ថៃ៖ ហេតុការណ៍ក្រឡាប់នាវាកំសាន្ត នៅកណ្តាលសមុទ្រក្បែរកោះសាមុយ (Samui) នាឯប្រទេសថៃ គឺជារឿងដ៏អកុសលមួយ ហើយវាបានដក់ជាប់នៅក្នុងចិត្ត មនុស្សជាច្រើន ជាពិសេសអ្នកជួបហេតុការណ៍នោះ ផ្ទាល់តែម្តង។ តែអ្វីដែលអាក្រក់ជាងនេះទៀតនោះ គឺថាជនរងគ្រោះ ដែលមានស្ត្រីម្នាក់ ក្នុងចំណោមអ្នកស្លាប់ និងបុរសម្នាក់ក្នុងចំណោម អ្នកបាត់ខ្លួន គឺជាប្តីប្រពន្ធថ្មោងថ្មី ទើបនឹងរៀបការជាមួយគ្នា ដែលមកធ្វើដំណើរកំសាន្តក្រេបទឹកឃ្មុំ តែបែរជាជួបរឿងបែបនេះទៅវិញ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្តីប្រពន្ធថ្មោងថ្មី ដែលបានជួបរឿងរ៉ាវអាក្រក់ នោះមានឈ្មោះថា Monica O’Connor អាយុ២៨ឆ្នាំ មកពីទីក្រុង Manchester ប្រទេសអង់គ្លេស ជាប្រពន្ធ និងលោក Tim O’Connor ជាប្តី ដែលពួកគាត់ទាំង២ បានរៀបការជាមួយគ្នា កាលពីថ្ងៃទី៧ ខែឧសភា ថ្មីៗនេះ មុននឹងមកធ្វើដំណើរកំសាន្ត ក្រេបទឹកឃ្មុំ នៅឯប្រទេសថៃ។ 

រូបថតនាថ្ងៃអាពាហ៍ពិពាហ៍របស់ Monica និង Tim
រូបថតនាថ្ងៃអាពាហ៍ពិពាហ៍របស់ Monica និង Tim

តែអ្វីដែលមិននឹកស្មាន ពោលគឺនៅពេលដែលពួកគេទាំង២ រួមជាមួយនឹងអ្នកទេសចរ ផ្សេងទៀត ជិះលើនាវាកំសាន្ត Ang Thong Explorer ដើម្បីឆ្ពោះទៅកាន់ កំពង់ផែ Lomphraya នោះស្រាប់តែនាវា របស់ពួកគេទទួលរងការវាយប្រហារ ពីរលកសមុទ្រដ៏ធំ ជាហេតុបណ្តាលឲ្យនាវាក្រឡាប់និង បង្កជារឿងអកុសល បែបនេះតែម្តង។

ក្រៅពីនេះក៏នៅមាន ជនជាតិអង់គ្លេសម្នាក់ទៀត ដែលមានឈ្មោះថា Jason Parnell អាយុ៤៦ឆ្នាំ កំពុងបាត់ខ្លួនផងដែរ ហើយគាត់ក៏បានមកធ្វើដំណើរកំសាន្ត ដើម្បីអបអរខួប អាពាហ៍ពិពាហ៍មួយឆ្នាំ ជាមួយនឹងប្រពន្ធឈ្មោះថា Puja អាយុ៣១ឆ្នាំផងដែរ តែនាងអាចគេចផុត ពីគ្រោះថ្នាក់មួយនេះ។ 

ជនរងគ្រោះផ្សេងទៀត ដែលប្តីបាត់ខ្លួន និងប្រពន្ធរួចរស់រានមានជីវិត

បើតាមការអះអាង ពីមន្ត្រីប៉ូលីសថៃ បានបញ្ជាក់ថា នៅពេលដែលនាវាកំសាន្ត ទទួលរងការបោកបក់ ពីរលកសមុទ្រដ៏ធំ វាក៏បានក្រឡាប់ភ្លាមៗ ជាហេតុធ្វើឲ្យមនុស្ស នៅលើនោះត្រូវធ្លាក់ ចូលក្នុងទឹកសមុទ្រ និងជាប់នៅក្រោមនាវា ទើបបណ្តាលឲ្យមាន អ្នកស្លាប់ របួសច្រើន និងមានអ្នកបាត់ខ្លួនបែបនេះ។

យ៉ាងណាមិញ ពេលនេះប៉ូលីសបាន ធ្វើការឃាត់ខ្លួន នាយនាវា (កាពីតែន) នៃទូកកំសាន្ត Ang Thong Explorer ឈ្មោះថា Sanan Seekakiaw និងត្រៀមធ្វើការចោទប្រកាន់ ពីបទធ្វេសប្រហែស បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស។ តែជាមួយគ្នានេះ Sanan បានប្រាប់ប៉ូលីសថា រូបគេបានប្រាប់ និងណែនាំឲ្យអ្នកទេសចរទាំងនោះ ពាក់អាវពោងសុវត្ថិភាព ទាំងអស់ហើយ តែមានអ្នកខ្លះដោះចេញ អំឡុងពេលដែលនាវា កំពុងធ្វើដំណើរ។

រូបភាពផ្សេងៗទៀត ទាក់ទងនឹងហេតុការណ៍ ក្រឡាប់នាវាកំសាន្ត នៅសមុទ្រប្រទេសថៃ៖ 

ប្រភព៖ ដេលីម៉េល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា រឿងហេតុដ៏អកុសលមួយបានកើតឡើង នៅឯតំបន់ទេសចរដ៏ពេញនិយម ក្នុងប្រទេសថៃ បន្ទាប់ពីមានទូកកម្សាន្តមួយគ្រឿង បានក្រឡាប់នៅកណ្តាលសមុទ្រ ជាហេតុធ្វើឲ្យអ្នកទេសចរ ២នាក់បាត់បង់ជីវិត រងរបួសជាច្រើននាក់ផ្សេងទៀត និងខ្លះទៀតបាត់ខ្លួនផងដែរ។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់សម្តីមន្ត្រីប៉ូលីសថៃ បានឲ្យដឹងថា ទូកកម្សាន្ត Ang Thong Explorer ដែលមានផ្ទុកអ្នកដំណើរសរុប៣២នាក់ និងបុគ្គលិកទូកកម្សាន្ត ៤នាក់នៅលើនោះ បានចាកចេញពីឧទ្យានជាតិ Mu Ko Ang Thong ដើម្បីឆ្ពោះទៅកាន់ កំពង់ផែ Lomphraya តែសំណាងអាក្រក់ នៅម៉ោងប្រហែលជា៥ល្ងាច (ម៉ោងក្នុងស្រុក) ក៏បានទទួលរងការវាយប្រហារពីសំណាក់រលកសមុទ្រដ៏ធំមួយ ដែលបណ្តាលឲ្យទូកនោះ ក្រឡាប់កណ្តាលសមុទ្រ មានទីតាំងស្ថិតត្រង់ចំនុចក្បែរកោះ Samui ដែលជាកោះដ៏ពេញនិយមមួយរបស់ប្រទេសថៃ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា ហេតុការណ៍នេះ បានបណ្តាលឲ្យអ្នកទេសចរ ២នាក់ស្លាប់ ដែលជានារីជនជាតិអង់គ្លេស និងម្នាក់ទៀតនារីហុងកុង។ ក្រៅពីនេះនៅមានបុរសជនជាតិអង់គ្លេសម្នាក់ និងនារីជនជាតិអាល្លឺម៉ង់ម្នាក់ កំពុងបាត់ខ្លួន ស្របពេលដែលជនរងគ្រោះផ្សេងទៀតរងរបួស ដោយក្នុងនោះមាន៧នាក់ រងរបួសធ្ងន់។

មន្ត្រីអ្នកនាំពាក្យប៉ូលិសជាន់ខ្ពស់មួយរូប បានប្រាប់ឲ្យដឹងថា “ខណៈពេលនេះពួកយើង កំពុងតែយកចិត្តទុកដាក់ជួយជនរងគ្រោះទាំងអស់ រីឯប្រតិបត្តិការរុករក អ្នកដែលបានបាត់ខ្លួនកំពុងតែដំណើរការ។ ចំណែកសាកសពនារីរងគ្រោះដែលស្លាប់ទាំង២នាក់ ត្រូវបានគេស្រង់យកចេញពីទឹកឡើងមកហើយ”។

គូសបញ្ជាក់ផងដែរថា ទូកកម្សាន្តដែលជួបគ្រោះថ្នាក់នោះ ត្រូវបានគេដឹងថា ដឹកអ្នកទេសចរចម្រុះជាតិសាសន៍ ដោយក្នុងនោះមានដូចជា ជនជាតិអង់គ្លេស, អាល្លឺម៉ង់, រ៉ូម៉ានី និងចិន ជាដើម។ ហើយនេះគឺជារឿងដ៏អកុសលមួយ ដែលមិនមានអ្នកណា ចង់ជួបប្រទះ តែវាក៏បានកើតឡើង រួចទៅហើយ ដូច្នេះយើងមានតែ ចូលរួមសោកស្តាយ និងរំលែកទុក្ខ ដល់ក្រុមគ្រួសារ និងសាច់ញាតិ នៃជនរងគ្រោះទាំងអស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]