម្រុះចុងក្រោយដោយស្វ័យប្រវត្តិ ជាមួយនឹងក្រុមទទួលបានជ័យជម្នះពីការប្រកួតជម្រុះបឋមនេះដូចគ្នា ប៉ុន្ដែប្រសិនបើកម្ពុជាចាញ់ ក៏នៅមានឱកាសប្រកួតជាមួយក្រុមចាញ់ដទៃទៀតដែរ ដើម្បីបង្កើតឱកាសស្វែងរកអ្នកឈ្នះកៅអីវគ្គជម្រុះជុំចុងក្រោយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]