បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ បានធ្វើការដាក់បង្ហាញប្រភេទមនុស្សយន្តថ្មី ដែលអាចមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ជំនួសកិច្ចការសំខាន់ៗ មួយចំនួនរបស់ស្ត្រីមេផ្ទះ ដូចជាមើលថែក្មេងៗ និងមនុស្សចាស់ជាដើម ដែលកំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Asus បានធ្វើការដាក់បង្ហាញ នូវប្រភេទមនុស្សយន្តមួយ មានឈ្មោះថា Zenbo ដែលវាមានសមត្ថភាព អាចជួយសម្រួល ការងារមេផ្ទះបានយ៉ាងច្រើន មិនធម្មតានោះឡើយ។ 

មនុស្សយន្ត Zenbo ត្រូវបានបង្ហាញជាសាធារណៈ ដោយលោក Jonney Shih នាយកគ្រប់គ្រងក្រុមហ៊ុន Asus
មនុស្សយន្ត Zenbo ត្រូវបានបង្ហាញជាសាធារណៈ ដោយលោក Jonney Shih នាយកគ្រប់គ្រងក្រុមហ៊ុន Asus

ក្រុមហ៊ុន Asus បានបញ្ចេញរបាយការណ៍មួយ បញ្ជាក់មកថា “Zenbo គឺជាមនុស្សយន្ត មួយប្រភេទដែលមានភាពរាក់ទាក់ និងត្រូវបានច្នៃឡើងសម្រាប់ធ្វើជាជំនួយ ចំពោះកិច្ចការក្នុងផ្ទះ ការកម្សាន្ត  និងមិត្តភាពនៅក្នុងក្រុមគ្រួសាររបស់អ្នក។ ជាងនេះទៅទៀត Zenbo ក៏អាចជួយដោះស្រាយ នូវតម្រូវការរបស់ សមាជិកនីមួយៗ នៅក្នុងគ្រួសារ នាអំឡុងសម័យបច្ចេកវិទ្យាកុំព្យូទ័រនេះ”។

ក្រៅពីជួយមើលថែកូនៗ និងមនុស្សចាស់ ដែលជាសមាជិក ក្នុងគ្រួសាររបស់អ្នក Zenbo ក៏ត្រូវបានគេបញ្ចូល កម្មវិធីល្អៗ និងបច្ចេកវិទ្យាអស្ចារ្យជាច្រើនទៀត ចូលទៅក្នុងនោះផងដែរ។  Zenbo មានផ្ទុកប្រភេទហ្គេម  បែបអប់រំជាច្រើន និងពោរពេញទៅដោយវិជ្ជាគ្រប់ប្រភេទ (encyclopedia) ដែលអាចធ្វើឲ្យការសិក្សា រឹតតែមានភាពសប្បាយរីករាយ។  ជាងនេះទៅទៀត Zenbo ក៏អាចប្រើប្រាស់គ្រឿងបរិក្ខារផ្សេងទៀត នៅក្នុងផ្ទះផងដែរ ដូចជា អំពូលភ្លើង, ទូរទស្សន៍, ម៉ាស៊ីនត្រជាក់ ជាដើម និងជាច្រើនទៀត។

Zenbo អាចជួយសម្រួលការងារ នៅក្នុងផ្ទះបាយបានច្រើនផងដែរ។ វាអាចអានសៀវភៅធ្វើម្ហូបបានយ៉ាងច្បាស់  និងធ្វើជាម៉ាស៊ីនកំណត់ពេលវេលា  ដោយបញ្ចេញសម្លេងបានផងដែរ។  ក្នុងនោះវាក៏អាច ដើរតួចជាតេឡេបញ្ជា កាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ ដែលអាចដំណើរការ បានគ្រប់ទីកន្លែងតាមរយៈ កម្មវិធីនៅក្នុងទូរស័ព្ទស្មាតហ្វូន។

មនុស្សយន្ត Zenbo ជាជំនួយការ កិច្ចការក្នុងផ្ទះរបស់អ្នក

លោក Jonney Shih នាយកគ្រប់គ្រង នៃក្រុមហ៊ុន Asus បានប្តេជ្ញាថា “ក្រុមហ៊ុន Asus នឹងរឹតតែបន្តការកែច្នៃ  និងបង្កើតឡើងនូវប្រភេទមនុស្សយន្ត ដើម្បីបំពេញចន្លោះ ខ្វះខាតសម្រាប់កិច្ចការក្នុងផ្ទះប្រចាំថ្ងៃ”។

គូសបញ្ជាក់ផងដែរថា Zenbo ត្រូវបានដាក់បង្ហាញជាសាធារណៈ និងត្រៀមដាក់ចរាចរណ៍លក់ នៅលើទីផ្សារក្នុងពិភពលោក នាពេលឆាប់ៗខាងមុខនេះ ដោយក្នុងនោះគេអាចដឹងថា វាមានតម្លៃត្រឹមតែ ៥៩៩ដុល្លារ ប៉ុណ្ណោះ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]