ចិន៖ ពិតជាគួរឲ្យភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង ជាមួយនឹងអ្នកកម្លោះម្នាក់ ខំប្រឹងជិះឆ័ត្រយោង ដូចក្នុងរឿងហូលីវូដ ដើម្បីមកសុំមិត្តស្រីរៀបការ តែលទ្ធផលបានត្រឹមចុកឈាម និងប៊ិះស្លាប់ខ្លួនផងដែរ។

បើតាមប្រភព បានឲ្យដឹងថា បុរសកម្លោះហោះមកក្រេបលម្អងផ្កាម្នាក់ មកពីទីក្រុង Yichang ភាគខាងលិច ខេត្ត Hubei ប្រទេសចិន បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងរំជួលចិត្តជាខ្លាំងជាមួយនឹង ការបង្ហាញពីសេចក្តីស្រលាញ់របស់គាត់ ទៅលើនារីម្នាក់ទាំងគ្រោះថ្នាក់ ដោយអ្នកកម្លោះកើតរោគស្នេហ៍រូបនោះ បានរៀបចំគម្រោងយ៉ាងឡូយ សុខចិត្តចំណាយលុយជួលឆ័ត្រយោងជិះធ្លាក់ពីលើមេឃ ដើម្បីចុះមកសារភាពស្នេហ៍ និងសុំមិត្តស្រីរបស់ខ្លួនរៀបការ តែលទ្ធផលបានត្រឹមតែធ្វើឲ្យរូបគាត់អស់សង្ឃឹម និងចុកឈាមជាខ្លាំងទៅវិញ។

ប្រភពបន្តថា អ្នកកម្លោះរូបនោះ ពិតជាស៊យខ្លាំងណាស់ ខណៈដែលជិះឆ័ត្រយោងជិតដល់ដីហើយ ចៃដន្យត្រូវខ្យល់បក់មួយមេ ក៏ធ្លាក់ទៅទុំជាប់លើមែកធាង ដើមឈើធំមួយ ដែលធ្វើឲ្យអ្នករាល់គ្នានៅទីនោះឃើញហើយ ហួសចិត្ត និងអស់សំណើចជាខ្លាំងផងដែរ។ មួយស្របក់ក្រោយមក រូបគាត់ក៏ត្រូវបានក្រុមអ្នកពន្លត់អគ្គីភ័យ មកដល់កន្លែងកើតហេតុ ជួយធ្វើអន្តរាគមន៍ យករថយន្តស្ទូចដើម្បីយកគាត់ចុះមកវិញផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សំណាងល្អហើយ ដែលរូបគាត់មិនត្រូវបានទទួលរងរបួស។ ក្រោយមករូបគាត់បានចុះមក និងដើរកាន់ភួងផ្កាមួយបាច់ និងលុតជង្គង់នៅចំពោះមុខមិត្តស្រី និងបង្ហើរពាក្យពេចន៍ថា «អូន Gou Hongyun រៀបការជាមួយបងទៅណា!» ។ ប៉ុន្តែលទ្ធផលចុងក្រោយ និងអ្វីដែលរូបគាត់បានតស៊ូស្រលាញ់គេកន្លងមក ត្រូវបានមិត្តស្រីបដិសេធច្រានចោល មិនឆ្លើយសំណួរទាក់ទិននឹងការស្នើសុំរៀបការរបស់គាត់ ជំនួសមកវិញនាងសុខចិត្តដើរចេញ ទាំងព្រងើយកន្តើយ ធ្វើឲ្យបុរសអភ័ព្ទស្នេហ៍ម្នាក់នេះ ខ្មាសគេពេញអីុនធឺណែត។

ដោយឡែកតាមរយៈ អ្នកនិយមលេងបណ្តាញសង្គមមួយចំនួនច្រើន ក៏បានដាក់មតិ ខ្លះអាណិត ខ្លះសរសើរពីទឹកចិត្តក្លាហានរបស់គាត់ ឯខ្លះទៀតក៏រិះគន់គួរសមលើរូបគាត់ផងដែរ។

មតិមួយចំនួនបានលើកឡើងថា៖

«ឆ្ងល់ដែរបើដឹងថានាងមិនស្រលាញ់ហើយ ចាំបាច់អីទៅខំចំណាយលុយ ចំណាយពេលជិះឆ័ត្រយោងចឹងធ្វើអី»

«វាគ្មានអីគួរឲ្យភ្ញាក់ផ្អើលផង! នាងធ្វើចឹងគឺត្រឹមត្រូវហើយ»

«អូ! ពិតជាគួរឲ្យអាណិតណាស់ ដែលបុរសម្នាក់នេះជាប់នឹងមែកឈើចឹង» ៕

តើសម្រាប់ប្រិយមិត្តយល់ឃើញយ៉ាងណាដែរ? 

ប្រភព៖ បរទេស

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកគូស្នេហ៍មួយគូវិញទៀត បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងកក្រើកពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាពិសេសនៅស្រុកថៃតែម្តង ដែលបង្ហាញពី សកម្មភាពបុរសម្នាក់ សុំមិត្តស្រីរៀបការលើយន្តហោះ និងបានធ្វើឲ្យអ្នកដែលទស្សនាហើយ មានការរំជើបរំជួលជាខ្លាំង។

បើតាមប្រភពបានឲ្យដឹងថា ដំបូងឡើយមិត្តប្រុសរបស់នាង បានធ្វើជាទៅបន្ទប់ទឹក។ រំពេចក្រោយមក ភ្លេងតន្រ្តីដ៏រ៉ូមែនទិចក៏បានបន្លឺឡើង។ ពេលនោះ សេចក្តីប្រកាសរបស់អ្នកបំរើការ លើយន្តហោះបន្លឺឡើងព្រមជាមួយ សាច់ភ្លេងថា “សាយ័នសួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះអាកាសធាតុពិតជាល្អណាស់ ហើយវាក៏ជាថ្ងៃពិសេសសម្រាប់គូស្នេហ៏មួយគូផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways រួមទាំងក្រុមការងារទាំងអស់ ពិតជារីករាយ និងអបអរសាទរដល់ កូនកម្លោះ និងកូនក្រមុំ Khun Artiya និង Khun Jedsada....ដែលពួកគេទាំងពីរ នឹងមានអ្វីចង់ប្រាប់ដល់អ្នក...” ។

បន្ទាប់មក បុរសជាសង្សារ​ បានហុចផ្កាកុលាប ស និងបំពាក់ចញ្ចៀនដល់មិត្តស្រី បំណងសុំ​នាងរៀបការ ដែលធ្វើឲ្យអ្នកនៅជុំវិញនោះ រំភើបជំនួសពួកគេជាខ្លាំង។ មិនតែប៉ុណ្ណោះ អនាគតភរិយា នាង Artiya បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់នាងថា​ “ខ្ញុំពិតជាស្រលាញ់បងណាស់ អរគុណដែលបង បានជ្រើសរើសអូនជាគូអនាគតរបស់បង អូនសន្យាថា នឹងធ្វើជាប្រពន្ធល្អរបស់បងរហូត”។

គួរបញ្ជាក់ដែរថា ពួកគេបានជិះយន្តហោះ ជើងហោះហើរលេខ G711 របស់ក្រុមហ៊ុនអាកាសចរណ៍ ខាងលើក្នុងដំណរកម្សាន្តទៅកាន់កោះ Maldives ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]