សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ កម្មករសំណង់មួយក្រុម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីជីកឃើញ ក្តារមឈូសបុរាណដ៏ចម្លែកមួយ ដែលមានអាយុកាល ១៤៥ឆ្នាំ កប់នៅក្រោមផ្ទះមួយកន្លែង ក្នុងទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក ដែលគេជឿជាក់ថា គឺជាក្តារមឈូសរបស់ក្មេងស្រី អាយុ៣ឆ្នាំម្នាក់ ដែលត្រូវបានគេ ប្រើវិធីការពារសព ខណៈនៅក្នុងដៃរបស់នាង មានកាន់ផ្កាកុលាប ពណ៌ក្រហមមួយទង រីឯស្បែក និងសក់វែងពណ៌ទង់ដែងរបស់នាង គេអាចមើលឃើញបាន តាមរយៈកញ្ចក់ នៃក្តារមឈូសនោះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមកម្មករសំណង់ទាំងនោះ កំពុងតែរៀបចំ កែកុនសួនច្បារឡើងវិញនៅក្នុងផ្ទះ ដែលជាកម្មសិទ្ធិ របស់អ្នកស្រី Ericka Karner រួចក៏ប្រទះឃើញ ក្តារមឈូស ដែលធ្វើពីសំណលាយទង់ដែងមួយ កប់នៅក្រោមបេតុង ត្រង់កន្លែងចតឡាន តែម្តង។

រូបភាព៖ ក្តារមឈូសបុរាណ អាយុកាល ១៤៥ឆ្នាំ ដែលគេបានរកឃើញ

ប្រភពដដែលបានឲ្យដឹងទៀតថា សាកសពក្មេងស្រីនោះ ត្រូវបានគេគិតថា គឺជាសាកសពមួយ ក្នុងចំណោមសាកសពរាប់ពាន់ផ្សេងទៀត ដែលត្រូវបានគេកប់ នៅក្នុងពិធីបុណ្យ «Odd Fellows Cemetery» ដែលធ្វើឡើងយៈពេល ៣០ឆ្នាំ មុននឹងពិធីបុណ្យនេះ ត្រូវបានគេបង្ខំឲ្យបិទចោលទៅវិញ នៅក្នុងឆ្នាំ១៨៩០។

ដោយសារតែការអភិវឌ្ឍន៍ដីនៅក្នុងតំបន់នេះ មានសាកសពប្រមាណជា ១៨០,០០០ ត្រូវបានគេផ្លាស់ប្តូរ ទៅបញ្ចុះនៅកន្លែងផ្សេង ក្នុងកំឡុងឆ្នាំ១៩២០ ប៉ុន្តែសាកសពក្មេងស្រីនេះ ដែលគេរកឃើញស្លៀករ៉ូបពណ៌ស និងមានដោតផ្កាឡាវ៉ែនឌឺ (Lavender) ជាប់សក់នេះ ត្រូវបានគេទុកចោល។ ទោះបីជាយ៉ាងណា មិនមានសញ្ញាណាមួយ នៅលើក្តារមឈូស ដែលអាចធ្វើការកំណត់អត្តសញ្ញាណ សាកសពក្មេងស្រី ដែលបានរកឃើញ កាលពីថ្ងៃច័ន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦ នោះបានឡើយ។ ប៉ុន្តែសាកសពនោះ ត្រូវបានគេហៅថា «Miranda» ដែលជាឈ្មោះមួយ ជ្រើសរើសដោយកូនស្រីទាំង២ របស់អ្នកស្រី Karner។

យ៉ាងណាមិញ ម្ចាស់ផ្ទះខាងលើអ្នកស្រី Karner ត្រូវបានក្រុមប្រឹក្សាទីក្រុងប្រាប់ថា អ្នកស្រីត្រូវតែទទួលខុសត្រូវ ចំពោះសាកសពក្មេងស្រីនេះ និងតម្លៃឈ្នួលនៃការលើកសាកសពនេះឡើង គឺ៥,៥៥០ ដុល្លារអាមេរិក។ ផ្ទុយទៅវិញ អ្នកស្រីបានប្រាប់ទៅ កាសែត San Francisco Chronicle ឲ្យដឹងថា «វាហាក់បីដូចជា មិនត្រឹមត្រូវ ទាល់តែសោះ។ ទីក្រុងនេះ បានសម្រេចចិត្ត ផ្លាស់ប្តូរកន្លែងកប់សាកសព កាលពី១០០ឆ្នាំមុន ហើយពួកគេគួរតែ ឈរពីក្រោយពីរឿងមួយនេះ»។

យ៉ាងណាក៏ដោយ អ្នកស្រី Karner បាននិយាយថា អ្នកស្រីមានអារម្មណ៍ថា អ្នកស្រីត្រូវតែមើលថែក្មេងស្រីនេះដូចគ្នា ដោយសារតែអ្នកស្រីយល់ថា ឥលូវនេះនាងជាផ្នែកមួយនៃ គ្រួសាររបស់នាង។ ជាមួយគ្នានេះដែរ អ្នកស្រីក៏បានទំនាក់ទំនង ជាមួយនឹងកន្លែងបញ្ចុះសព ឈ្មោះថា «Garden of Innocence» ដែលផ្តល់នូវការបញ្ចុះសព សម្រាប់កុមារដែលមិនស្គាល់អត្តសញ្ញាណ ផងដែរ៕

រូបភាព៖ ក្តារមឈូសបុរាណ អាយុកាល ១៤៥ឆ្នាំ ដែលគេបានរកឃើញ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]