រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣ និង​៣៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ មនុស្ស​ប្រុស​៥​នាក់ ជិះ​រថយន្ត​ឡង់​គ្រី​ស័​រ​១​គ្រឿង បាន​បាញ់​ចំនួន​៥​គ្រាប់​នៅ​មុខ​ក្លិប​កំសាន្ត ទ្រូ ហ្វេ​ស តាម​បណ្ដោយ​វិ​ថី​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​៩០ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រួច​បើករថយន្ត​គេចខ្លួន​បាត់ ។

សន្តិសុខ​ក្លិប​កំសាន្ត ទ្រូ ហ្វេ​ស ម្នាក់​បាន​ឲ្យ​ដឹង​ថា រថយន្ត​ឡង់​គ្រី​ស័​រ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-8882 ដែល​ក្នុង​រថយន្ត​នោះ​មាន​មនុស្ស​ប្រុស​៥​នាក់ ហើយ​ក្នុង​មាន​ម្នាក់​ឈ្មោះ រិ​ទ្ធ ហៅ ញ៉ា​ញ់ ដែល​ជា​អ្នក​កាន់​កាំភ្លើង​បាន​បាញ់​៥​គ្រាប់នៅ​មុខ​ក្លិប​ រួច​បើករថយន្ត​គេចខ្លួន​បាត់ ។ សន្តិសុខ​រូប​នោះ​មិន​បាន​បញ្ជាក់​ថា ការ​បាញ់បោះ​សេរី​នេះ​បង្ក​ឡើង​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ ។

ចំពោះ​ករណី​បាញ់បោះ​សេរី​នេះ ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា តើ​ក្រុម​អនាធិបតេយ្យ​ដែល​មាន​កាំភ្លើង​ហើយ​បាញ់បោះ​សេរី​ដែល​ជិះ​សុទ្ធតែ​រថយន្ត​ស៊េរី​ទំនើប ហើយ​ក៏​ប្រហែលជា​កូន​អ្នកមាន​អំណាច ឬ​ក៏​អ្នកមាន​អំណាច​ទាំងនេះ អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ដែរ​ឬ​យ៉ាងណា ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត​៖

គួររំលឹកដែរថា ដោយឡែក មន្រ្តីនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកកៀនស្វាយ ខេត្តកណ្តាលចាប់ខ្លួន ក្រោយពីមន្រ្តីនគរបាលរូបនេះ បានបាញ់បោះសេរី នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំការស្វាយភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនបាញ់បោះរូបនេះមានឈ្មោះ ឡេង សុជាតិ អាយុ ៣៣ ឆ្នាំ ជាមន្ត្រីនគរបាលមានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក អត្តលេខ71985 បំរើការនៅអង្គភាព នាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។

ក្រោយការចាប់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូត អាវុធខ្លីម៉ាក BERTTA លេខ PX5341M ផលិតនៅប្រទេសអុីតាលី បង់មួយមានគ្រាប់១៥គ្រាប់ និងសំបកកាទុសបាញ់រួចអស់ចំនួន៩គ្រាប់ លិខិតបេសកកម្ម 000454 ប័ណ្ណប្រើប្រាស់លេខ ខ អ 9 04365 និងអត្តសញ្ញាណប័ណ្ណ នគរបាលជាតិ១សន្លឹក។

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ពីមន្រ្តីអាវុធហត្ថ ថា ការបាញ់បោះនេះ បណ្តាលមកពីមូលហេតុ អ្វីនោះទេ តែបើតាមប្រភពខ្លះអះអាងថា អាចបណ្តាលមកស្រវឹង។

បច្ចុប្បន្នខាងកំលាំងជំនាញកងរាជអាវុធហត្ថស្រុក កំពុងបន្តនីតិវិធី ដើម្បីចាត់ការតាមច្បាប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]