ការឡើងជិះលើសេះឈើដ៏ធំសំបើម មួយនេះពិតជាធ្វើអោយអ្នកមានអារម្មរណ៍អស្ចារ្យ ដោយសារតែវាជាសេះយោលធំ ជាងគេបំផុតនៅប្រទេសអង់គ្លេស។

សេះដែលអាចយោលបាន មានកំពស់ជិត ៥ម៉ែត្រមួយនេះ ត្រូវបានអោយឈ្មោះថា Bigger Bertie ត្រូវបានបង្កើតឡើងដោយ សិប្បករមួយរូប ដែលជាស្នាដៃដែលគាត់ចំលងចេញពីរូបសេះរបស់គាត់ ឈ្មោះ Big Bertie។

អ្នកភូមិជាច្រើននាក់ នៅឯ Fangfoss ទីក្រុង East Yorks បាននាំគ្នាមកឡើងអង្គុយនៅលើ Bigger Bertie មួយនេះ ដែលវាមានកំពស់រហូតស្មើរនឹង អាគារកំពស់ ២ជាន់ និង មានទំងន់ជាង ២ តោន។

សិប្បករជំនាញ Tony Dew បានចំនាយពេលច្រើនជាងមួយឆ្នាំក្នុងការ ដាប់ឆ្លាក់ សេះឈើមួយនេះអោយលេចចេញ ជារូបរាង និងចំនាយពេលច្រើនជាង ៨០០ម៉ោង ដើម្បីធ្វើអោយវាក្លាយ ទៅជាឧបករណ៍ក្មេងលេងដ៏ធំសំបើម និងល្អឥតខ្ចោះមួយ។

Tony បាននិយាយថា វាប្រាកដជាក្លាយទៅជា សេះយោលដ៏ធំជាងគេបំផុតក្នុងពិភពលោក។ វាត្រូវបានបង្កើតឡើង ដើម្បីយោលលេង ដូច្នេះជាអាចយោលទៅមុខទៅក្រោយបាន។

នៅពេលដែលជិះវាអ្នកនឹងយល់ពី អារម្មណ៏របស់ក្មេងៗថាយ៉ាងណា នៅពេលដែលពួកគេជិះនៅលើ សេះយោលធម្មតា។ អ្នកនឹងមានអារម្មណ៍ប្លែកនិងដូចក្មេងៗទាំងនោះ ដោយសារតែវាខ្ពស់ផុតពីដី និងគ្មានអ្វីច្រើនសំរាប់អោយតោងនៅខាងលើនោះទេ។ អ្នកនឹងមានអារម្មណ៍ថា ត្រូវការអ្នកដែលមានមាឌធំជាងខ្លួន អោយជួយទប់។

កិច្ចការមួយនេះបានចាប់ផ្តើម នៅឆ្នាំមុន ប៉ុន្តែដោយសារតែទំហំវាធំពេក ដូច្នេះវាតំរូវអោយគាត់ធ្វើវានៅក្នុងរដូវ ដែលស្ងួត គ្មានភ្លៀង ដោយសារ មិនមានទីកន្លែងណាអាចដាក់វាចូលបាន គឺតំរូវអោយធ្វើនៅខាងក្រៅ។

ដៃគូមុខជំនួញរបស់ Tony ឈ្មោះ Jane Cook បាននិយាយថា យើងត្រូវរុំវាហើយដាក់ចូលទៅក្នុង រោងមួយក្នុងរដូវរងារ។

សត្វសេះឈើមួយនេះត្រូវបាន យកគំរូតាម សត្វសេះពិត ដែលរស់នៅពីក្រោយ ហាងរបស់ Tony។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]