សាកស្រមៃទៅមើលថា អ្នកកំពុងតែធ្វើដំណើរយ៉ាងរីករាយ បន្ទាប់មកស្រាប់តែភ្លាមៗអ្នកសង្កេតឃើញថា ឡានរបស់អ្នកចាប់ផ្តើមរ៉េទៅឆ្វេងរ៉េទៅស្តាំ។ អ្នកកំពុងតែជួបប្រទះបញ្ហាបែកកង់ហើយ!

បន្ទាប់មកអ្នកចង់ព្យាយាមផ្លាស់ប្តូរវាចេញ តែការដែលមនុស្សភាគច្រើន មិនដឹងពីរបៀបផ្លាស់ប្តូរសំបកកង់ គឺជារឿងធម្មតាទៅហើយ  ដូច្នេះសូមកុំមានអារម្មណ៍មិនល្អធ្វើអ្វី ត្បិតយើងមិនដឹងថាត្រូវចាប់ផ្តើម ពីត្រង់ណាមុន ពេលដែលបែកកង់នោះ។

ខាងក្រោមនេះជាវិធីណែនាំ ខ្លះៗនៅពេលជួបបញ្ហាបែបនេះ៖

១. ពិនិត្យអោយច្បាស់

រឿងដំបូងដែលអ្នកត្រូវធ្វើគឺ ត្រូវមើលថាតើ អ្នកមានសំបកកង់ទំនេរមួយមកជំនួសឬអត់ និងមានលក្ខណៈពេញលេញឬទេ។ មនុស្សជាច្រើនភ្លេចពិនិត្យមើលសភាព នៃសំបកកង់ជំនួសនោះ (ក្រែងចាស់ពេក ឬធ្លុះធ្លាយហើយ) ដែលនាំឲ្យអ្នកអាចនឹងមានបញ្ហា នៅពេលក្រោយថែមទៀត។

រថយន្តទំនើប ភាគច្រើនមិនមានសំបកកង់ជំនួសទេ ព្រោះដើម្បីរក្សាទំហំឡានឲ្យធំ ប៉ុន្តែគេជំនួសដោយឧបករណ៍ ជួសជុលមួយឈុតវិញ  ដូច្នេះកុំឆ្ងល់អី ប្រសិនបើអ្នករកមិនឃើញកង់សាគួរនោះ។

កំណល់កល់ឡាន
ដូយគ្រីប
សោរខ្សៀរ ឬសោរគ្រាប់

២. ត្រូវប្រាកដថាមានឧបករណ៍គ្រប់គ្រាន់ដែលត្រូវការ

អ្នកនឹងមិនអាចផ្លាស់ប្តូរសំបកកង់បានទេ ប្រសិនបើអ្នកគ្មានអ្វីៗគ្រប់គ្រាន់តាមដែលត្រូវការនោះ។ ដូច្នេះអ្នកត្រូវតែប្រាកដថា អ្នករៀបចំសម្ភារៈបានគ្រប់គ្រាន់ និងពេញលេញជាមុនសិន។ ប្រសិនជាអ្នកត្រូវផ្លាស់ប្តូរសំបកកង់, អ្នកត្រូវមាន កូនសៀវភៅណែនាំពីរថយន្ត (វាអាចផ្ទុកព័ត៌មានជាក់លាក់ ដូចជារបៀបដាក់ដូយគ្រីបឡាន), កង់ត្រូវជំនួស, ដូយគ្រីបឡាន (សំរាប់កល់រថយន្តឡើង), សោរខ្សៀរ ឬសោេគ្រាប់សំរាប់មួលខ្ចៅ, យ៉ាងហោចណាស់មានកំណល់កល់កង់រថយន្តមួយ, ស្រោមដៃ, កម្រាល ឬអ្វីដែលអាចក្រាបពីលើបាន, កូនកាំបិតមុត, ពិល, អាវក្រៅ និងស្បែកជើងសមរម្យមួយគូ។

៣. ផ្លាស់ទីទៅកន្លែងសមរម្យ

អ្នកមិនគួរធ្វើការផ្លាស់ប្តូរកង់រថយន្ត នៅកណ្តាលផ្លូវ ឬលើដីដែល ទន់ ផុង និងមិនស្មើទេ ព្រោះវាអាចបង្កគ្រោះថ្នាក់បាន។ អ្នកត្រូវចំណាយពេលបន្តិចដើម្បីឈប់រកកន្លែងឲ្យបានសមស្រប។  ប្រសិនបើអ្នកបែកកង់នៅកណ្តាលផ្លូវ ហើយមិនអាចទៅមុខរួចនោះ  អ្នកគួរតែទំនាក់ទំនងទៅរកជំនួយវិញទើបជាការប្រសើរ។

៤. មិនត្រូវមានមនុស្សនៅក្នុងឡានទេ

អ្នកដំណើរត្រូវតែចេញពីរថយន្តឲ្យអស់ ទៅកន្លែងសុវត្ថិភាព មុនពេលដែលអ្នកមានបំណងចង់ផ្លាស់ប្តូរសំបករថយន្ត។  វាគ្មានសុវត្ថិភាពទេ ដែលអ្នកដាក់ដូយគ្រីបឡាន ទាំងដែលមានមនុស្សនៅក្នុងនោះ។  ហើយទោះជាស្ថានភាពអាកាសធាតុមិនអំណោយផលក៏ដោយ ពួកគេក៏ត្រូវតែចេញពីរថយន្តដែរ។

៥. រៀបចំរថយន្ត

មុនពេលអ្នកចាប់ផ្តើមធ្វើការផ្លាស់ប្តូរសំបកកង់, អ្នកត្រូវតែពន្លត់ម៉ាស៊ីនរថយន្ត, ដាក់ហ្វ្រាំងដៃ, ឬក៏ដាក់អក្សរ 'P' ប្រសិនបើវាជារថយន្ត Auto, ដាក់កំណល់កល់រថយន្ត ឲ្យផ្ទុយពីខាងកង់ដែលត្រូវប្តូរ, និងបើកសញ្ញាសុំផ្លូវ។ នៅពេលដែលអ្នកធ្វើវារួចរាល់ហើយ អ្នកត្រូវដោះគំរបយ៉ានកង់ចេញ និងដាក់ដូយគ្រីប នៅទីតាំងដែលបានណែនាំ។ សៀវភៅណែនាំពីរថយន្ត របស់អ្នកនឹងប្រាប់អ្នកពីរបៀបដាក់ឧបករណ៍នេះឲ្យបានត្រឹមត្រូវ។

៦. ចាប់ផ្តើមលើកវាឡើង

នៅពេលដែលជំហាននីមួយៗខាងលើទាំងអស់នេះ ត្រូវបានបញ្ចប់ នោះវាជាពេលវេលាដើម្បី ចាប់ផ្តើមធ្វើការលើករថយន្តដោយដូយគ្រីបហើយ។ ដូយគ្រីបត្រូវរង្វិលឡើង ដើម្បីឲ្យកង់រថយន្តលើកឡើងឲ្យផុតពីដី។

៧. បន្ធូរខ្ចៅ

អ្នកត្រូវប្រើសោរខ្សៀរ ឬសោរគ្រាប់ទៅមួលនឹងខ្ចៅ រួចបង្វិលវាឲ្យច្រាសទ្រនិចនាឡិកាដើម្បីដោះវាចេញ។ អ្នកគួរតែដោះខ្ចៅ ខាងលើក្រោយគេ ដើម្បីឲ្យអ្នកងាយស្រួលដោះកង់រថយន្តនោះចេញ។

៨. ដាក់កង់ថ្មី

របៀបដាក់ភ្ជាប់កង់ថ្មីចូល គឺជារឿងដ៏សាមញ្ញមួយ។ ដាក់កង់ជំនួសនោះឲ្យត្រូវកន្លែងរបស់វា រួចមួលខ្ចៅ ខាងលើមុនឲ្យតឹង ហើយបន្តទៅខ្ចៅបន្តបន្ទាប់ទៀត។

៩. រៀបចំចេញដំណើរ

បន្ទាបឡានចុះមកដីវិញ រួចដកដូយគ្រីបចេញ។ មួលបន្តឹងក្បាលខ្ចៅកុំឲ្យតឹងខ្លាំងពេក ឬតាមសៀវភៅបានណែនាំ។ ប្រមូលកង់ឡានដែលបែក និងឧបករណ៍មកទុកវិញ។ បន្ទាប់ពីធ្វើដំណើរបានបន្តិច, អ្នកត្រូវពិនិត្យមើលថាខ្ចៅតឹងល្មមឬអត់។ ជាពិសេសត្រូវយកទៅឲ្យអ្នកជំនាញ ត្រួតពិនិត្យមើលម្តងទៀត នៅពេលអ្នកដល់គោលដៅ៕ 

ប្រភព៖ Startrescue | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]