(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសលើ Facebook ផ្ទាល់ខ្លួនថា សំបុត្រប្រភេទទី១ ដែលមានតម្លៃ ១ម៉ឺនអង្គុយកន្លែងមានដំបូល ដើម្បីទស្សនាការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងទីម័រខាងកើតនាចុងសប្ដាហ៍នេះ ត្រូវបានលក់អស់ហើយ ពោលគឺនៅសល់តែសំបុត្រប្រភេទទី២ ដែលមានតម្លៃ ៥ពាន់រៀល ក្រៅដំបូលតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា សំបុត្រទស្សនាជំនួបមិត្តភាពអន្ដរជាតិខាងលើនេះ ត្រូវបានសហព័ន្ធដាក់លក់ ២ថ្ងៃមកហើយ ពោលគឺកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ក្នុងតម្លៃ ២ប្រភេទគឺតម្លៃ ១ម៉ឺនរៀល សម្រាប់កន្លែងអង្គុយមានកៅអី (ក្រោមដំបូល) និងតម្លៃ ៥ពាន់រៀល សម្រាប់កន្លែងអង្គុយគ្មានកៅអី (ក្រៅដំបូល) ។ ប៉ុន្ដែក្រោយលក់បាន ២ថ្ងៃ សំបុត្រប្រភេទទី១ បានលក់អស់ហើយនៅព្រឹកនេះ ។

សម្រាប់ជំនួបមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវទីម័រខាងកើត នឹងត្រូវប្រកួតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ចុងសប្ដាហ៍នេះ លើទីលានពហុកីឡដ្ឋានជាតិ វេលាម៉ោង ៧យប់ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ៕ 

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៦ តារាចម្រៀងប្រុស ដេវីត ក៏បានប្រកាសក្តែងៗថា រូបលោក នឹងឡើងច្រៀងបទ "ញីកែងជើង" ដើម្បីបំបែកកំណត់ត្រាអំឡុងពេលកម្ពុជាប៉ះជាមួយទីម័រ។

នៅក្នុងជំនួបមិត្តភាពអន្ដរជាតិរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមទីម័រខាងកើត នាថ្ងៃទី២៩ ខែឧសភាខាងមុខនេះ ម្ចាស់បទ «រាំញីកែងជើង» លោក ងួន ចាន់ដេវីត នឹងលើកយកបទដែលកំពុងតែទទួលបានការគាំទ្រខ្លាំងនេះ មកច្រៀង និងរាំបំបែកកំណត់ត្រាដោយមានអ្នកចូលរួមច្រើនបំផុត នៅលើទីលានពហុកីឡដ្ឋានជាតិ ។

យោងតាមវីដេអូរបស់លោក ងួន ចាន់ដេវីត ដែលត្រូវបានបង្ហោះក្នុងទំព័រ Facebook សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការរាំបំបែកកំណត់ត្រានេះ នឹងធ្វើឡើងអំឡុងពេលការប្រកួតមិត្តភាពរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងទីម័រខាងកើតបញ្ចប់ការប្រកួតតង់ទី១ ហើយអនុញ្ញាតឲ្យអ្នកគាំទ្រ ដែលទៅទស្សនាបាល់ចូលរួមរាំដោយសេរី ។

គួរបញ្ជាក់ផងដែរថា ការណាត់ទីម័រខាងកើ មកប្រកួតមិត្តភាពក្នុងរាជធានីភ្នំពេញ គឺជាការកម្ដៅសាច់ដុំរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Lee Tae Hoon គ្រូបង្វឹកកម្ពុជា ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ សម្រាប់ត្រៀមចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup UAE 2019 ជាមួយចិនតៃប៉ិ នៅថ្ងៃទី២ និងថ្ងៃទី៧ ខែមិថុនាខាងមុខនេះ ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]