កម្លាំងនគរបាលប្រឆាំងគ្រឿង ញៀនខេត្តកំពង់ចាម បានបង្ក្រាបបទល្មើសគ្រឿងញៀន១ករណី ចាប់ខ្លួនជន សង្ស័យបាន៣នាក់ និងវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០១២ នៅ ចំណុចភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនលោក សោម រស់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ជន សង្ស័យដែលបានឃាត់ខ្លួន មានឈ្មោះទី១ឈ្មោះ គូ ណារ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ មានទី លំនៅភូមិបារ៉ាយ ឃុំបុសខ្នុរ ស្រុក ចម្ការលើ.ទី២ឈ្មោះ វឹង ម៉េងលី ហៅឃ្លី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកើតហេតុ ទី៣ឈ្មោះ សំ វាសនា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចម្ការលើ ។

លោក សោម រស់ បានឲ្យដឹងទៀតថា ការបង្ក្រាបបទ ល្មើស គ្រឿងញៀនខាងលើ គឺមុនពេលចុះប្រតិបត្តិការ លោកបានសុំ គោលការណ៍ ពីលោកឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការ នគរបាលខេត្ត និងលោក វរសេនីយ៍ឯក ជឹម សេងហុង ស្នង ការរងទទួលផែនយុត្តិធម៌ ព្រមទាំងមានការឯកភាព ពីស្ថាប័ន អាយ្យការរួច ទើបសមត្ថកិច្ច របស់លោកបានប្រើវិធាន ញុះញុង ដោយឲ្យកម្លាំងភ្នាក់ងារ យកលុយចំនួន២០ដុល្លារ ទិញថ្នាំ ញៀនពីជនល្មើស ទើប នៅរសៀលថ្ងៃទី២៣ ជនសង្ស័យ ឈ្នោះ គូ ណារ័ត្ន បានជិះម៉ូតូមួយគ្រឿងមានគ្នា២នាក់យកថ្នាំញៀន មក ប្រគល់ឲ្យកម្លាំងភ្នាក់ងារ នៅខាងក្រោយសាលា ខេត្ត កំពង់ចាម ទើបបន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះ គូ ណារ័ត្ន តែបក្ខពួកម្នាក់ទៀត បានជិះម៉ូតូគេចខ្លួន។

លោក សោម រស់បន្តថា ក្នុងការចាប់ខ្លួននោះ សមត្ថកិច្ចបានឆែកឆេរ រកឃើញមានថ្នាំញៀនមួយកញ្ចប់តូចនិងលុយ២០ដុល្លារ ជា ប្រាក់ញុះញុង។ ហើយជនសង្ស័យឈ្មោះ ណារ័ត្ន ក្រោយពីឃាត់ ខ្លួន បានឆ្លើយសារភាពថា ឈ្មោះ វឹងម៉េងលី បានប្រើខ្លួន ឲ្យ យកថ្នាំញៀនមកលក់ ទើបសមត្ថកិច្ច បន្តទៅចាប់ខ្លួនឈ្មោះ ម៉េងលី និងឈ្មោះ សំ វាសនា នៅចំណុច ភូមិប្រសំ ឃុំរអាង និងឆែកឆេររកឃើញថ្នាំញៀនចំនួន១១កញ្ចប់ទៀត ក្នុងនោះ កញ្ចប់ ធំចំនួន ២កញ្ចប់ផងដែរ រួមទាំង ថង់សម្រាប់ វេចខ្ចប់មួយ ចំនួន និងឧបករណ៍សេពគ្រឿងញៀន១កំផ្លេ ទូរស័ព្ទចំនួន ៤គ្រឿង។

លោក សោម រស់ បានឲ្យដឹងទៀតថាជនសង្ស័យ ឈ្មោះ ម៉េងលី ក្រោយពីចាប់ខ្លួនទើមសមត្ថកិច្ចដឹងថា ជាមុខសញ្ញាមាន ដីកា បង្គាប់ឲ្យចាប់ខ្លួន លេខ២០៤ ច.ខ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១១ ដោយចៅក្រម សម ប៊ុនថុន។ ប៉ុន្តែមុនចេញដីកាជន សង្ស័យ រូបនេះ រស់នៅភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង សមត្ថកិច្ចបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចងក្រង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការទៅតាមផ្លូវច្បាប់។

គួររំលឹកផងដែរថា គ្រប់ករណីបង្ក្រាបបទល្មើសរបស់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តម សេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត ជានិច្ចជាកាលលោកតែងតែ បានផ្តល់ជាថវិកាលើកទឹកចិត្តដល់កម្លាំង នគរបាលតាមការិយាល័យដែលបានចុះប្រតិបត្តិការបង្ក្រាបនូវបទល្មើសនោះ ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]