ក្មេងស្រីជំទង់ម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម ដោយសាររន្ទះបាញ់ខណៈនាងដើរចេញពីកន្លែង ដកសំណាប វិលត្រឡប់មកផ្ទះវិញ ពេលភ្លៀងកំពុងធ្លាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី២២ សីហា នៅចន្លោះភូមិត្រពាំងប្ញស្សី និងភូមិត្រពាំងបំរុះ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ។

មន្ត្រីប៉ូលិសមូលដ្ឋានឱ្យដឹងថា ក្មេងស្រីដែលស្លាប់នេះឈ្មោះម៉ៅ ចាន់ណា អាយុ១៥ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងបំរុះ ឃុំព្រៃក្រសាំង ជាកូនស្រីទី៤ និងជាកូនពៅ ។ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនោះ នាងកំពុងដកសំណាប ហើយដោយភ័យខ្លាចពីគ្រោះធម្មជាតិនាងក៏បានរត់ ចេញពីថ្នាលសំណាបជាមួយម្តាយមីងឈ្មោះពៅ អាយុ៤៧ឆ្នាំ ដោយនាងដើរផងរត់ផងពីក្រោយម្តាយមីងតាមភ្លឺស្រែប្រញាប់ ឱ្យឆាប់ដល់ផ្ទះ ។ លុះនៅចម្ងាយប្រមាណ១៥០ម៉ែត្រទៀតចូលដល់ភូមិ នាងក៏ត្រូវរន្ទះកំណាចបាញ់ បណ្តាលឱ្យស្លាប់ភ្លាម ឯម្តាយមីងក្រោយពីដួលសន្លប់មួយសន្ទុះក៏ដឹង ខ្លួនវិញ លុះឃើញក្មួយស្រីជំទង់ស្លាប់ក៏រត់ទាំងភ័យតក់ស្លុត ទៅប្រាប់ម្តាយឪពុក និងអ្នកភូមិ ។ បន្ទាប់មកម្តាយឪពុកនាង រួមទាំងអ្នកភូមិក៏បាននាំគ្នាយកសពទៅរៀបចំធ្វើបុណ្យ នៅឯផ្ទះ ។

មន្ត្រីប៉ូលិសមូលដ្ឋានដែលចុះ ទៅធ្វើការត្រួតពិនិត្យសព ឱ្យដឹងថា នាងត្រូវរន្ទះទឹកបាញ់បាក់ក ព្រោះកនាងបាក់ដូចគេកាច់ ប៉ុន្តែពុំមានស្នាមខ្មៅរោលរាងកាយ ឬសម្លៀកបំពាក់ដាច់រហែកទេ ។ ក្រោយពេលពិនិត្យរួច សមត្ថកិច្ចក៏បានប្រគល់សពជូនក្រុមគ្រួសាររៀបចំ ធ្វើបុណ្យតាមប្រពៃណី ។

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់ដោយសាររន្ទះបាញ់នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃ២២ សីហា នៅក្នុងស្រុកទឹកផុស ។

លោក គឹម សារ៉េត អធិការនគរបាលស្រុកទឹកផុសបានប្រាប់តាមទូរស័ព្ទថា នៅវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃនោះ យុវជនឈ្មោះនន វណ្ណៈ អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិរលាំងកែ ឃុំចោងម៉ោង ស្រុកទឹកផុស បានជិះកង់ត្រឡប់ពីស្រែវិញដោយមានភ្លៀងរលឹមស្រិចៗផង ។ លុះមកដល់ចំណុចខ្សាច់ស ក្នុងភូមិខ្សែប ឃុំចោងម៉ោងស្រាប់តែត្រូវរន្ទះបាញ់ខណៈដែលកំពុងជិះកង់បណ្តាលឱ្យស្លាប់ នៅនឹងកន្លែង ។ ដោយឡែកនៅថ្ងៃដដែលនោះ មានហេតុការណ៍មួយទៀត គឺក្មេងប្រុសម្នាក់ឈ្មោះឈុំ ថាង អាយុ១ឆ្នាំ៨ខែ មានទីលំនៅភូមិដំណាក់អំពិល ឃុំក្រាំងស្គា ស្រុកទឹកផុសបានលង់ទឹកអណ្តូងស្លាប់នៅវេលាម៉ោង៦និង៣០នាទីល្ងាច ខណៈរត់តាមបងទៅងូតទឹកខាងក្រោយផ្ទះ ។

លោកអធិការនគរបាលស្រុកបានបន្តថា ឪពុកក្មេងប្រុសរូបនេះឈ្មោះឈិន ឈុំ អាយុ៤០ឆ្នាំ ចំណែកម្តាយឈ្មោះថាន ច្រិបអាយុ៤៣ឆ្នាំ ។ មុនពេលកើតហេតុ ក្មេងប្រុសរូបនេះបានរត់តាមបងទៅងូតទឹកស្រះនៅក្រោយផ្ទះ ប៉ុន្តែបងមិនបានដឹងថា មានប្អូនរត់តាមក្រោយទេ ហើយក៏ទៅងូតទឹកតែម្នាក់ឯងទៅ ។ ចំណែកប្អូនប្រុសដែលរងគ្រោះវិញ ពេលរត់តាមក្រោយបងនោះក៏បានធ្លាក់ចូលអណ្តូង (អណ្តូងគ្មានលូ)លង់ទឹកស្លាប់តែម្តងដោយពុំមានអ្នកឃើញឡើយ ។ ពេលកូនបងត្រឡប់មកផ្ទះវិញមិនឃើញប្អូន ទើបឆោឡោ ហើយទៅរកមើលក៏ប្រទះឃើញស្លាប់ក្នុងអណ្តូងទឹកក្រោយផ្ទះទៅហើយ ។

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២៣ សីហា មានបាតុភូតរន្ទះបាញ់ពីរករណីផ្សេងគ្នាបានកើតឡើងក្នុងឃុំតែ មួយ បណ្តាលឱ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់រងរបួស ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ឱ្យដឹងថា ករណីទីមួយ បានកើតឡើងនៅប្រឡាយអូរតាប៉ាងចម្ងាយពីផ្លូវជាតិលេខ៤ ប្រហែល១ពាន់ម៉ែត្រ ស្ថិតក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ នាវេលាម៉ោង១១ និង២០នាទីព្រឹក ។ បាតុភូតរន្ទះបាញ់នេះបានបាញ់ទៅលើមនុស្ស២នាក់ជាបងប្អូន បង្កើតកំពុងស្ទូងស្រូវក្នុងស្រែ បណ្តាលឱ្យស្ត្រីជាបងឈ្មោះឡេង លី អាយុ២៧ឆ្នាំ ស្លាប់នៅនឹងកន្លែង និងប្អូនប្រុសឈ្មោះឡេង រស្មី អាយុ១៧ឆ្នាំរងរបួសស្រាល។

តាមឈ្មោះឡេង រស្មី ដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅគ្លីនិកវាលរេញឱ្យដឹងថា មុនពេលកើតហេតុខ្លួននិងបងស្រីដែលស្លាប់នោះកំពុងស្ទូងស្រូវ ក្បែរគ្នា ចំណែកឪពុក និងម្តាយកំពុងដកសំណាបដែលមានចម្ងាយពីគ្នាប្រហែល៣០ទៅ៤០ ម៉ែត្រ ។ ពេលកំពុងស្ទូងស្រូវនោះ ផ្ទៃមេឃមានភ្លៀងរលឹមជាធម្មតា បន្ទាប់មកស្រាប់តែមានផ្គរ និងផ្លេកបន្ទោរលាន់សំឡេងយ៉ាងខ្លាំងស្ទើរបែកក្រដាសត្រចៀក ធ្វើឱ្យខ្លួនងីងើៗទន់ជង្គង់ដួលក្នុងស្រែ ចំណែកឯបងស្រីវិញដួលបាត់មាត់ឈឹង ពេលនោះឪពុក និងម្តាយក៏មកដល់ហើយមើលទៅបងស្រីឃើញស្លាប់បាត់ទៅហើយ ។

ករណីទី២ នាវេលាម៉ោង១១ និង៣០នាទីព្រឹកនៅភូមិឧកញ៉ាហេង ឃុំឧកញ៉ាហេង ស្រុកព្រៃនប់ បុរសម្នាក់ឈ្មោះទួន សន អាយុ៥៧ឆ្នាំ ក៏ត្រូវរន្ទះបាញ់ស្លាប់ដែរ ខណៈរូបគាត់កំពុងអង្គុយនៅក្រោមផ្ទះតែម្នាក់ឯង ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុមេឃមានភ្លៀងរលឹមជាធម្មតា ហើយភ្លៀងរលឹមនេះនៅតំបន់នោះមានរយៈពេលពីរថ្ងៃមកហើយ ។ បុរសរងគ្រោះកំពុងអង្គុយនៅក្រោមផ្ទះម្នាក់ឯង ចំណែកឯក្រុមគ្រួសារទាំងប្រពន្ធ និងកូននាំគ្នាចេញទៅកាត់ស្មៅ ពេលនោះស្រាប់តែមានសំឡេងរន្ទះបាញ់យ៉ាងខ្លាំង ដែលពេលបាញ់នោះពុំមាននរណាម្នាក់ដឹងថា បាញ់មនុស្សស្លាប់ទេ រហូតប្រហែលមួយម៉ោងក្រោយមក ទើបមានអ្នកជិតខាងដើរទៅប្រទះឃើញជនរងគ្រោះដួលដេកនៅនឹងដី ដោយពុំមានស្នាកស្នាមរបួសអ្វីសោះ ចំណែកនៅជុំវិញខ្លួនជនរងគ្រោះក៏ពុំមានស្លាកស្នាមរន្ទះ បាញ់ដែរ មានតែខ្សែភ្លើងមួយខ្សែដែលតចូលផ្ទះត្រូវដាច់មួយកំណាត់ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]