ថៃ៖ រឿងហេតុដ៏អកុសលមួយបានកើតឡើង នៅឯតំបន់ទេសចរដ៏ពេញនិយម ក្នុងប្រទេសថៃ បន្ទាប់ពីមានទូកកម្សាន្តមួយគ្រឿង បានក្រឡាប់នៅកណ្តាលសមុទ្រ ជាហេតុធ្វើឲ្យអ្នកទេសចរ ២នាក់បាត់បង់ជីវិត  រងរបួសជាច្រើននាក់ផ្សេងទៀត និងខ្លះទៀតបាត់ខ្លួនផងដែរ។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់សម្តីមន្ត្រីប៉ូលីសថៃ បានឲ្យដឹងថា ទូកកម្សាន្ត Ang Thong Explorer ដែលមានផ្ទុកអ្នកដំណើរសរុប៣២នាក់ និងបុគ្គលិកទូកកម្សាន្ត ៤នាក់នៅលើនោះ បានចាកចេញពីឧទ្យានជាតិ Mu Ko Ang Thong ដើម្បីឆ្ពោះទៅកាន់ កំពង់ផែ Lomphraya តែសំណាងអាក្រក់ នៅម៉ោងប្រហែលជា៥ល្ងាច (ម៉ោងក្នុងស្រុក) ក៏បានទទួលរងការវាយប្រហារពីសំណាក់រលកសមុទ្រដ៏ធំមួយ ដែលបណ្តាលឲ្យទូកនោះ ក្រឡាប់កណ្តាលសមុទ្រ មានទីតាំងស្ថិតត្រង់ចំនុចក្បែរកោះ Samui ដែលជាកោះដ៏ពេញនិយមមួយរបស់ប្រទេសថៃ។ 

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា ហេតុការណ៍នេះ បានបណ្តាលឲ្យអ្នកទេសចរ ២នាក់ស្លាប់ ដែលជានារីជនជាតិអង់គ្លេស និងម្នាក់ទៀតនារីហុងកុង។ ក្រៅពីនេះនៅមានបុរសជនជាតិអង់គ្លេសម្នាក់ និងនារីជនជាតិអាល្លឺម៉ង់ម្នាក់ កំពុងបាត់ខ្លួន ស្របពេលដែលជនរងគ្រោះផ្សេងទៀតរងរបួស ដោយក្នុងនោះមាន៧នាក់ រងរបួសធ្ងន់។ 

ទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលទូកកម្សាន្ត បានក្រឡាប់កណ្តាលសមុទ្រ
ទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលទូកកម្សាន្ត បានក្រឡាប់កណ្តាលសមុទ្រ

មន្ត្រីអ្នកនាំពាក្យប៉ូលិសជាន់ខ្ពស់មួយរូប បានប្រាប់ឲ្យដឹងថា “ខណៈពេលនេះពួកយើង កំពុងតែយកចិត្តទុកដាក់ជួយជនរងគ្រោះទាំងអស់ រីឯប្រតិបត្តិការរុករក អ្នកដែលបានបាត់ខ្លួនកំពុងតែដំណើរការ។ ចំណែកសាកសពនារីរងគ្រោះដែលស្លាប់ទាំង២នាក់ ត្រូវបានគេស្រង់យកចេញពីទឹកឡើងមកហើយ”។

គោលដៅដែលទូកកម្សាន្ត ជួបគ្រោះអាក្រក់មួយនោះ ធ្វើដំណើរទៅ

គូសបញ្ជាក់ផងដែរថា ទូកកម្សាន្តដែលជួបគ្រោះថ្នាក់នោះ ត្រូវបានគេដឹងថា ដឹកអ្នកទេសចរចម្រុះជាតិសាសន៍ ដោយក្នុងនោះមានដូចជា ជនជាតិអង់គ្លេស, អាល្លឺម៉ង់, រ៉ូម៉ានី និងចិន ជាដើម។ ហើយនេះគឺជារឿងដ៏អកុសលមួយ ដែលមិនមានអ្នកណា ចង់ជួបប្រទះ តែវាក៏បានកើតឡើង រួចទៅហើយ ដូច្នេះយើងមានតែ ចូលរួមសោកស្តាយ និងរំលែកទុក្ខ ដល់ក្រុមគ្រួសារ និងសាច់ញាតិ នៃជនរងគ្រោះទាំងអស់៕

ប្រភព៖ ដេលីម៉េល

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងតំបន់កោះនេះដែរ គេអាចនៅចាំបានថា កាលពីពេលកន្លងទៅ ក្រុមអាជ្ញាធររបស់ប្រទេសថៃ បានចេញការប្រកាសនូវ សេចក្តីសម្រេច ក្នុងការបិទនូវកោះមួយ ដែលជាទីកម្សាន្តរបស់ក្រុមអ្នកទេសចរ ដើម្បីរក្សាការពារ សម្បត្តិធម្មជាតិ ដែលមាននៅទីនោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កោះមួយដែលមានឈ្មោះថា Tachai ត្រូវបានក្រុមអាជ្ញាធរប្រទេសថៃ សម្រេចបិទលែងឲ្យអ្នកទេសចរកម្សាន្តនៅទីនោះ តទៅទៀត ក៏ព្រោះតែកន្លងមកវត្តមាន របស់ក្រុមអ្នកទេសចរ បានធ្វើឲ្យមានផលអវិជ្ជមានយ៉ាងខ្លាំង ទៅដល់ធនធានធម្មជាតិ និងបរិស្ថាននៃកោះមួយនេះ។

ជាមួយគ្នានេះដែរ កោះមួយទៀត ដែលស្ថិតនៅក្នុងខេត្ត Phang Nga ដែលជាផ្នែកមួយ នៃឧទ្យានជាតិ Similan របស់ប្រទេសថៃ ក៏ត្រូវបានសម្រេចបិទជាបណ្តោះអាសន្នផងដែរ ពោលគឺចាប់ពីពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែតុលា ទើបបើកឲ្យមាន ការធ្វើដំណើរកម្សាន្តទេសចរណ៍ឡើងវិញ។

លោក Tunya Netithammakul នាយកចាត់ការទូទៅ នៃនាយកដ្ឋានឧទ្យានជាតិ អភិរក្សសត្វព្រៃ និងព្រៃឈើ បានប្រាប់ឲ្យដឹងថា “ពួកយើងត្រូវតែបិទកោះមួយនេះ ដើម្បីអាចឲ្យបរិស្ថាន និងធនធានធម្មជាតិទាំងអស់ ទាំងនៅលើដី និងក្នុងទឹកសមុទ្រ មានសភាពល្អឡើងវិញ ដើម្បីកុំឲ្យមានការរំខាន តទៅទៀតពីសំណាក់ភ្ញៀវទេសចរ មុនពេលដែលការខូចខាត រឹតតែធំៗទៅ មិនអាចជួសជុលបាន”។

យោងតាមកាសែតក្នុងស្រុក ដែលបានដកស្រង់សម្តីក្រុមអ្នកជំនាញ បានឲ្យដឹងថា តាមពិតទៅកោះ Tachai អាចទ្រទ្រង់បានមនុស្សតែ ៧០នាក់ប៉ុណ្ណោះ ប៉ុន្តែពេលខ្លះ ចំនួននៃអ្នកទេសចរ ដែលមកកម្សាន្តនៅទីនោះ កើនឡើងដល់ទៅជាង ១,០០០នាក់ បូករួមទាំងតូបលក់ឥវ៉ាន់ និងកាណូតទេសចរណ៍ថែមទៀតផង ដែលនេះជាចំណុចគំរាមកំហែង ដែលត្រូវតែមានការយកចិត្តទុកដាក់ និងចាត់វិធានការជាបន្ទាន់។

គូសបញ្ជាក់ផងដែរថា នេះគឺជាដំណឹងថ្មីមួយ ទាក់ទងនឹងការសម្រេចបិទ តំបន់កោះទេសចរមួយ ដោយមិនបានកំណត់ពេល ថានឹងបើកឲ្យដំណើរការវិញ នៅពេលណានោះឡើយ ក៏ព្រោះតែដើម្បីរក្សាបរិស្ថាន និងធនធានធម្មជាតិ កុំឲ្យមានការបាត់បង់ សាបសូន្យរៀងដរាប៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]