រាជធានី​ភ្នំពេញ ៖ កា​រខក​ចិត្តបាន​កើតឡើង​សម្រាប់​ភាគី​អ្នក​ស្លាប់ នៅ​ពេល​ការ​ណាត់ជួប​គ្នា​ដោះស្រាយ​ត្រូវ​ខកខាន ដោយសារ​ភាគី​តារាចម្រៀង​លោក​ខេ​ម ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​អវត្តមាន ។ ក្រុម​គ្រួសារ​អ្នក​ស្លាប់​បាន​ត្រៀម​ទទួល​ជួប​គ្នា​នៅផ្ទះ​របស់​ខ្លួន ប៉ុន្តែ​ក្រោម​ហេតុផល​មាន​ជំងឺ ភាគី​លោក​ខេ​ម​ពុំ​បាន​ទៅ​ទេ ។

លោក​លី ម៉ាត់​លី អាយុ​៣៥​ឆ្នាំ ជា​បងប្រុស អ្នក​ដែល​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​លោក​ខេ​ម ឱ្យ​ដឹង​ថា បងស្រី​លោក​ខេ​ម ខកខាន​ទៅ​ជួប​ដោះស្រាយ​គ្នា​នា​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៧ ឧសភា ២០១៦ ដោយ​ប្រាប់​តាម​ទូរស័ព្ទ​ថា គាត់​មាន​ជំងឺ​ទៅ​អត់​រួច​ទេ ។ នៅផ្ទះ​លេខ​១៨៤៥ ភូមិ​ច្រាំង​ចំរេះ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ខណ្ឌឫស្សីកែវ ទី​ណាត់​ដែល​ខកខាន​នោះ លោក​លី ម៉ាត់​លី ឱ្យ​ដឹង​ថា បន្ទាប់​ពី​ប្អូនប្រុស​របស់​លោក​ឈ្មោះ​លី ការី​ម អាយុ​២៧​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​មីក្រូ​ហិញ្ញ​វត្ថុ M F I ស្លាប់​បង្ក​ដោយ​រថយន្ត​របស់​លោក​ខេ​ម មក នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា បងស្រី​របស់​លោក​ខេ​ម បាន​ទៅ​ចូល​បុណ្យសព​ចំនួន​២៥០​ដុល្លារ ។​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ស្ត្រី​ដដែល​នោះ​បាន​ទៅ​ជួប​ដោះស្រាយ​គ្នា​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ នៅ​ក្នុង​ជំនួប​ដោះស្រាយ​គ្នា​នោះ បងស្រី​លោក​ខេ​ម សុំ​ចេញ​សំណង​ចំនួន​៤​ពាន់​ដុល្លារ ចំណែក​ខាង​លោក​ទាមទារ​ចំនួន​២៥០០០​ដុល្លារ ។ ភាគី​ទាំង​២​បាន​សន្យា​ណាត់ជួប​គ្នា​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ទៀត តែ​ខកខាន​ទៅ​វិញ​ដោយ​ភាគី​លោក​ខេ​ម​មិន​ទៅ​តាម​ការ​សន្យា​គ្នា ។

លោក​លី ម៉ាត់​លី និយាយ​ថា «​បើ​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ​ទេ ខ្ញុំ​នឹង​ប្តឹង​ទៅ​តុលាការ​ព្រោះ​ខ្ញុំ​ត្រៀម​ផ្នែក​ផ្លូវច្បាប់​ជា​ស្រេច​ហើយ​។ ខ្ញុំ​ចង់​បញ្ចប់​ត្រឹម​ការ​ចរចា​គ្នា តែ​ខ្ញុំ​មានការ​សោកស្តាយ​ដែល​បងស្រី​អ្នកចម្រៀង​ខេ​ម ខកខាន​មិន​ចូលខ្លួន​មក​ដោះស្រាយ​» ។

លោក​លី ម៉ាត់​លី សំណូមពរ​ឱ្យ​មានការ​ដោះស្រាយ​គ្នា​ក្នុង​កម្រិត​ណាមួយ ដែល​អាច​ទទួលយក​បាន ។ ចំណែក​ចំនួន​ទឹកប្រាក់​២៥០០០​ដុល្លារ ដែល​ទាមទារ​នោះ គឺ​លោក​យក​ទៅ​ចំណាយ​លើ​ការ​រត់ការ​ឯកសារ​ផ្លូវច្បាប់ ការ​ធ្វើ​បុណ្យសព សងការ​ខូចខាត ផ្សេង​ៗ និង​ធ្វើ​និក្ខេបបទ​ស្តី​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដើម្បី​ឱ្យ​យុវជន​បាន​យល់ ។ ទោះបីជា​យ៉ាងណា​ក្តី ការ​ចរចា​នោះ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​ទេ ។

មាន​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ដែរ​ថា សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន លោក​ខេ​ម បាន​ធ្លាក់​ដល់​ដៃ​តុលាការ​ហើយ ។ ភាគី​ទាំង​ពីរ​គឺ​លោក​ខេ​ម និង​ក្រុម​គ្រួសារ​អ្នក​ស្លាប់ នឹង​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។

ការ​សម្រុះសម្រួល​ក្រៅ​ផ្លូវច្បាប់ នៅ​តែ​មិន​អាច​បញ្ចប់​សំណុំរឿង​បាន​ទេ ពិសេស​ក្រោយ​ពី​រង​ការ​រិះគន់​ពី​មហាជន និង​ក្រុម​អ្នក​ច្បាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ដាច់ខាត​មិន​អាច​បង់​សំណង​ហើយ​រួចខ្លួន​ទេ ។ នៅ​ពេល​នេះ​សំណុំរឿង​បាន​ធ្លាក់​ដល់​ដៃ​តុលាការ​ហើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សឿ​ន សា​រឿ​ន នាយ​រង​ផ្នែក​វាស់វែង​វិវាទ​ចរាចរណ៍​នៃ​ការិយាល័យ​ចរាចរណ៍​ជើង​គោក រាជធានី​ភ្នំពេញ ។ លោក​សឿ​ន សា​រឿ​ន បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​បាន​បញ្ជូន​សំណុំរឿង​ទៅ​កាន់​តុលាការ​តាម​បញ្ជា​របស់​ថ្នាក់លើ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ ព្រោះតែ​បញ្ហា​នេះ​មិន​អាច​បញ្ចប់​ត្រឹម​ការ​សម្រុះសម្រួល​គ្នា​ទេ ។ ការ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​នេះ បន្ទាប់​ពី​លោក​ខេ​ម បដិសេធ​មិន​ព្រម​ផ្ដល់​សំណង​ចំនួន​២៥០០០​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​ទៅ​ភាគី​ជន​រង​គ្រោះ ។

លោក​សឿ​ន សា​រឿ​ន ឱ្យ​ដឹង​ថា ការ​សម្រុះសម្រួល​បង់ប្រាក់​នោះ គឺ​គ្រាន់តែ​ដើម្បី​បញ្ចប់​លើ​បណ្ដឹងរដ្ឋប្បវេណី​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​បញ្ចប់រឿង​ក្តី​ទាំងស្រុង​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ទេ ។ ទោះជា​យ៉ាងណា​ក្តី លោក​មិនដឹង​ថា តារាចម្រៀង​ខេ​ម​នឹង​ត្រូវ​ជាប់ពន្ធ​ធនាគារ ឬ​ពិន័យ​បែប​ណា​ទេ ដរាបណា​ភាគី​ទាំង​ពីរ​មិន​ទាន់​ចូល​ដល់​តុលាការ និង​មិន​ទាន់​ត្រូវ​តុលាការ​កាត់សេចក្ដី ។

លោក​សឿ​ន សា​រឿ​ន បដិសេធ​មិន​ទម្លាយ​ឲ្យ​ដឹង​ទេ​ថា តើ​ភាគី​អ្នក​ស្លាប់ ឬ​លោក​ខេ​ម​ជា​អ្នក​ខុស​ច្រើន​ជាង ដោយ​លោក​អះអាង​ថា រង់ចាំ​ឲ្យ​តុលាការ​កាត់ក្ដី​វិញ​ល្អ​ជាង ។ ចំពោះ​បញ្ហា​ផ្លូវច្បាប់ ឲ្យ​តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​មាន​របួស​ស្នាម និង​សម្រាក​ក្នុង​មន្ទីរពេទ្យ​លើស​ពី​១​អាទិត្យ គឺ​ត្រូវ​តែ​បញ្ជូន​សំណុំរឿង​ទៅ​កាន់​តុលាការ ទើប​លោក​បញ្ជូន​រឿង​នោះ​ទៅ​តុលាការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បាន​ទេពី​លោក​ខេ​ម ប៉ុន្តែ​ក្រោយ​កើតហេតុ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​គេ​កត់សម្គាល់​ឃើញ​ថា សំណុំរឿង​នេះ​គ្រោង​បញ្ចប់​ត្រឹម​ការ​សម្រុះសម្រួល​គ្នា​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​ភាគី​ទាំង​សងខាង តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ ។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​លោក​ខេ​ម​ជួប​នោះ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ឃ្លាំង​ស្ថានីយ​ប្រេង​សូ​គី​ម៉ិច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។ រថយន្ត​ស៊េរី​ទំនើប​ម៉ាក RangRover ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-9987 បើក​ដោយ​លោក​ខេ​ម ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​រថយន្ត​ស៊េ​រី​ទំនើប​មួយ​គ្រឿង​ទៀត​ម៉ាក CeLiCa ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-5575 បើក​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ពី​ទិស​ដៅ​បញ្ច្រាស​គ្នា​។ ពេល​ដល់​ចំណុច​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​បាន​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​ជា​ម្ចាស់​រថយន្ត CeLiCa ស្លាប់​ក្នុង​រថយន្ត ។ បុរស​នោះ​ឈ្មោះ​លី ការី​ម អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ ។

មហាជន​រង់ចាំ​មើល​តើ​សំណុំរឿង​មួយ​នេះ​នឹង​ត្រូវ​តុលាការ​កាត់សេចក្តី​យ៉ា​ង​ណា ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]