(ភ្នំពេញ)៖ ពិតជាកក្រើកទៀតហើយ! សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ដែលទន្ទឹងរង់ចាំទស្សនា​ជំនួប​រវាង​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​ម្ចាស់ផ្ទះឆាយនីសតៃប៉ិ (ចិនតៃប៉ិ) នៅក្នុងវគ្គជម្រុះបឋមពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នា​ថ្ងៃ​ទី​២ ខែ​មិថុនា​ខាង​មុខ​នេះក្នុងជើងទី១ នឹងបានទស្សនាលើកញ្ចក់ទូរទស្សន៍ BTV-News បន្ទាប់​ពី​ទូរ​ទស្សន៍​ក្នុង​ស្រុក​មួយ​នេះ ទទួល​បាន​សិទ្ធិ​ផ្សាយ​បន្ដ​ផ្ទាល់ នេះបើតាមទំព័រ Facbook ផ្លូវការរបស់ទូរទស្សន៍ BTV បង្ហោះមុននេះបន្ដិច ។

នេះជាដំណឹងល្អសម្រាប់អ្នកគាំទ្រកម្ពុជា ដែលកំពុងនិយមគាំទ្របាល់ទាត់ខ្មែរ និងតែងតែចូលរួមគាំទ្រ​ជា​និច្ច រាល់​ពេល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្វើការប្រកួតក្នុងទឹកដីម្ដងៗ ។ ប្រភព​ព័ត៌មា​ន​ខាង​លើ​បាន​បញ្ជាក់​ថា ការ​ប្រកួត​នេះ ក្រុម​ការ​ងារ​ទូរ​ទស្សន៍ BTV-News នឹងចាប់ផ្ដើមផ្សាយបន្ដផ្ទាល់នាវេលាម៉ោង ៦ល្ងាច ត្រូវនឹងម៉ោងនៅកម្ពុជា នៅថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០១៦​ ក្នុង​សប្តាហ៍​នេះ​តែ​ម្តង ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា និងក្រុមចិនតៃប៉ិ នឹងត្រូវជួបគ្នា២ជើង ដើម្បីដណ្ដើមកៅអីវគ្គ​បន្ដ​នៃ​ពាន​រង្វាន់ AFC Asian Cup 2019 ត្រូវអនុវត្តន៍រូបមន្ដប្រកួតក្នុងដី និងក្រៅដី (Home/Away) ពោលគឺនៅថ្ងៃទី២ ខែមិថុនា កម្ពុជា ត្រូវ​ជួប​ក្រុម​ចិន​តៃ​ប៉ិ ក្រៅទឹកដី បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦​ ទើប​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បើក​ទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ក្រុម​ចិន​តៃប៉ិ​ វិញម្ដង ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖  សូមបញ្ជាក់ផងដែរថា   កាលពីម្សិលមិញនេះ វេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ដោយយោងតាមសម្ដីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា  ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរតាមយន្ដហោះឆ្ពោះទៅទឹកដី នៃកោះតៃវ៉ាន់ហើយ ដើម្បីជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះចិនតៃប៉ិ នៅក្នុងជំនួបជម្រុះពានរង្វាន់ AFC Asian Cup 2019 នៅទីនោះ។

បន្ថែមពីនេះទៀត នេះជាជំនួបជើងទី១ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះចិនតៃប៉ិ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនាសប្ដាហ៍នេះ ខណៈការប្រកួតជើងទី២ នឹងត្រូវឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញវិញម្ដង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]