ការតុបតែងមុខគឺសំខាន់ណាស់សម្រាប់មនុស្សស្រី ប៉ុន្តែវាក៏ពិបាកណាស់ដែរនៅក្នុងការលាងសម្អាត នូវគ្រឿងសម្អាងទាំងនោះចេញឱ្យបានស្អាតល្អ នៅពេលដែលអ្នកត្រឡប់មកផ្ទះវិញ។ ដឹងទេបើអ្នកលាងវាមិនបានស្អាតល្អ គ្រឿងសម្អាងរបស់អ្នកនឹងបណ្តាលឱ្យអ្នកប្រឈមមុខទៅនឹងបញ្ហាទាំង ៥ ចំនុចនេះដែលអ្នកមិនធ្លាប់បានដឹង។

# ១. រលាកស្បែក ឬរមាស់ក្រហាយ៖ សុភាពនារីដែលនិយមតុបតែងមុខជារៀងរាល់ថ្ងៃ គួរយល់ដឹងថា ប្រសិនបើអ្នកសង្កេតឃើញស្បែកមុខខ្លួនឯងកើតអាការៈក្រហាយខ្លាំង ឬកើតរមាស់ ឬក៏នៅត្រង់បរិវេណភ្នែកមានកើតអាការៈរលាកនោះ នេះគឺអាចបណ្តាលមកពីការលាងសម្អាតគ្រឿងសម្អាងនៅលើផ្ទៃមុខអ្នកចេញមិនបានស្អាតល្អ។ បើអ្នកនៅតែបន្តលាងសម្អាតគ្រឿងសម្អាងដោយប្រើហ្វូម និងទឹកស្អាតតែម្យ៉ាងនោះ អាចបង្កជាបញ្ហាហើយ! វិធីដែលល្អ អ្នកគួរតែធ្វើការសម្អាតស្បែកមុខរបស់អ្នកថ្នមៗ ដោយជ្រើសយកហ្វូមលាងមុខណាដែលមានសារធាតុស្រទន់ ហើយនឹងប្រើទឹកថ្នាំសម្អាតនៅបរិវេណជុំវិញភ្នែក។ តែប៉ុណ្ណេះអ្នកក៏អស់បារម្មណ៍រឿងបញ្ហារលាកស្បែក ឬរមាស់ក្រហាយទៀតហើយ។

# ២. ស្បែកស្រអាប់៖ បើសិនជាឆ្លុះកញ្ចក់ឃើញមុខខ្លួនឯង មានសភាពជាំស្រអាប់គ្មានជីវិតជីវ៉ា មិនចាំបាច់បារម្មណ៍ ថាតើត្រូវទៅរកការតំហែទាំស្បែកនៅទីណានោះទេ សាកល្បងងាកមកប្រើវិធីងាយៗនេះលមើល៍។ តើអ្នកធ្លាប់លាងសម្អាតមុខនៅពេលព្រឹកក្រោកពីគេងដែរឬទេ? អ្នកដឹងទេថា ពេលដែលអ្នកគេងនៅពេលយប់ស្បែករបស់យើង នឹងធ្វើការផលិតកោសិកាថ្មីៗ បើអ្នកខ្ជិលលាងសម្អាតមុខនៅពេលព្រឹក វានឹងធ្វើឱ្យស្បែកអ្នកមើលទៅស្រអាប់ៗ។ ដូច្នេះការលាងមុខនៅពេលព្រឹកនឹងជួយកំចាត់កោសិកាចាស់ៗ បង្កើនកោសិកាថ្មី ដែលធ្វើឱ្យស្បែកមុខរបស់យើងមើលទៅស្អាតស្រស់ថ្លា លែងខ្មៅស្រអាប់ទៀតហើយ។

# ៣. កើតមុន៖ អ្នកច្បាស់ជាស្រែកនៅមុខកញ្ចក់ខ្លាំងៗ ពេលដែលបានឃើញគ្រាប់មុនជាច្រើនកំពុងដង្ហែរគ្នាកើតពាសពេញនៅលើផ្ទៃមុខរបស់អ្នក។ នេះគឺបណ្តាលមកពីការលុបលាងមុខមិនបានស្អាត។ ស្បែកមុខយើងមួយថ្ងៃៗប្រឈមមុខទៅនឹងវត្ថុស្មោកគ្រោកជាច្រើន ដូច្នេះប្រសិនបើនារីៗដែលនិយមផាត់មុខផងទៀតនោះ ក៏កាន់តែធ្វើឱ្យស្បែកមុខងាយកើតមុនថែមទៀត។ វិធីដ៏ល្អបំផុត ក្រោយពេលដែលមកដល់ផ្ទះវិញអ្នកគួរតែធ្វើការជូតសម្អាតមុខដោយប្រើផលិតផលដែលមានសារធាតុធ្វើឱ្យស្អាតជាមុនសិន រួចសឹមធ្វើការលុបលាងមុខដោយប្រើហ្វូម ឬជែលដែលអ្នកប្រើជាប្រចាំតាមក្រោយ។

# ៤. ថ្នាំការពារស្បែកមុខបាត់បង់ប្រសិទ្ធភាព៖ អ្នកឧស្សាហ៍ លាបថ្នាំថែរក្សាស្បែក (Skin care) ដែលអ្នកគិតថាល្អយកមកប្រើ....ប៉ុន្តែក៏នៅតែមិនបានផលដដែល។ ជាការពិតណាស់បើអ្នកលាងមុខមិនបានស្អាតធ្វើឱ្យរន្ធរោមរីកធំ ឬមានការរលាក ទោះបីជា Skin care លំដាប់ណា ក៏មិនអាចធ្វើឱ្យស្បែកមុខអ្នកស្រូបយកសារធាតុចិញ្ចឹម ទៅចិញ្ចឹមស្បែកបានល្អដែរ។ ជម្រើសដ៏ល្អបំផុត អ្នកគួរតែចាប់ផ្តើមពីការលាងសម្អាតមុខឱ្យបានស្អាតជាមុនសិន រាល់ពេលមុន និងក្រោយការតុបតែង។ បន្ទាប់មកអ្នកអាចប្រើផលិតផលការពារស្បែកមុខបន្ថែមទៀតបាន ដើម្បីឱ្យស្បែកអ្នកមានសភាពស្រស់ថ្លាជានិច្ច។

# ៥. ស្បែកមើលទៅចាស់ជាងវ័យ៖ បើអ្នកសង្កេតឃើញមានស្នាមជ្រីវជ្រួញ រន្ធរោមរីកធំ ឬក៏ស្បែកមើលទៅក្រៀមស្វិតស្រពោន មិនភ្លឺរលោង នេះក៏បណ្តាលមកពីការលាងមុខមិនបានស្អាតល្អដែរ។ យកល្អអ្នកមិនគួរបណ្តោយឱ្យគ្រឿងសម្អាង នៅលើមុខរបស់អ្នកយូរពេកទេ ឬក៏ចូលគេងទាំងនៅមានការតុបតែងមុខនៅឡើយ។ ដូច្នេះរាល់យប់មុនចូលគេង អ្នកគួរតែលាងសម្អាតគ្រឿងផាត់មុខ (Make-up) របស់អ្នក ព្រមទាំងលាបគ្រីម (Cream) ថែរក្សាស្បែកឱ្យបានត្រឹមត្រូវល្អផងទើបជាការប្រសើរ។

ពេលនេះអ្នកបានដឹងហើយមែនទេថា ការដែលលាងមុខមិនបានស្អាតល្អ គឺជាមូលហេតុដែលនៅពីក្រោយបញ្ហាស្បែកផ្សេងៗ។ តទៅនេះអ្នកត្រូវតែយកចិត្តទុកដាក់ និងរកពេលវេលានៅក្នុងការសម្អាតស្បែកឱ្យបានល្អជាងមុនទាំងអស់គ្នាណា! មិនថាតែស្បែកមុខ ឬក៏ស្បែកដងខ្លួននោះឡើយ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]