ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៦ ដោយ​បុរស​ម្នាក់​ដែល​ទើបតែ​លែងលះ​ប្រពន្ធ​បាន​២​ខែ​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ​ជួល​នៅ​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ កែវ ទន់ អាយុ​៤១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ និង​មាន​ទីលំនៅ​ភូមិ​ប៉ោយ​ចារ ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

ឈ្មោះ កែវ បួន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ប្អូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កាលពី​ព្រលប់​ថ្ងៃ​ទី​២៨​ឧសភា ខ្លួន​និង​បងប្រុស​បាន​ផឹក​ស្រាស​ជុំ​គ្នា​តិចតួច លុះ​ងងុយដេក​ខ្លួន​ក៏​ទៅ​ដេក​មុន ដោយ​បងប្រុស​នៅ​អង្គុយ​ផឹក​ម្នាក់ឯង ។ លុះ​ព្រឹក​ឡើង​មិនឃើញ​បង​ក្រោក​ពី​ព្រលឹម​ទៅ​ធ្វើការ​ដូច​សព្វមួយដង ក៏​មក​ហៅ ស្រាប់តែ​ឃើញ​បងប្រុស​ចង​.​ក​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។

បុរស​ចំណាស់​ឈ្មោះ ឈី​ន ឆឺ​ត អាយុ​៦៥​ឆ្នាំ ជា​មេក្រុម​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​កាលពីដើម​រស់នៅ​ជា​លក្ខណៈ​គ្រួសារ មាន​ប្រពន្ធ និង​កូន​២​នាក់ តែ​ទើប​លែងលះ​គ្នា​ប្រហែល​២​ខែ​ប៉ុណ្ណោះ ។ យ៉ាងណា​ក៏​ដោយ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ហ៊ុំ​ព័ទ្ធ​ខ្សែ​ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ​កោសល​វិច័យ ។

លោក អ៊ឹម សុ​ភារៈ មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ប្រាប់​ថា ជន​រង​គ្រោះ​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​ខ្លួនឯង តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ។ សព​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុងភូមិ​កើតហេតុ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]