អង់គ្លេស៖ Marcus Rashford កីឡាករវ័យទើបតែ ១៨ឆ្នាំ លេងឲ្យក្លិបបិសាចក្រហម Manchester United បានបង្កើតកំណត់ត្រាថ្មី ដែលជាកីឡាករវ័យក្មេងជាងគេ ដែលស៊ុតបញ្ចូលទីនៅនាទីទី៣ ក្នុងការបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុមជំរើសជាតិអង់គ្លេស ហើយជួយឲ្យក្រុមយកឈ្នះក្រុមជំរើសជាតិអូស្រ្តាលី ក្នុងលទ្ធផល ២-១ ។

នៅក្នុងការប្រកួតមិត្តភាពចុងក្រោយ មុននឹងលោកគ្រូបង្វឹកក្រុមជំរើស ជាតិអង់គ្លេសបង្ហាញនូវបេក្ខភាព ២៣រូប សម្រាប់ទៅប្រកួតយកពានរង្វាន់ EURO នោះ កីឡាករវ័យក្មេង Rashford រូបនេះ បានបង្ហាញនូវទម្រង់លេងយ៉ាងអស្ចារ្យ ខណៈដែលកីឡាករ Daniel Sturridge កំពុងព្រួយបារម្ភអំពីបញ្ហារបួសរបស់ខ្លួន ដែលអាចនឹងខកខានមិនបានទៅប្រកួត ក្នុងពានរង្វាន់ EURO 2016 ។ 

Rashford បានស៊ុតបញ្ចូលទីគ្រាប់ទីមួយ នៅនាទីទី៣ នាំមុខក្រុមជំរើសជាតិអូស្រ្តាលីមុននៅក្នុង តង់ទីមួយ។ ចូលដល់តង់ទី២ គ្រាប់បាល់ទីពីរក៏បានកើតឡើង ដែលស៊ុតបញ្ចូលទីដោយកីឡាករ Wayne Rooney ដែលទើបនឹងដូរចូលនៅតង់ទីពីរនេះ ហើយគ្រាប់បាល់នេះ គឺជាគ្រាប់បាល់ទី៥២ របស់ខ្លួនសំរាប់ក្រុមជំរើសជាតិផងដែរ។ ចំនែកឯគ្រាប់បាល់របស់អូស្រ្តាលីវិញ កើតឡើងដោយសារ ការតែតចូលទីខ្លួនឯងរបស់កីឡាករ Eric Dier។

ចំនែកឯគ្រូបង្វឹករបស់ក្រុមតោកំណាចអង់គ្លេស លោក Roy Hodgson វិញកំពុងតែយកចិត្តទុកដាក់ក្នុងការជ្រើសរើសបេក្ខភាពឲ្យបានមុនកាលកំណត់ សម្រាប់ត្រៀមទៅប្រកួត EURO 2016 ដែលនឹងប្រព្រឹត្តឡើងឆាប់ៗនេះ៕

ប្រភព៖ Skysports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]