រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​នាង គី​ម លី​ហ្សា បាន​បង្ហាញ​រូបរាង​នាង​ពពោះ​១៨​ស​ប្តា​ហ៍ បន្ទាប់​ពី​រៀប​ការ​ជាមួយ​អាណិកជន​ខ្មែរ​នៅ​អូស្ត្រាលី​អស់​ពេល​ជាង​៣​ឆ្នាំ និង​បាន​រស់នៅ​ទីនោះ ។

មិនមែន​ជា​លើ​ទី​មួយ​ទេ​ដែល​នាង​គឹ​ម លី​ហ្សា បង្ហាញ​ការ​មាន​ផ្ទៃពោះ​លើក​ដំបូង​របស់​នាង​ដល់​មហាជន ដោយ​កន្លង​មក​នាង​បាន​បង្ហាញ​ម្តង​ដែរ ខណៈ​ពេល​ដែល​នាង​ពពោះ​៦​ស​ប្តា​ហ៍ ។

កូន​នៅ​ក្នុង​ផ្ទៃ​ដែល​នឹង​ចាប់កំណើត​ឃើញ​ភព​ផែនដី​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ មិន​ត្រូវ​គឹ​ម លី​ហ្សា បញ្ជាក់​ថា ជា​កូនស្រី ឬ​ប្រុស​នៅឡើយ​ទេ ពោល​គឺ​នាង​ចាំ​ឆ្លុះ​អេកូ​នៅ​ពេល​កូន​របស់​នាង​បាន​គម្រប់​២០​ស​ប្តា​ហ៍ ។

រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​រូបរាង​ពពោះ​រយៈពេល​១៨​ស​ប្តា​ហ៍​ត្រូវ​គឹ​ម លី​ហ្សា បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ២០១៦ ពី​ប្រទេស​អូស្ត្រាលី ទី​ដែល​នាង​កំពុង​ស្នាក់​នៅ ហើយ​បាន​ទទួល​ការ​សាទរ និង​សាកសួរ​ពី​បញ្ហា​សុខភាព​ពី​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​របស់​នាង ។

ជាមួយ​រូបថត​មួយ​សន្លឹក​នេះ គឹ​ម លី​ហ្សា ភ្ជាប់​មក​ជាមួយ​សារ​ដ៏​ខ្លី​ថា «​ថ្ងៃនេះ​កូន​ក្នុង​ផ្ទៃ បាន​១៨​អាទិត្យ​ហើយ តែ​ម៉ាក់​មិន​ទាន់​បាន​ទៅ​មើល​អេកូ​ស្រី ឬ​ប្រុស​ទេ ចាំ​២០​អាទិត្យ​ចាំ​មើល​សរុប​។ មា​៉​ក់​សង្ឃឹមថា កូន​នឹង​មាន​សុខភាព​ល្អ​ណា​» ។

ឆ្លើយ​តប​ទៅ​នឹង​ការ​សាកសួរ​ពី​ប្រិ​យ​មិត្ត​នៅ​ខាងក្រោម​រូបថត​នេះ គឹ​ម លី​ហ្សា អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​នាង​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ជា​កូនប្រុស ឬ​កូនស្រី ប៉ុន្តែ​នាង​អះអាង​ថា នេះ​ជា​កូន​ដំបូង​របស់​នាង បើ​ទោះបីជា​កូនស្រី ឬ​ក៏​ប្រុស ក្តី នាង​ស្រឡាញ់​ដូច​គ្នា ។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សុខភាព​វិញ គឹ​ម លី​ហ្សា អះអាង​ថា ពេល​នេះ​នាង​ចាប់ផ្តើម​ធ្វើទុក្ខ ខ្លះ​ៗ​ហើយ គឺ​មិន​ដូច​ជា​ពេល​នាង​ទើបតែ​ពពោះ​បាន​៦​ស​ប្តា​ហ៍​ទេ ។ ពេល​ខ្លះ​មាន​អាការ​ចុក​ត្រគាក​ទាំង​សងខាង និង​រមួលក្រពើ ដែល​អាការ​បែប​នេះ​តែងតែ​កើត​មាន​ឡើង​ស្ទើរតែ​គ្រប់​ស្ត្រី​ដែល​កំពុង​ពពោះ​ទាំងអស់ ។ ហេតុនេះ​នាង​ត្រូវ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ជា​ប្រចាំ ប៉ុន្តែ​នាង​ហាក់​មិន​មានការ​បារម្ភ​ឡើយ ដោយសារ​តែ​គ្រូពេទ្យ​យកចិត្តទុកដាក់​ខ្ពស់ និង​ប្រើ​សម្តីពីរោះ​ដល់​នាង ។

គឹ​ម លី​ហ្សា ដែល​ជា​តារាចម្រៀង និង​វិ​វ​ឌ្ឍ​ខ្លួន​ជា​តារា​សម្តែង បាន​ចូល​រោងការ​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ ២០១៣ ជាមួយ​ស្វាមី លោក​គី​វ វុ​ទ្ធី ជា​គ្រូពេទ្យ​រស់នៅ​ប្រទេស​អូស្ត្រាលី ។

បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍​មិន​បាន​ប៉ុន្មាន​ខែ​ផង គឹ​ម លី​ហ្សា សម្រេចចិត្ត​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​រស់នៅ​ជាមួយ​ស្វាមី​របស់​នាង​ក្នុង​ប្រទេស​អូស្ត្រាលី និង​បាន​កាត់​ផ្តាច់​ពី​អាជីព​សិល្បៈ​ទាំងស្រុង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]