ព្រះសីហនុៈ ទណ្ឌិតជន​ជា​ជន​ជាតិ​រុស្ស៊ី ដែល​រំលោភ​ផ្លូវ​ភេទ​កុមារ​ច្រើន​ជាង​គេ​បំផុត​ និង​ធំ​ជាង​គេ​បំផុត នៅ​កម្ពុជា​ ដែល​ជា​វិនិយោគិន ​រមណីយ​ដ្ឋាន​ដ៏​ធំ​មួយ លោក Alexander Trofimov បាន​មាន​សេរី​ភាព​ចេញ​ពី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​វិញ​ហើយ កាល​ពី​ថ្ងៃ​អង្គារ​ ក្រោយ​ពី​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី បាន​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោស​មក​។ នេះ​បើ​យោង​តាម​ប្រធាន​ពន្ធនាគារ​ខេត្ត​ ដែល​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​។

លោក ពេជ្រ វាសនា ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ថា លោក Trofimov ត្រូវ​បាន​ដោះ​លែង​ កាល​ពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​ទទួល​បាន​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោស​ នៅ​ក្នុង​ករណី​រំលោភ​ផ្លូវ​ភេទ​កុមារ​ដ៏​ធំ​បំផុត​ មិន​ធ្លាប់​កើត​ឡើង​ក្នុង​ប្រទេស​នេះ។ លោក ពេជ្រ វាសនា បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​«យើង​បាន​ស្នើ​ព្រះ​មហា​ក្សត្រ នរោត្តម សីហមុនី ព្រះ​រាជ​ទាន​លើក​លែង​ទោស​គាត់ ព្រោះ​គាត់​ បាន​កែ​ខ្លួន​ហើយ ក្នុង​អំឡុង​ពេល​គាត់​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​»​។

អតីត​ប្រធាន​ក្រុម​ហ៊ុន​វិនិយោគ​កោះ​ពស់ ជន​ជាតិ​រុស្ស៊ី​រូប​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​ឆ្នាំ ២០០៧ ពី​បទ​ទិញ​ពេស្យាចារ​កុមារី ៦ រូប​ អាយុ​ចាប់​ពី ៦ ដល់​១៦ ឆ្នាំ។ ក្រោយ​ករណី​ដំបូង​ត្រូវ​បាន​ចោទ​ប្រកាន់ ក្មេង​ស្រី ១៣ រូប​ថែម​ទៀត​ ដែល​រួម​មាន​ម្នាក់​ជា​មនុស្ស​ថ្លង់​ផង បាន​ចោទ​ប្រកាន់​ពាណិជ្ជករ​ជាតិ​រុស្ស៊ី​ ដែល​បច្ចុប្បន្ន​មាន​វ័យ ៤៥ ឆ្នាំ​រូប​នេះ​ ពី​បទ​រំលោភ​ផ្លូវ​ភេទ​ពួក​គេ។ ក្នុង​សវនាការ​ជា​បន្ត​បន្ទាប់ Trofimov ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​រំលោភ​ផ្លូវ​ភេទ​លើ​ក្មេង​ស្រី​កម្ពុជា ចំនួន ១៧ នាក់។

ទោះ​បី​ក្មេង​ស្រី​រង​គ្រោះ​ក្មេង​បំផុត​អាយុ ៦ ឆ្នាំ​ក្តី ពិរុទ្ធ​ជន Trofimov តាម​ប្រមាញ់​ចម្បង​បំផុត ​ក្មេង​ស្រី​មក​ពី​គ្រួសារ​ក្រីក្រ​ ដែល​មាន​អាយុ​ចន្លោះ​ពី ១១ ទៅ ១៤ ឆ្នាំ។ គាត់​ក៏​រង​នូវ​ការ​តាម​ចាប់​ខ្លួន នៅ​ប្រទេស​រុស្ស៊ី​ដែរ​ ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​រំលោភ​កុមារ​នៅ​ទី​នោះ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​កម្ពុជា​ កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១០ បាន​ច្រាន​ចោល​សំណើ​ពី​រដ្ឋាភិបាល​រុស្ស៊ី​ដើម្បី​ធ្វើ​បត្យាប័ន​បុរស​រូប​នេះ​។

ពិរុទ្ធ​ជន Trofimov បាន​ដឹក​នាំ​គម្រោង​តម្លៃ ៣០០ លាន​ដុល្លារ​ ដើម្បី​ប្រែ​ក្លាយ​កោះ​ពស់​ ឲ្យ​ទៅ​ជា​រមណីយដ្ឋាន​ទំនើប​មួយ​នៅ​ពេល​គាត់​ត្រូវ​បាន​ចាប់​ខ្លួន។ ក្រោយ​ផ្តន្ទាទោស និង​ការ​សារ​ភាព​ ក្នុង​តុលាការ​ថា គាត់​បាន​រំលោភ​ផ្លូវ​ភេទ​ក្មេង​ស្រី​ ដើម​ចោទ ១៦ នាក់ ​ដែល​បាន​ចោទ​ប្រកាន់​គាត់ គាត់​ត្រូវ​បាន​ផ្តល់​ឲ្យ​ដេក​ក្នុង​បន្ទប់​ឃុំ​ឃាំង​តែ​ម្នាក់​ឯង ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ចូល​ពន្ធនាគារ​ នៅ​ពេល​យប់​ជា​ច្រើន​លើក​ផង​ដែរ។ នេះ​បើ​យោង​តាម​លោក សែ រស្មី មន្ត្រី​ស៊ើប​អង្កេត​ប្រចាំ​ខេត្ត​របស់​អង្គការ​លីកាដូ។

លោក សែ រស្មី បាន​មាន​ប្រសាសន៍​ថា៖​«ក្នុង​ពេល​ដែល​គាត់​ជាប់​ឃុំ​ នៅ​ពន្ធនាគារ គាត់​មាន​សេរី​ភាព​ជាង​ទណ្ឌិត​ដទៃ​ទៀត​ខ្លាំង​ណាស់ ហើយ​ក៏​មាន​បន្ទប់​គុក​ដាច់​ដោយ​ឡែក​ពី​គេ​ដែរ»។

មន្ត្រី​ការពារ​កុមារ​ បាន​សម្តែង​ក្តី​បារម្ភ និង​ខឹង​សម្បា​ ចំពោះ​ការ​ដោះ​លែង​លោក Trofimov។ មន្ត្រី​ម្នាក់​ បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា៖​«ការ​ដោះ​លែង​គាត់​គួរ​បារម្ភ និង​ឈឺ​ចាប់​ខ្លាំង​ណាស់​ សម្រាប់​ជន​រង​គ្រោះ​ទាំង​អស់ និង​សម្រាប់​គ្រួសារ​របស់​ពួក​គេ។ ជន​រង​គ្រោះ និង​អ្នក​ដែល​ការពារ​ពួក​គេ​ មាន​អារម្មណ៍​គ្មាន​សុវត្ថិភាព​ទេ»។ បុគ្គលិក​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ ដែល​តាម​ដាន​ករណី​នេះ ​បាន​ថ្លែង​ថា ពួក​គេ​ បាន​ទទួល​នូវ​ការ​គំរាម​កំហែង​។

បុគ្គលិក​នៅ​ការិយាល័យ​ក្រុមហ៊ុន​វិនិយោគ​កោះ​ពស់​ នៅ​រាជ​ធានី​ភ្នំពេញ និង​រមណីយ​ដ្ឋាន​ឆ្នេរ​សមុទ្រ​ នៃ​ក្រុង​ព្រះសីហនុ​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពួក​គេ​ពុំ​ដែល​ដឹង​អំពី​អតីត​ប្រធាន​ក្រុមហ៊ុន​របស់​ពួក​គេ​ឡើយ។ កញ្ញា ណូ នីតា តំណាង​លក់​របស់​ក្រុមហ៊ុន​នេះ ​នៅ​រាជធានី​ភ្នំពេញ ​ដំបូង​បាន​និយាយ​ថា គាត់​លែង​ជា​ប្រធាន​ក្រុមហ៊ុន​ទៀត​ហើយ ប៉ុន្តែ​នៅ​ពេល​សួរ​ថា តើ​គាត់​នៅ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​ដែរ​ឬ​ទេ? នាង​បាន​ឆ្លើយ​ថា៖​«ខ្ញុំ​មិន​ដែល​ឮ​ឈ្មោះ​គាត់​ទេ»។ នាង​បាន​បន្ត​ថា ពុំ​មាន​នរណា​ម្នាក់​ ក្នុង​ការិយាល័យ​របស់​នាង​ដឹង​អំពី​គាត់​ឡើយ។ បុគ្គលិក​ក្រុមហ៊ុន​នៅ​ក្រុង​ព្រះសីហនុ​ ក៏​បាន​ឆ្លើយ​ដូច​គ្នា​នេះ​ផង​ដែរ។

មន្ត្រី​ម្នាក់​នៅ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ថា ឈ្មោះ​របស់​លោក Trofimov ពុំ​មាន​នៅ​ក្នុង​បញ្ជី​ទណ្ឌិត ៦៤២ រូប ​ដែល​ផ្ញើ​ទៅ​ព្រះ​មហា​ក្សត្រ​ ក្នុង​អំឡុង​ពិធី​បុណ្យ​អុំទូក​ ដើម្បី​សុំ​ព្រះ​រាជទាន​ការ​លើក​លែង និង​កាត់​បន្ថយ​ទោស​ទេ។

លោក លីវ ម៉ូវ អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​នេះ ​បាន​ថ្លែង​ថា នាយកដ្ឋាន​លោក បាន​ស្នើ​សុំ​ព្រះ​រាជ​ទាន​លើក​លែង​ទោស​សម្រាប់​តែ​ទណ្ឌិត ១៣១ រូប​ប៉ុណ្ណោះ ហើយ​ថា លោក Trofimov ពុំ​ស្ថិត​ក្នុង​ចំណោម​ពួក​គេ​ឡើយ។

លោក លីវ ម៉ូវ បាន​បន្ត​ថា៖​ «ខ្ញុំ​ពុំ​បាន​ដឹង​ថា នរណា​ស្នើ​សុំ​ព្រះ​មហា​ក្សត្រ​លើក​លែង​ទោស​លោក Alexander Trofimov ទេ ព្រោះ​ក្នុង​បញ្ជី​ដែល​ខ្ញុំ​ផ្ញើ​ទៅ​ក្រសួង​យុត្តិធម៌ ពុំ​មាន​ឈ្មោះ​របស់​គាត់​ក្នុង​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហត្ថ​លេខា​លើ​បញ្ជី​នោះ ខ្ញុំ​បាន​ឃើញ​ឈ្មោះ​របស់​គាត់​​ ក្នុង​ព្រះ​រាជ​ក្រឹត្យ»។ លោក​បាន​បញ្ជាក់​ថា ព្រះ​រាជ​ទាន​លើក​លែង​ទោស​ត្រូវ​បាន​ផ្តល់​ឲ្យ​ដល់​ទណ្ឌិត​ចំនួន ១៤៨ រូប​តែ​ប៉ុណ្ណោះ​។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា៖ ​«ខ្ញុំ​មិន​ដឹង​ថា លក្ខ​ខណ្ឌ​ពិសេស​អ្វី​ដែល​ធ្វើ​ឲ្យ​លោក Alexander Trofimov ទទួល​បាន​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ​ទេ»។ លោក​បាន​ពន្យល់​ទៀត​ថា ទណ្ឌិត​ ត្រូវ​តែ​ជាប់​ឃុំ ២ ភាគ ៣ នៃ​កម្រិត​ទោស​របស់​ពួក​គេ​សិន មុន​ពួក​គេ​អាច​ត្រូវ​បាន​ស្នើ​សុំ​ព្រះ​រាជ​ទាន​​ការ​លើក​លែង​ទោស​ពី​ ព្រះ​មហា​ក្សត្រ​បាន​៕

ដក​ស្រង់​ពី​គេហទំព័រ​ភ្នំពេញ​ប៉ុស្តិ៍ 

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]