រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​គៀត សុ​វ​ណ្ណា​ឡា​ង បាន​ចុះ​កិច្ចសន្យា​ថត​ភាពយន្ត​យ៉ាង​ហោច​ណាស់​ដប់​រឿង ។ ទោះជា​យ៉ាងណា​ក្តី ស្រី​ស្អាត​រូប​នេះ​ខ្លាច​ឈុត​ឆាក​ឱប​ថើប បបោសអង្អែល​នៅ​លើ​គ្រែ និង​ឈុត​ថើប​ជញ្ជក់មាត់ ។

កញ្ញា​គៀត សុ​វ​ណ្ណា​ឡា​ង ឱ្យ​ដឹង​បែប​នេះ​គ្រា​នាង​ចូលរួម​សម្ពោធ​បញ្ចាំង​ស្នាដៃ​សម្តែង​ថ្មី​របស់​នាង​រឿង «​ហេ​ឡូ​ភ្នំពេញ » របស់​ផលិតកម្ម​អិ​ល​ឌី​ភី​ក​ឆើ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០១៦ នៅ​រោងកុន​លេ​ជេន ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ។ ពិធី​សម្ពោធ​នោះ​មាន​តារា​សម្តែង និង​ទស្សនិកជន​ច្រើន​ចូលរួម ។

កញ្ញា​គៀត សុ​វ​ណ្ណា​ឡា​ង និយាយ​ថា «​បើ​និយាយ​ពី​រឿង​សម្តែង​ឈុត​បែប​ណា​ក៏​នាង​ខ្ញុំ​ហ៊ាន​សម្តែង​អត់​ខ្លាច​ប៉ះពាល់​អ្វី​ឡើយ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​បើ​ត្រង់​ឈុត​ថើប​មាត់ ឈុត​សម្តែង​រោលរាល​នៅ​លើ​គ្រែ បញ្ចេញ​គល់​ទ្រូង បញ្ចេញ​គល់ភ្លៅ គឺ​ចេញផ្សាយ​ទៅ​បែប​អាសអាភាស នាង​ខ្ញុំ​មិន​ហ៊ាន​តែ​ម្តង ព្រោះ​អារម្មណ៍​មើលទៅ​ខ្មាស ហើយ​ទទួល​យក​មិន​បាន​ទេ ។ យើង​ជា​ស្រី​ទៀត​បើ​បង្វែរ​ជា​ថើប​ថ្ពាល់ ឬ​ថ្ងាស​គឺ​មិនជា​អ្វី​ឡើយ​»​

កន្លង​មក​អ្នកដឹកនាំ​រឿង​តែងតែ​ឱ្យ​សាច់​រឿង​គៀត សុ​វ​ណ្ណា​ឡា​ង មើល​ជា​មុន ដោយ​ដឹង​ថា​នាង​មិន​ចូល​ចិត្ត​ឈុត​សម្តែង​បែប​ស្នេហា​រោលរាល​លើ​គ្រែ​នោះ​។ ទោះជា​យ៉ាងណា​ក្តី សុ​វ​ណ្ណា​ឡា​ង មិន​ខ្លាច​ឈុត​ស្លៀក​ខ្លី​បែប​ប៊ី​គី​នី​ហែល​ទឹក​បញ្ចេញ​គល់ភ្លៅ​ទេ ។

ការ​សម្តែង​ឱ្យ​ផលិតកម្ម​អិ​ល​ឌី​ភី​ក​ឆើ ក្រោម​ចំណងជើង​ថា «​ហេ​ឡូ​ភ្នំពេញ​» គឺជា​ស្នាដៃ​ទី​២​របស់​គៀត សុ​វ​ណ្ណា​ឡា​ង ដោយ​មុន​នេះ​គឺ​រឿង «​មែ​៉​ដោះ​ក្រមុំ​» ។ ក្នុង​ភាពយន្ត​រឿង «​ហេ​ឡូ​ភ្នំពេញ​» សុ​វ​ណ្ណា​ឡា​ង​សម្តែង​បែប​កំប្លែង​ចាប់​ដៃគូ​ជាមួយ​លោក​លឹ​ម ជា​ឡាយ ជា​តារា​សម្តែង​មានបទពិសោធន៍​ច្រើន ។ នេះ​ជា​លើក​ទី​២ ហើយ​ដែល​សុ​វ​ណ្ណា​ឡា​ង​ប៉ះ​គ្នា​សម្តែង​ជាមួយ​លោក​លឹ​ម ជា​ឡាយ ។

មាន​ចរិត​ឡិកឡក់​បែប​កំប្លែង​នៅ​ក្រៅ​ឆាក លុះ​ពេល​គេ​ឱ្យ​សម្តែង​បែប កំប្លែង​ៗ គឺ​ត្រូវ​នឹង​គៀត សុ​វ​ណ្ណា​ឡា​ង ។​រវាង​សុ​វ​ណ្ណា​ឡា​ង​និង​លោក​លឹ​ម ជា​ឡាយ បាន​សហការ​គ្នា​ល្អ​ដើម្បី​លើកមុខ​មាត់​ក្នុង​ស្នាដៃ​ថ្មី​នេះ​។ ខណៈ​វណ្ណ​កម្ម​ថ្មី​រឿង «​ហេ​ឡូ​ភ្នំពេញ​» ចាក់​បញ្ចាំង​កញ្ញា​គៀត សុ​វ​ណ្ណា​ឡា​ង​អំពាវនាវ​មហាជន​ឱ្យ​ចូលរួម​ទស្សនា​កុំបី​ខាន ព្រោះ​នេះ​ជា​រសជាតិ​កំប្លែង​សើច​ថ្មី​ទៀត មិន​ធ្វើ​ឱ្យ​ខកបំណង​ទេ ។

ចំណែក​លោក​លឹ​ម ជា​ឡាយ និយាយ​ថា កញ្ញា​គៀត សុ​វ​ណ្ណា​ឡា​ង និង​លោក​ដឹងចិត្ត​គ្នា​ច្រើន ព្រោះ​នៅ​ខាងក្រៅ​ចូល​ចិត្ត​លេងសើច​នឹង​គ្នា ដូច្នេះ​ហើយ​មិនសូវ​ពិបាក​ក្នុង​ការ​ចាប់​ដៃគូ​សម្តែង​ជាមួយ​គ្នា​ទេ ។ ការ​សម្តែង​ជាមួយ​គ្នា​ជា​លើក​ទី​២ នេះ លោក​ជា​ឡាយ​សរសេ​ើ​រ​កញ្ញា​សុ​វ​ណ្ណា​ឡា​ង​ថា​មាន​តិច​និក​សម្តែង​មិន​ចាញ់​តារា​ផ្សេង​ឡើយ ។ «​អ្វី​ដែល​សំខាន់​គឺ​ពួក​យើង​ទាំង​ពីរ​នាក់​សប្បាយចិត្ត​ត្រូវ​បាន​ជាប់​ឈ្មោះ​សម្តែង​ជូន​ផលិតកម្ម​អិ​ល​ឌី​ដែល​តែងតែ​ផលិត​ទទួល​បាន​ជោគជ័យ​ស្ទើរតែ​គ្រប់​រឿង មានការ​ទទួលស្គាល់​ពី​មហាជន ឱ្យ​តែ​ចេញ​រឿង​ថ្មី​មក​មិនសូវ​ជា​រំលង​ការ​មក​ទស្សនា​របស់​ទស្សនិកជន​ឡើយ​» ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]