ឥណ្ឌា៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីជាម្តាយ វ័យ១៩ឆ្នាំម្នាក់ បានផ្តល់កំណើត ដល់ទារិកាម្នាក់ មានទម្ងន់រហូតដល់ទៅ ៦.៨គីឡូក្រាម ដែលស្មើទៅនឹង ទម្ងន់របស់ក្មេងវ័យ ៦ខែឯណោះ។

ទារិកាដែលមិនទាន់មានឈ្មោះ រូបនេះ បានកើតតាមរយៈការវះកាត់ កាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ។ ចំនែកឯស្រ្តីជាម្តាយ ត្រូវបានគេស្គាល់ ឈ្មោះថា Nandini មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែទំហំកូនដំបូងរបស់នាង។

រូបភាព៖ ទារិកាទើបនឹងកើត មានទម្ងន់ ៦.៨គីឡូក្រាម ធ្ងន់ជាងគេលើពិភពលោក

ជាមួយគ្នានេះដែរ ទារិកាទើបនឹងកើត មានទម្ងន់រហូតដល់ទៅ ៦.៨គីឡូក្រាមរូបនេះ បានបំបែកកំណត់ត្រាពិភពលោក របស់ទារកឈ្មោះ Carisa Rusack ដែលកើតមកភ្លាម មានទម្ងន់ រហូតដល់ទៅ ៦.៥គីឡូក្រាម នៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៤ ទៀតផង។

រូបភាព៖ ក្រុមគ្រួសារ ទារកឈ្មោះ Carisa Rusack ដែលកាន់កំណត់ត្រាចាស់

មន្រ្តីសុខាភិបាលនៅក្នុងតំបន់ លោក Venkatesh Raju បាននិយាយថា «នៅក្នុងបទពិសោធន៍ រយៈពេល ២៥ឆ្នាំរបស់ខ្ញុំ ខ្ញុំមិនដែលបានឃើញ ទារកណា ធំបែបនេះឡើយ។ នាងគឺជាអព្ភូតហេតុមួយ... ខ្ញុំជឿថា នាងមិនមែនជាទារក ដែលមានទម្ងន់ ធ្ងន់បំផុត ក្នុងប្រទេសឥណ្ឌាឡើយ ប៉ុន្តែជាទារក ដែលមានទម្ងន់ធ្ងន់បំផុត នៅលើពិភពលោកនេះតែម្តង។ ទារិការូបនេះ បានធ្វើឲ្យមាន ការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារនាង និងក្រុមគ្រូពេទ្យផងដែរ ដោយសារតែ ភាពធំសម្បើមនេះ»។

គួរបញ្ជាក់ផងដែរថា នាង Nandini ដែលត្រូវជាម្តាយ របស់ទារក គឺមានទម្ងន់ ៩៤គីឡូក្រាម និងកម្ពស់ ១.៧៥ម៉ែត្រ ខណៈទម្ងន់របស់នាង បានបង្ហើបថា នាងមានកម្រិតជាតិស្ករខ្ពស់ ប៉ុន្តែក្រុមគ្រូពេទ្យ បានបញ្ជាក់ថា នាងមិនមានកើតជំងឺទឹកនោមផ្អែម ដែលជាធម្មតាបណ្តាលឲ្យ ទារកទើបកើតថ្មី មានអាការៈធាត់ខុសធម្មតាឡើយ។

រូបភាព៖ នាង Nandini

ទោះបីជាយ៉ាងណា ទារកដែលមានទម្ងន់ធ្ងន់ និងមាឌធំសម្បើមនេះ  កំពុងទទួលបានការមើលថែទាំ ក្នុងមន្ទីរពេទ្យនៅឡើយ ខណៈក្រុមគ្រូពេទ្យ កំពុងតែតាមដាន និងត្រួតពិនិត្យលើការវិវឌ្ឍបន្ថែមទៀត មុនពេលអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត Poornima Manu អ្នកជំនាញរោគស្រ្តី ដែលបានចូលរួម ក្នុងការជួយសម្រាលកូនដល់នាង Nandini បាននិយាយថា «ទារិកានេះ កើតមកជាមួយការភ្ញាក់ផ្អើលដ៏ធំ សម្រាប់យើងទាំងអស់គ្នា។ ការវះកាត់ បានចំណាយពេល ជិតកន្លះម៉ោង ដោយគ្មានហានិភ័យ ណាមួយបានកើតឡើងឡើយ។ នាងពិតជាធំ និងស្រស់ស្អាតណាស់»។

លោកវេជ្ជបណ្ឌិត Poornima Manu បានបន្ថែមទៀតថា «នាងមិនមានបញ្ហាសុខភាព ដូចជា កម្រិតជាតិស្ករឡើងចុះមិនទៀងទាត់ ឬបញ្ហាក្រពេញទីរ៉ូអ៊ីត អ្វីឡើយ... ហើយនាងដកដង្ហើម បានល្អធម្មតា។ យើងធ្លាប់បានព្រួយបារម្ភ អំពីកម្រិតជាតិស្ករ របស់នាងដែរ ប៉ុន្តែវាមានសភាពធម្មតាទេ។ ម្យ៉ាងទៀត ដោយសារតែ ស្រ្តីជាម្តាយ បានមកមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យយ៉ាងទៀងទាត់ ហើយក៏មិនដែលមានសញ្ញា បង្ហាញពីការកើតមាន ជំងឺទឹកនោមផ្អែម ឬបញ្ហាក្រពេញទីរ៉ូអ៊ីត ក្នុងអំឡុងពេល មានផ្ទៃពោះដែរ។ ទាំងម្តាយ និងទារិកា គឺមានសុខភាពល្អ ទាំង២នាក់ ហើយយើងនឹងអនុញ្ញាត ឲ្យពួកគេចាកចេញពីមន្ទីរពេទ្យ ត្រលប់ទៅផ្ទះវិញ នៅពេលដែលយើង មានទំនុកចិត្ត លើសុខភាពទារិកានោះ»។

រូបភាព៖ ទារិកាទើបនឹងកើត មានទម្ងន់ ៦.៨គីឡូក្រាម ធ្ងន់ជាងគេលើពិភពលោក

គួរឲ្យដឹងផងដែរថា នាង Nandini បានរៀបការ ជាមួយប្តីនាង ឈ្មោះ Arun អស់រយៈពេល ២ឆ្នាំមកហើយ និងមានសេចក្តីរំភើបយ៉ាងខ្លាំង ចំពោះការស្វាគមន៍ កូនដំបូងរបស់ពួកគេ។

យ៉ាងណាមិញ ការផ្តល់កំណើត ដល់ទារិកាដ៏ធំសម្បើមនេះ បានធ្វើឲ្យគ្រូពេទ្យជើងចាស់ជាច្រើន នៅទូទាំងប្រទេសឥណ្ឌា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត