(កំពង់ស្ពឺ)៖ រថយន្តបែនដឹកដីមួយគ្រឿង ដែលមានអ្នកបើកបរមានស្ថានភាពស្រវឹងផងនោះ បានបើកទៅបុកចំហៀង រថយន្តកូរ៉េដឹកកម្មករ បណ្តាលឲ្យមានអ្នករងរបួសមិនតិចជាង៥០នាក់នោះទេ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ជិតរោងចក្រសាន់វ៉ូ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមសេចក្តីរាយការណ៍ជាបឋម ពីសាក្សីដែលបានឃើញហេតុការណ៍នេះ បានប្រាប់អង្គភាព Fresh News។

លោក សាន​ វុទ្ធី នាយនគរបាលប៉ុស្តិ៍ឃុំត្រពំាងគង បានឲ្យដឹងថា ជនរងគ្រោះទាំងអស់ ខ្លះបាក់ដៃ ខ្លះបាក់ជើង រងរបួសធ្ងន់ស្រាលនោះ ត្រូវបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះអស់ហើយ ក្រោយកើតហេតុ តែលោកមិនទាន់ដឹងចំនួនពិតប្រាកដនោះទេ ប៉ុន្តែអ្នកជិះនៅលើរថយន្តមានចំនួនច្រើន ក្រោយចេញពីធ្វើការ។ លោកមេប៉ុស្តិ៍ បានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងដោយសារតែរថយន្តបែនដឹកដី បានធ្វើដំណើរពីក្រោយរថយន្តដឹកកម្មករ ហើយជ្រុលទៅបុកចំហៀង បណ្តាលឲ្យកម្មករដែលកំពុងជិះ នៅលើរថយន្តរងរបួសធ្ងន់ស្រាល។ យ៉ាងណាក៏ដោយ អ្នកបើករថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ជូនសមត្ថកិច្ចផងដែរ៕

ប្រភព៖ Fresh News

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញហេតុការណ៍ស្រដៀងនឹងករណីខាងលើ ក៏ទើបតែកើតឡើងកាលពីថ្ងៃទី២៦ ឧសភា កន្លងទៅនេះដែរ ដែលរថយន្តដឹកកម្មករកាត់ដេរ បុកម៉ូតូបណ្តាលឲ្យយុវជន២នាក់ស្លាប់ និងរបួសកម្មករ៦០នាក់

គួររំលឹកថា យុវជន២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណ:កម្មកររោងចក្រកាត់ដេរប្រមាណ៦០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តដឹកកម្មករ និងម៉ូតូមួយគ្រឿង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅក្បាលព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នៅក្នុងនោះ សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ នៅយប់ថ្ងៃនេះថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបណ្តាលឲ្យបុរស០២ នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរអោយអាណោចអធ័ម ទាំង អ្នកបើកម៉ូតូ និងអ្នករួមដំណើរពីក្រោយ ហើយរងរបួសកម្មករ៦០នាក់ មានប្រុស២នាក់ ក្នុងនោះរបួសធ្ងន់ ០៩នាក់ ស្រាល៥១នាក់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ រថយន្តដឹកកម្មករមកពីកើត ក្នុងទិសញ្ច្រាស់ទិសគ្នា ជាមួយម៉ូតូ ដែលបើកបរយ៉ាងលឿនពីលិចទៅកើត ពេលដល់កន្លែងកើតខាងលើ ម៉ូតូក៏បានរេចង្កូតទៅបុករថយន្តយ៉ាងពេញទំហឹង បណ្តាលអ្នកបើករថយន្តដឹកកម្មករជាន់ហ្រាំង ធ្វើឲ្យក្រឡាប់ទៅលើផ្លូវ ចាក់ជនរងគ្រោះដេកពេញផ្លូវរងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអង្អែកជីភូ ៤៥ នាក់ មន្ទីរពេទ្យខេត្ត ១០ មន្ទីរពេទ្យបង្អែកស្វាយទាប៥ ។ មូលហេតុអ្នកបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង។

ជាមួយគ្នានេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏បានចុះទៅដល់កន្លែងកើតហេតុ និងសួរសុខទុក្ខបងប្អូនកម្មករ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕ 

រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]