អាមេរិក៖ កាលពីពេលថ្មីៗនេះ សត្វស្វាឪ Gorilla ដ៏ធំមួយក្បាល ត្រូវបានក្រុមការងារ នៅក្នុងសួនសត្វមួយកន្លែង បាញ់សម្លាប់ ក្រោយពេលមានក្មេងប្រុសធ្លាក់ចូលក្នុងរបងហាមឃាត់ របស់សត្វស្វាឪនោះរួចមក។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅសួនសត្វ ប្រចាំទីក្រុង Cincinnati រដ្ឋ Ohio សហរដ្ឋអាមេរិក។ ក្នុងនោះ សត្វស្វាឪ អាយុ១៧ឆ្នាំ សម្បុរខ្មៅមាឌធំមួយក្បាល ត្រូវបានបាញ់សម្លាប់ នៅនឹងកន្លែង ក្រោយពីក្មេងប្រុស អាយុ៤ឆ្នាំម្នាក់ ធ្លាក់ពីលើកម្ពស់ ៣.៦ម៉ែត្រ ចូលទៅក្នុងរបងហាមឃាត់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលដែលក្មេងប្រុសនោះ ធ្លាក់ចូលទៅក្នុងរបងហាមឃាត់ សត្វស្វាឪដែលមានឈ្មោះថា Herambe បានចាប់អូស ក្មេងប្រុសនោះ ចម្ងាយជាច្រើនម៉ែត្រ នៅលើប្រឡាយទឹក។

ផ្ទុយទៅវិញ អ្នកដែលបានឃើញ ហេតុការណ៍នោះ បានអះអាងថា សត្វស្វាឪ Gorilla ឈ្មោះ Herambe មិនមានបំណង ធ្វើបាបក្មេងប្រុសនោះឡើយ ប៉ុន្តែវាបានការពារ ក្មេងប្រុសនោះទៅវិញទេ។

សាក្សីនៅកន្លែងកើតហេតុ កញ្ញា Kim O’Connor បានប្រាប់ឲ្យដឹងថា «មនុស្សជាច្រើន បានស្រែកថា មានក្មេងប្រុសម្នាក់នៅក្នុងទឹក... មានក្មេងប្រុសម្នាក់នៅក្នុងទឹក»។ កញ្ញា O’Connor បានអះអាងថា នៅពេលដែលមនុស្សជាច្រើន ចាប់ផ្តើមស្រែក គឺបានធ្វើឲ្យ Herambe មានការភ័យខ្លាច តែម្តង។ «ខ្ញុំមិនដឹងទេថា ការស្រែកនោះ ធ្វើឲ្យវាភ័យខ្លាច ឬមកពីមនុស្សជាច្រើនឈរចោមរោមមើលពីលើមកនោះទេ ហើយប្រហែលជាវាបានគិតថា មនុស្សទាំងអស់នោះ នឹងចូលទៅរកវា ដូច្នេះហើយទើបវាចាប់អូសទាញក្មេងប្រុសនោះ ចេញឆ្ងាយពីហ្វូងមនុស្សតែម្តង»។

គួរបញ្ជាក់ផងដែរថា មុនពេលធ្លាក់ចូល ទៅក្នុងរបងហាមឃាត់ ក្មេងប្រុសរូបនោះ បាននិយាយប្រាប់ម្តាយគេថា រូបគេចង់ចូលទៅទីនោះ (ដើម្បីលេងទឹកប្រឡាយ ក្នុងរបងហាមឃាត់) ខណៈម្តាយរបស់គេ ដ៏បានហាមឃាត់ ផងដែរ។

ទោះបីជាយ៉ាងណា ក្មេងប្រុសរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ «Cincinnati Children's Hospital Medical Centre» ដើម្បីព្យាបាលរបួស ប៉ុន្តែរូបគេ មិនមានរងរបួស ធ្ងន់ធ្ងរអ្វីឡើយ។

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ជាច្រើន បានរិះគន់ ចំពោះសកម្មភាព របស់សួនសត្វ Cincinnati Zoo ដែលបានសម្លាប់ សត្វស្វាឪមួយក្បាលនោះ បើទោះបីជាមាន ការអះអាង ពីខាងសួនសត្វថា ក្មេងប្រុសរងគ្រោះ ស្ថិតក្នុងស្ថានភាពមួយ ដែលអាចគ្រោះថ្នាក់ ដល់ជីវិតក៏ដោយ។

លោក Thane Maynard នាយកសួនសត្វខាងលើ បានប្រាប់ឲ្យដឹងថា «ក្មេងប្រុសរងគ្រោះ បានលូនឆ្លងកាត់របាំងការពារ មុនពេលដែលធ្លាក់ចូល ទៅក្នុងប្រឡាយទឹក ក្នុងរបងហាមឃាត់ របស់សត្វស្វាឪ Gorilla នោះ។ ក្រុមការងារក្នុងសួនសត្វ គ្មានជម្រើសណាមួយ ប្រសើរជាងនេះទៀតឡើយ គឺមានតែបាញ់សម្លាប់ សត្វស្វាឱនោះ ដើម្បីជួយជីវិត ក្មេងប្រុសរងគ្រោះ តែម្តង។ ពួកគេបានជ្រើសរើស ជម្រើសដ៏លំបាកមួយ ហើយពួកគេ ក៏ជ្រើសរើស បានត្រឹមត្រូវផងដែរ ព្រោះពួកគេ បានជួយជីវិត ក្មេងប្រុសនោះ»។

យ៉ាងណាក៏ដោយ លោក Maynard បានបន្ថែមឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលក្រុមការងារ នៃសួនសត្វនេះ បានបាញ់សម្លាប់សត្វ ក្នុងស្ថានភាព ទាន់ហន់បែបនេះ។

ការស៊ើបអង្កេត ចំពោះឧប្បត្តិវហេតុនេះ ក៏កំពុងតែដំណើរការ ផងដែរ៕

សូមទស្សនាវីដេអូ នៅពេលកើតហេតុ ទាំងអស់គ្នា៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]