(ភ្នំពេញ)៖ ជំនួបជើងទី១ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ នៅក្នុងវគ្គជម្រុះពានរង្វាន់ 2019 AFC Asian Cup នឹងចាប់ផ្ដើមនាវេលាម៉ោង ៦ល្ងាចនេះ (ម៉ោងនៅកម្ពុជា)។ ប៉ុន្ដែមុនការប្រកួតចាប់ផ្ដើមយើងត្រូវដឹងថា ជំនួបលើកចុងក្រោយរវាងក្រុមទាំងពីរ គឺក្រុមឆាយនីសតៃប៉ិ បានប្រកួតចាញ់ជម្រើសជាតិកម្ពុជា ២-០ លើកទឹកដីខ្លួនក្នុងជំនួបមិត្តភាព កាលពីខែតុលា ឆ្នាំ២០១៤ ដូច្នេះចាំមើលល្ងាចនេះ តើក្រុមគោព្រៃកម្ពុជា អាចមានសំណាងបន្ដយកឈ្នះការប្រកួតផ្លូវការនេះទៀត ឬក៏យ៉ាងណា?

រយៈពេលជិត ២ឆ្នាំមកហើយ ដែលកម្ពុជា និងឆាយនីសតៃប៉ិ ខានបានជួបគ្នា ប៉ុន្ដែក្រុមជម្រើសជាតិទាំងពីរ បានវិវត្តខ្លួនរីកចម្រើនគួរឲ្យកត់សម្គាល់។ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានលើកឡើងថា ឆាយនីសតៃប៉ិ មានភាពរីកចម្រើនខ្លាំង បើធៀបនឹង ២ឆ្នាំមុន ហេតុនេះជំនួបជើងទី១ រវាងកម្ពុជា និងឆាយនីសតៃប៉ិ គឺមិនអាចទស្សន៍ទាយលទ្ធផលទុកមុនបានទេ ពិសេសគឺក្រុមជម្រើសជាតិកម្ពុជា មិនអាចធ្វេសប្រហែសឡើយ បើទោះបីកាលឆ្នាំ២០១៤ កម្ពុជា ធ្លាប់ឈ្នះម្ដងក៏ពិតមែន។

គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ បាននិយាយមុនឡើងយន្ដហោះថា ជំនួបខាងលើ លោកនឹងព្យាយាមប្រើទម្រង់លេងការពារឲ្យបានរឹងមាំ បន្ទាប់មកទើបលោកដាក់កីឡាករសំខាន់ៗ ឲ្យធ្វើការវាយបកវិញ ក្រោយទទួលបានបាល់គ្រប់គ្រង។ លោកមិនទាន់ដឹងលទ្ធផលយ៉ាងណាឡើយ ប៉ុន្ដែលោកបានប្ដេជ្ញាចិត្ដថា ការប្រកួតនេះ កូនក្រុមលោកត្រូវតែធ្វើបានល្អ ទាំងការប្រើល្បឿន និងការប្រើល្បិច ព្រោះលោកមិនចង់ស្មើ ឬចាញ់នោះទេ គឺត្រូវការឈ្នះដាច់ខាត។

ការលើកឡើងរបស់គ្រូបង្វឹក្រុមជម្រើសជាតិកម្ពុជាខាងលើនេះដែរ គឺស្របពេលគ្រូបង្វឹកក្រុមឆាយនីសតៃប៉ិ លោក Toshiaki Imai ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកខ្លួនថា ជំនួបល្ងាចនេះ លោកមិនចង់ឲ្យរបូតគ្រាប់បាល់នោះទេ ផ្ទុយទៅវិញលោកនឹងជំរុញកូនក្រុម ឲ្យបង្កើនឱកាសស៊ុតបញ្ចូលទី សម្រាប់សម្រេចគោលដៅដណ្ដើមកៅអី វគ្គបន្ដនៃពានរង្វាន់ 2019 AFC Asian Cup ។ ប៉ុន្ដែលោកក៏មានការព្រួយបារម្ភផងដែរ ព្រោះក្រុមឆាយនីសតៃប៉ិ ធ្លាប់ត្រូវកម្ពុជាបំបាក់ក្នុងទឹកដី ២-០ ម្ដងកាលពីឆ្នាំ២០១៤៕ 

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារទូរទស្សន៍ BTV-News បានប្រកាសថា នឹងចាប់ផ្ដើមផ្សាយបន្ដផ្ទាល់កម្ពុជា ប៉ះចិនតៃប៉ិ នាវេលាម៉ោង ៦ល្ងាច ត្រូវនឹងម៉ោងនៅកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ក្នុងសប្តាហ៍នេះតែម្តង។

ពិតជាកក្រើកទៀតហើយ! សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ដែលទន្ទឹងរង់ចាំទស្សនាជំនួបរវាងជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ (ចិនតៃប៉ិ) នៅក្នុងវគ្គជម្រុះបឋមពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នាថ្ងៃទី២ ខែមិថុនាខាងមុខនេះក្នុងជើងទី១ នឹងបានទស្សនាលើកញ្ចក់ទូរទស្សន៍ BTV-News បន្ទាប់ពីទូរទស្សន៍ក្នុងស្រុកមួយនេះ ទទួលបានសិទ្ធិផ្សាយបន្ដផ្ទាល់ នេះបើតាមទំព័រ Facbook ផ្លូវការរបស់ទូរទស្សន៍ BTV បង្ហោះមុននេះបន្ដិច ។

នេះជាដំណឹងល្អសម្រាប់អ្នកគាំទ្រកម្ពុជា ដែលកំពុងនិយមគាំទ្របាល់ទាត់ខ្មែរ និងតែងតែចូលរួមគាំទ្រជានិច្ច រាល់ពេលក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតក្នុងទឹកដីម្ដងៗ ។ ប្រភពព័ត៌មានខាងលើបានបញ្ជាក់ថា ការប្រកួតនេះ ក្រុមការងារទូរទស្សន៍ BTV-News នឹងចាប់ផ្ដើមផ្សាយបន្ដផ្ទាល់នាវេលាម៉ោង ៦ល្ងាច ត្រូវនឹងម៉ោងនៅកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ក្នុងសប្តាហ៍នេះតែម្តង ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា និងក្រុមចិនតៃប៉ិ នឹងត្រូវជួបគ្នា២ជើង ដើម្បីដណ្ដើមកៅអីវគ្គបន្ដនៃពានរង្វាន់ AFC Asian Cup 2019 ត្រូវអនុវត្តន៍រូបមន្ដប្រកួតក្នុងដី និងក្រៅដី (Home/Away) ពោលគឺនៅថ្ងៃទី២ ខែមិថុនា កម្ពុជា ត្រូវជួបក្រុមចិនតៃប៉ិ ក្រៅទឹកដី បន្ទាប់មកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ទើបក្រុមជម្រើសជាតិកម្ពុជា បើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមចិនតៃប៉ិ វិញម្ដង ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]