(ភ្នំពេញ)៖ តារាសម្ដែង មានឈ្មោះល្បី រាងតូចច្រឡឹង កញ្ញា អន រ៉ាស៊ីសុមេត្តា ហៅណូម័រ (No More) ត្រូវបានគេមើល​ឃើញថា សន្ទុះកេរ្តិ៍​របស់នាង នៅរយៈកាលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ហាក់មានរាស៊ីឡើងខ្ពស់​ត្រ​ដែតត្រដឹម ការងារសម្រុកចូល មករកនាងឥតដាច់ ជាពិសេសការងារសម្ដែង ធ្វើឲ្យនាងអាចឈរឈ្មោះ ក្នុងទីផ្សារសម្ដែង កាន់តែរឹងមាំ និងសាងប្រជាប្រិយភាព ក្នុងបរិបទមួយ គួរឲ្យមោទនៈ។ ជាការពិត ព្រោះតែការតស៊ូ ក្នុងសមរភូមិសិល្បៈ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យកញ្ញា ណូម័រ មានទស្សនិកជន ជាច្រើនទទួលស្គាល់ ពីសមត្ថភាព ផ្លាស់ប្ដូរកម្រិតជីវភាព គួរឲ្យកត់សម្គាល់ រហូតដល់ថ្នាក់ នាងហ៊ាននិយាយថា «ពីមុនខ្ញុំជាទាសករលុយ ប៉ុន្តែពេលនេះ លុយជាទាសករ របស់ខ្ញុំវិញ»។

ជាមួយនឹងការបញ្ចេញទស្សនៈ គួរឲ្យភ្ញាក់ផ្អើលនេះ កញ្ញា ណូម័រ បានរំឭកពីការតស៊ូ ទាំងខ្លួនកំពុងតែ បាត់បង់ភាពកក់ក្ដៅ តាំងពីធំដឹងក្ដី ខណៈដែលឪពុកបានស្លាប់ចោល រស់នៅជាមួយម្ដាយ ទំរាំមានថ្ងៃនេះ ។ កញ្ញា ណូម័រ បានសរសេរ ក្នុងបណ្ដាញសង្គម Facebook របស់នាងថា «តាំងពីបាត់បង់ជំហរគ្រួសារមក ( លោកប៉ា ) ទំរាំមានថ្ងៃនេះ មិនងាយស្រួលទេ ផ្តើមពីក្មេងស្រី សិស្សសាលាម្នាក់ ត្រូវព្យួរឈ្មោះការសិក្សា ងាកមកធ្វើការជាអ្នករត់តុ បន្ទាប់មកក្លាយ ជាអ្នកគិតលុយ បន្ទាប់មកក៏ធ្វើការងារ ជាបន្តបន្ទាប់ ក្រៅពីលួចឆក់ប្លន់ និងបោកប្រាស់គេ គឺធ្វើគ្រប់យ៉ាងឲ្យតែបានលុយដើម្បីគ្រួសារ ព្រោះពេលនោះ​ជាទាសករលុយ​ មានតែអ្នកធ្លាប់រកលុយ ដោយកំលាំង​ញើស​ឈាមខ្លួនឯងទេ ទើបយល់អារម្មណ៍នេះ​ ប៉ុន្តែពេលនេះ លុយជាទាសករខ្ញុំវិញហើយ ក៏មិនមែនថា ឥឡូវជាអ្នកមាននោះទេ គ្រាន់តែមិនលំបាកដូចមុន..!»។

ស្រីស្រស់ ណូម័រ បានបន្តទៀតថា «ដរាបណាអ្នកនៅមានជីវិត សូមកុំបោះបង់ការព្យាយាម តស៊ូគង់បានសំរេច ប៉ុន្តែត្រូវទទួលយកការរិះគន់ ភាពអត់ធ្មត់ ការប្រឹងប្រែង និងប្រកាន់ខ្ជាប់ឥរិយាបទ ការគោរពឱនលំទោន ដាក់ក្នុងខ្លួន និងអត់ធន់គ្រប់​ចរឹតមនុស្ស (ភាពជោគជ័យ មានទៅលើតែមនុស្ស​ឧស្សាហ៍ប៉ុណ្ណោះ ត្រូវធ្វើ ហើយនិយាយថាទេ ចំពោះភាពខ្ជិល ពេលវេលាជាមាសប្រាក់ )​ Mak Keo Mak Hana Ngat Sokleap នឹកប៉ាណាស់ ពេលកូនមានថ្ងៃនេះ តើលោកប៉ានៅទីណា​? អរគុណអ្នកម្តាយ បងប្អូនដែលតែងតែលើកទឹកចិត្តខ្ញុំ ..អរគុណមិត្តៗទាំងអស់គ្នា ដែលចំណាយពេលអាន​..!»។

តារាសម្ដែង ណូម័រ ដែលចាប់ផ្ដើមលេច​ធ្លោបន្តិចម្ដងៗ ពេលបង្ហាញវត្តមានក្នុងបទ «ទឹកភ្នែកជនពាល» របស់តារាចម្រៀង ខេម ត្រូវបានគេ​មើលឃើញថា នាងតែងតែលេច​មុខ​ជាបន្តបន្ទាប់ ក្នុងបទចម្រៀងខារ៉ាអូខេ ជាពិសេសក្នុងផលិតកម្ម ថោន និងខ្សែភាពយន្តនានា ដោយភាគច្រើន កញ្ញា ណូម័រ ទទួលបានតំណែង ជាតួកម្សត់ ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]