រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​ជ្រុល ​ទៅ​កៀ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត ដែល​ធ្វើ​ដំណើរ​ស្រប​​​ទិស​គ្នា​ បណ្តាល​ឱ្យ​រថយន្ត​ស៊េរី​ទំនើប​នោះ ​រង​ការ​ខូចខាត​ទ្វារ​ខាងស្តាំ ហើយ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​អ្នក​បើករថយន្ដ​ដែល​កៀរ​គេ​ មិន​ចេញពី​រថយន្ត​មក​ដោះស្រាយ​ទេ ធ្វើ​ឱ្យ​ម្ចាស់​រថយន្ដ​ស៊េរី​ទំនើប​ខឹងសម្បា​យ៉ាង​ខ្លាំង​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ឧសភា នៅ​មុខ​ស្ថានទូត​ថៃ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្ដម ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​មែរ​សឺ​ដេ​ស ពណ៌​ស ​ពាក់​ស្លាក​លេខភ្នំពេញ 2L-9988 ក្នុង​រថយន្ត​មាន​គ្នា​៣​នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ប្រា​ដូ ពណ៌​.ស ពាក់​ស្លាក​លេខ​រដ្ឋ 172-0242 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា និង​មាន​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ក្នុង​ទិស​ដៅ​ស្របគ្នា ។

ពេល​មក​ដល់​កន្លែង​កើតហេតុ រថយន្ត​ប្រា​ដូ​នោះ​បាន​បន្ថែម​ល្បឿន​ជែង​មក​ខាងស្តាំ ​ក៏​កៀ​រថយន្ត​មែរ​សឺ​ដេ​ស​បណ្តាល​ឱ្យ​រង​ការ​ខូចខាតទ្វារ ។ ភ្លាម​នោះ ​រថយន្ត​ដែល​បើក​កៀរ​គេ មិន​ព្រម​ឈប់ដោះស្រាយ​គ្នា​ទេ និង​បាន​ព្យាយាម​បើក​រត់​តែ​ត្រូវ​រថយន្ត​ដែល​រង​ការ​ខួច​ខាត​បើកដេញ​តាម​ឃាត់​ចម្ងាយ​ប្រហែលជា​១០០​ម៉ែត្រ​ទើប​ស្ទាក់​ចាប់​បាន ។

បើ​តាម​សម្ដី​របស់​ម្ចាស់​រថយន្ដ​មែរ​សឺ​ដេ​ស​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បើករថយន្ត​កៀរ​រថយន្ត​គាត់​ហើយ គេ​មិន​ព្រម​ចុះ​មក​ដោះស្រាយ​គ្នា​ទេ ព្រមទាំង​យកឈ្មោះ​អ្នកធំ​មក​ប្រើ​ថែម​ទៀត​ផង ធ្វើ​ឱ្យ​គាត់​ក្ដៅចិត្ដ ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ឱ្យ​វាស់​ជាតិ​អាល់កុល​អ្នក បើកបរ​រថយន្ត​ប្រា​ដូ​នោះ ហើយ​លទ្ធផល​នៃ​ការ​វាស់​ជាតិ​អាល់កុល​ជន​បង្ក​មាន​កម្រិត​ជាតិ​ស្រវឹង​០,៨២​ក្នុង​មួយ​លី​ត្រ​ខ្យល់ ។

ក្រោយ​ពល​កើតហេតុ​ សមត្ថកិច្ច​បាន​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រង់ចាំ​ដោះ ស្រាយ​នៅ​ពេល​ក្រោយ ៕ 

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកករណីស្រដៀងគ្នានេះដែរ ព្រោះតែជាតិអាល់កុលពង្វក់គ្រប់គ្រងស្មារតីលែងបាន បុរស រួមនិងនារីស្រស់ស្អាតម្នាក់ បានបើករថយន្ត Lexus LX570 របស់ខ្លួនទៅកៀររថយន្ត Toyota Prius ហើយព្យាយាមបើករត់ តែត្រូវបានភាគីម្ចាស់រថយន្ត Prius រួមនិងមិត្តភក្តិ ប្រដេញតាមស្ទាក់ជាប់។ ទីបំផុតម្ចាស់រថយន្តបង្កហេតុយល់ព្រមប្រគល់ថវិកា ៤០០ដុល្លារ ជាសំណង ដើម្បីបញ្ចប់រឿង។

មន្រ្តីនគរបាល បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១២ និង៤០នាទី យប់ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតលើផ្លូវលេខ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់ រួមនិងនារីស្រស់ស្អាតម្នាក់ ជិះរថយន្ត Lexus LX570 ពាក់ស្លាកលេខ ភ្នំពេញ 2V-0555 ជាមួយអាការៈស្រវឹង។ លុះដល់កន្លែងកើតហេតុ បានកៀររថយន្ត Toyota Prius ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ មួយគ្រឿងក្នុងទិសដៅស្របគ្នា បណ្តាលឲ្យខូចខាតទ្វារ ផ្នែក ខាងឆ្វេង នៃរថយន្តមួយចំហៀង។

ក្រោយបង្កហេតុគ្រោះថ្នាក់ហើយ ម្ចាស់រថយន្ត Lexus LX570 មិនបានឈប់ដោះស្រាយគ្នាទេ បែរជាព្យាយាម បើករត់។ ឃើញរថយន្តបង្កបើករត់ ភាគីខាងរថយន្ត Toyota Prius បានបើកដេញ តែដេញមិនទាន់បានទូរស័ព្ទ ហៅមិត្តភិក្តយករថយន្តមកជួយដេញ ៤គ្រឿងទៀត ដេញស្ទើរតែជុំវិញក្រុងភ្នំពេញ ទីបំផុតរថយន្ត ដែលបើករត់ នោះ ត្រូវដេញចាប់បានមកវិញ នៅជិតកន្លែងបង្កតែម្តង។ ក្រោយពីដេញចាប់បានខាងរថយន្ត Lexus ព្រមសង សំណងដល់ខាងរថយន្តរងគ្រោះ ចំនួន ៤០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]