អ៊ីតាលី៖ តារាឆ្នើមរបស់ក្លិប Napoli កីឡាករ Gonzalo Higuain ដែលជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងក្របខ័ណ្ឌលីកកំពូលអ៊ីតាលី ក្នុងរដូវកាលនេះ ហើយថែមទាំងបានបង្កើតនូវកំណត់ត្រាថ្មីមួយទៀត ដោយបានស៊ុតបញ្ចូលទី ៣៦គ្រាប់ ក្នុង៣៥ប្រកួតផងដែរ។

Higuain ត្រូវបានសារព័ត៌មានមួយបង្ហើបថា រូបគាត់ចង់មកលេងនៅប្រទេសអង់គ្លេស ពោលគឺក្លិបហង្សក្រហម Liverpool ដែលបច្ចុប្បន្ននេះដឹកនាំដោយលោក Jurgen Klopp ខណៈដែល Klopp កំពុងតែចង់បាននូវខ្សែប្រយុទ្ធមួយផងដែរ សំរាប់ត្រៀមរដូវកាលថ្មីនេះ។

កីឡាករដែលមានវ័យ ២៨ឆ្នាំ សញ្ជាតិអាហ្សង់ទីនរូបនេះ មានបំណងចង់ចេញពី Napoli បន្ទាប់ពីជួយឲ្យក្លិបក្លាយជាជើងឯករងក្នុងរដូវកាលនេះ តាមពីក្រោយក្លិប Juventus ដែលជាម្ចាស់ជើងឯក។

ខ្សែប្រយុទ្ធរបស់ក្លិប Napoli រូបនេះ​ ធ្លាប់ត្រូវបានទទួលការចាប់អារម្មណ៍ពីក្លិប Arsenal និង Manchester Untied កាលពីរដូវកាលមុនផងដែរ តែឥឡូវទំនងជានឹងផ្ទេរមកលេងនៅក្របខ័ណ្ឌ Premier League ដោយចូលរួមលេងជាមួយ Liverpool ដែលដឹកនាំដោយ Jurgen Klopp។

ចំនែកឯ Liverpool វិញ មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបង្ហាញពីការចាប់អារម្មណ៍លើកីឡកររូបនេះទេ ថ្វីត្បិតតែក្លិបចង់បាននូវខ្សែប្រយុទ្ធក៏ពិតមែនក្តី។ សូមបញ្ជាក់ផងដែរថា Higuain បានដាក់សំណើរអំពីការចាកចេញពី Napoli ហើយគាត់ចង់មកលេងឲ្យ Liverpool ទោះបីក្លិបមិនបានទៅប្រកួតពានរង្វាន់អ៊ឺរ៉ុបនៅរដូវកាលក្រោយក្តី៕

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]