ភ្នំពេញ ៖ កាលពីថ្ងៃទី ២៨ ឧសភា ឆ្នាំ២០១៦ ព្រឹកមិញនេះ ធនាគារ មេយប៊ែងកម្ពុជា (Maybank) បានរៀបចំការដាក់ សម្ភោធឲ្យប្រើប្រាស់ នូវសេវាកម្មធនាគារតាមរយៈទូរស័ព្ទដៃ ដែលប្រារព្ធធ្វើឡើងនៅទីតាំងអគារ Maybank Tower ក្រុងភ្នំពេញ ផ្ទាល់តែម្តង ដើម្បីបង្ហាញពីលក្ខណៈពិសេស និងភាពកាន់តែងាយស្រួលសម្រាប់ អតិថិជនផងដែរ។

តួយ៉ាងកម្មវីធី App ថ្មីនេះ របស់សេវាកម្មធនាគារតាមទូរស័ព្ទដៃ របស់ Maybank នេះ បានដាក់បញ្ជូលនូវបច្ចេកវិទ្យាទំនើប ឈានមុខគេនៅក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា ដោយមានសមត្ថភាពក្នុង ការចង្អុលបង្ហាញពីទីតាំងជាក់ស្តែង និងស្កេន QR កូដ។ អតិថិជនរបស់ធនាគារ Maybank អាចរីករាយជាមួយនឹងបទពិសោធន៍ថ្មី ក្នុងវិស័យធនាគារដោយទទួលបាន ការបម្រើសេវាកម្មធនាគារតាមរយៈបច្ចេកវិទ្យាមួយនេះ។ សេវាកម្មធនាគារតាមទូរស័ព្ទដៃនេះ ត្រូវបានសម្ភោធឲ្យប្រើប្រាស់ ដោយនាយកផ្នែកសេវាកម្មហិរញ្ញវត្ថុ សហគមន៍នៃសម្ព័ន្ធធនាគារ Maybank គឺលោក ដាទុ លឹម ហុងតាត និងនាយិកាប្រតិបត្តិនៃធនាគារ Maybank កម្ពុជា លោកស្រី ស៊ិនត្សៀ លីវ ដោយមានការចូលរួមពី សំណាក់អ្នកចូលចិត្តបច្ចេកវិទ្យា រូមមាន ធុរជន សិស្សនិស្សិត និង បុគ្គលល្បី នៅក្នុងប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះដែលអតិថិជន អាចមើលសមតុល្យគណនី ដូចជាប្រតិបត្តិការទិញទំនិញ តាមប័ណ្ណឥណពន្ធ និងបញ្ជាធ្វើប្រតិបត្តិការសាមញ្ញៗ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយកាតបន្ថយនូវការ ធ្វើដំណើរមកកាន់សាខាធនាគារ។ លើសពីនេះទៅទៀត កម្មវិធីនេះក៏ផ្តល់ភាពងាយស្រួល ក្នុងការផ្ញើរលុយទៅកាន់បុគ្គលម្នាក់ទៀត តាមរយៈទូរស័ព្ទ និងអាចដកប្រាក់បានតាម គ្រប់ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ របស់ធនាគារ Maybank ដោយមិនចាំបាច់ប្រើកាត។ ហើយលោកអ្នកអាចទាញយកកម្មវិធីសេវាកម្មធនាគារ តាមទូរស័ព្ទ របស់ធនាគារ Maybank ដោយស្វែងរកពាក្យ “Maybank KH” តាមប្រព័ន្ធដំណើរការទូរស័ព្ទ iOS និង Android ដែលមាននៅក្នុង App Store ផងដែរ។

បើតាមប្រសាសន៍របស់លោក ដាទុ លឹម ហុងតាត នាយកផ្នែកសេវាហិរញ្ញវត្ថុសហគមន៍ បានលើកឡើងថា «កម្មវិធីក្នុងថ្ងៃនេះ ជាសមិទ្ធផលមួយក្នុងការសម្រេចនូវយុទ្ធសាស្រ្ត របស់ធនាគារ Maybank ឆ្នាំ២០២០ ក្នុងការក្លាយខ្លួនជា ធនាគារឌីជីថលជម្រើសទីមួយ យោងតាមចក្ខុវិស័យ ដែលទើបតែប្រកាសថ្មីៗនេះ គឺសម្រចគោលបំណង របស់អាស៊ីជាមួយអ្នក »

លោកក៏បានបន្ថែមទៀតដែរថា «សេវាកម្មធនាគារតាមទូរស័ព្ទដៃនេះ បានបង្ហាញពីការប្តេជ្ញាក្នុងការបម្រើ សេវាអតិថិជនដ៏ល្អ ជាមួយនឹងបទពិសោធន៍ថ្មី ហើយនេះក៏ជាការបង្ហាញពីការខិតខំប្រឹងប្រែងរបស់ធនាគារ ក្នុងការបង្កើតនូវប្រព័ន្ធធនាគារ ដែលមានលក្ខណៈឌីជីថល ដើម្បីឆ្លើតតប ទៅនឹងតម្រូវការរបស់អតិថិជន ជាពិសេសយុវជនសម័យថ្មីផងដែរ»

រូបភាព៖ លោក ដាទុ លឹម ហុងតាត នាយកផ្នែកសេវាហិរញ្ញវត្ថុសហគមន៍

ដោយឡែកបើតាមប្រសាសន៍របស់លោកស្រី ស៊ិនត្សៀ លីវ នាយិកាប្រតិបត្តិ ធនាគារ Maybank កម្ពុជា បានលើកឡើងថា «ធនាគារ Maybank បានចូលរួមគាំទ្រយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញចរន្តសេដ្ឋកិច្ច ដោយគ្មានក្រដាសប្រាក់ និងលើកស្ទួយប្រព័ន្ធធនាគារ ដែលមានលក្ខណៈឌីជីថល។ ប្រព័ន្ធធនាគារដែលមានលក្ខណៈឌីជីថល មិនត្រឹមតែផ្តល់នូវភាព ងាយស្រួលតែប៉ុណ្ណោះទេ តែវាក៏មានសុវត្ថិភាពខ្ពស់ដោយសារមាន ប្រព័ន្ធការពារច្រើនដំណាក់កាលផងដែរ»

លោកស្រីបន្ថែមទៀតថា «សេវាកម្មធនាគារតាមទូរស័ព្ទដៃនេះ ជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗដទៃទៀត របស់ធនាគារ Maybank នៅក្នុងប្រទសកម្ពុជា និងផ្នែកមួយនៃយុទ្ធសាស្រ្ត ក្នុងការចែកចាយសេវាកម្មធនាគារ។ វាបាន.សបញ្ជាក់ថា ការទទួលយកសេវាកម្មធនាគារ គឺមានភាពងាយស្រួល និងរីករាយ ទន្ទឹមនឹងនេះក៏មានសុវត្ថិភាពខ្ពស់ផងដែរ»

រូបភាព៖ លោកស្រី ស៊ិនត្សៀ លីវ នាយិកាប្រតិបត្តិនៃធនាគារ Maybank កម្ពុជា

ប្រវត្តិខ្លះៗទាក់ទងនិងធនាគារ Maybank-សេវាកម្មផ្នែកហិរញ្ញវត្ថុដែល ប្រកបដោយអារ្យធម៌៖

ធនាគារ Maybank គឺជាធនាគារមួយក្នុងចំណោមសម្ព័ន្ធធនាគារ ដែលឈានមុខគេក្នុងតំបន់អាស៊ី និងស្ថិតក្នុងលំដាប់ទី៤ ក្នុងចំណោមធនាគារដែលមានដើមទុន ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លើសពីនេះទៅទៀត ធនាគារនេះបានជាប់លំដាប់ថ្នាក់ក្នុង ចំណោមធនាគារដែលឈានមុខគេទាំង ២០ក្នុងពិភពលោក ដែលត្រូវបានវាយតម្លៃដោយទីផ្សារ ប្លុមប៊ើក (Bloomberg Markets) ក្នុងរយៈពេល ២ឆ្នាំ ជាប់ៗគ្នានាឆ្នាំ ២០១៣ និង ២០១៤ ។ សម្ព័ន្ធធានាគារ Maybank មានបណ្តាញជាង ២,៤០០ ការិយាល័យ ក្នុងប្រទេសចំនួន ២០ដែលរួមមាន ប្រទេសម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ប្រុយណេ វៀតណាម កម្ពុជា ថៃ ប៉ាពូញូហ្គីនៀ ទីក្រុងហុងក្រុងនៃសារធារណៈរដ្ឋប្រជាមានិតចិន បារេន អូបេគីស្ថាន ភូមា ឡាវ ប៉ាគីស្ថាន ឥណ្ឌា អារ៉ាប់ប៊ីសាអូឌី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

បន្ថែមលើនេះ សម្ព័ន្ធធនាគារបានពង្រីក វិសាលភាពនៃផលិតផល និងសេវាកម្មរបស់ខ្លួនដែលរួមបញ្ចូល ទាំងសារជីវកម្មធនាគារ និងអាជីវកម្មសម្រាប់អតិថិជន ការវិនិយោគវិស័យធនាគារ សម្ព័ន្ធធនាគារអ៊ីស្លាម ភ្នាក់ងារកណ្តាលផ្នែកទីផ្សារមូលប័ត្រ សេវាធានារ៉ាប់រង និងការគ្រប់គ្រង មូលធនជាដើម។ សម្ព័ន្ធធនាគារមានបុគ្គលិកជំនាញប្រមាណជាង ៤,៧០០នាក ដែលកំពុងតែបម្រើសេវាកម្ម ដល់អតិថិជន ប្រមាណជាង ២២លានពាន់នាក់ ទូទាំងពិភពលោក។

(www.maybank2u.com.kh)

គូសបញ្ជាក់ដែរថា ធនាគារ Maybank ចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៣ និងបច្ចុប្បន្នមានចំនួន ២១សាខា និងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិចំនួន ៤០នៅទូទាំងប្រទេស សម្រាប់បម្រើសេវាកម្មជូនចំពោះអតិថិជន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]