(ត្បូងឃ្មុំ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការ បង្ក្រាបជនសង្ស័យប្រើប្រាស់ និងជូញដូរគ្រឿងញៀន២នាក់ និងរឹបអូសបានថ្នាំញៀន៤៣កញ្ចប់ ខណៈជនសង្ស័យ​ម្នាក់ទៀត​កំពុងរត់គេចខ្លួន។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំផ្ទាល់ពី លោក​វរសេនីយ៍ត្រី ឈុន សំអូន ប្រធានស្នាក់ការសន្ដិសុខ៧០១ សហការជាមួយកម្លាំង របស់មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តត្បូងឃ្មុំ។

លោកវរសេនីយ៍ទោ អ៊ាង ភារៈ មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រាប់ភា្នក់ងារ Fresh News ថា ជនសង្ស័យដែល២នាក់បងប្អូននេះ ទី១ឈ្មោះ អ៊ឺម ស្រឿន ភេទស្រី អាយុ២៦ឆ្នាំ និងទី២ឈ្មោះ អ៊ឺម សារឿន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស៤២កញ្ចប់តូច ម្សៅក្រាមពណ៌ក្រហម១កញ្ចប់តូច (ទម្ងន់សរុប ៧.៤៨ក្រាម) ឧបករណ៍សម្រាប់សេពគ្រឿងញៀន និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

លោកបានបន្ដថា បន្ទាប់ពីខ្លួនជនសង្ស័យ២នាក់ ខាងលើរួចមក កម្លាំងរបស់លោក​បាន​បន្ដឆែកឆេរលំនៅដ្ឋាន បក្ខពួករបស់ជនសង្ស័យម្នាក់ទៀតឈ្មោះ ស៊ាន ហុង ហៅ តើក ហៅ ម៉ី ភេទប្រុស អាយុ២១ឆ្នាំ ប៉ុន្ដែជនសង្ស័យបានរត់គេចខ្លួនបាត់។ បច្ចប្បន្នជនសង្ស័យទាំង២ ត្រូវបាន​ឃុំខ្លូន​បណ្ណោះអាសន្ននៅទីបញ្ជាការអាវុធខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីជួញដូរគ្រឿងញៀននេះដែរ មេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដែលត្រូវកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនរគបាលជាតិ បង្ក្រាប និងឃាត់​ខ្លួនបាន ជាមួយនឹងវត្ថុតាងជាថ្នាំញៀនរាប់ពាន់គ្រាប់ ត្រូវបានកម្លាំងនគរបាល នៃស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបង បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០១៦នេះ។

ប្រតិបត្តិការបង្ក្រាប មេក្លោងជួញដូរគ្រឿងញៀនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដឹកនាំដោយ លោកវរសេនីយ៍ឯក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន។

ជនសង្ស័យជាមេក្លោងគ្រឿងញៀននេះ មានឈ្មោះ ហុង ពៅ អាយុ៦០ឆ្នាំ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងដកហូតបានថ្នាំញៀន ប្រភេទយ៉ាម៉ា​៣០០០គ្រាប់ ថ្នាំក្រវី១០ថង់ ម៉ាទឹកកក១ថង់ និងកាំភ្លើងខ្លីមួយដើមផងដែរ។

លោកវរសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ប្រាប់ Fresh News ថា នេះជាលើកទី១ ហើយដែលកម្លាំងនគរបាល របស់យើងបង្ក្រាបបានមេក្ខោង ជួញដូរគ្រឿងញៀនដ៏សកម្ម នៅក្នុងភូមិសាស្ត្រ​តំបន់ឡែម ដែលមានភូមិសាស្ត្រស្មុគស្មាញនេះ។ ទោះជាយ៉ាងកម្លាំងនគរបាល របស់យើងនឹងបន្ត ធ្វើការបង្ក្រាបករណីគ្រឿងញៀននេះ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ។

លទ្ធផលនៃការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀននេះ ទទួលបានការអបអរ និងគាំទ្រយ៉ាងខ្លាំងពីថ្នាក់ដឹកនាំនគរបាល និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]