ចិន៖ រឿងស្នេហារវាងស្រី និងប្រុស តែងតែមិនទៀង ជួនល្អនឹងគ្នា ជួនក៏ខឹងឈ្លោះនឹងគ្នា ខណៈគូស្នេហ៍មួយចំនួន បានជ្រើសយកការបែកគ្នា ដោយសន្តិវិធី ឬឯខ្លះទៀត បានបែកគ្នា ទាំងកំហឹង។

ជាមួយគ្នានេះដែរ រឿងហេតុស្នេហា មិនសមបំណងមួយ ក៏បានកើតឡើង ចំពោះបុរសម្នាក់ នៅក្នុងប្រទេសចិន ដោយបុរសរូបនោះ ខំវាលនៅលើដី ចាប់ទោងជើងមិត្តស្រីខ្លួន និងអង្វរនាង កុំឲ្យចាកចេញ ដែលមើលទៅ ពិតជាកំសត់ និងគួរឲ្យអាណិតផងដែរ។

ជាងនេះទៅទៀត នារីជាមិត្តស្រី របស់បុរសរូបនោះ ថែមទាំងបានទះកំផ្លៀងគាត់ ជាច្រើនលើក ច្រើនសារ ទៀតផង ខណៈពេលដែលនាង កំពុងតែរំដោះខ្លួន ដើម្បីចាកចេញទៅ។

យោងតាមខ្សែវីដេអូឃ្លីប ដែលថតបានទិដ្ឋភាព នៃហេតុការណ៍មួយនេះ បានបង្ហាញឲ្យឃើញ បុរសដ៏កំសត់រូបនោះ កំពុងននៀលនៅលើផ្លូវ ក្នុងទីក្រុង Huai'an នៃខេត្ត Jiangsu​។ រូបគេបានព្យាយាមចាប់តោងជើង មិត្តស្រីរបស់ខ្លួនយ៉ាងខ្លាំង រហូតដល់ របូតស្បែកជើងនាងម្ខាង ខណៈអ្នកដំណើរជាច្រើន បានឈរមើលទាំងងឿងឆ្ងល់។

យ៉ាងណាមិញ បុរសនោះបាននិយាយទៅកាន់ នារីជាមិត្តស្រីថា «កុំចាកចោលខ្ញុំ» ប៉ុន្តែត្រូវនាងប្រាប់វិញថា «ពួកយើងមិនអាច នៅជាមួយគ្នាទៀតបានទេ»។

គួរបញ្ជាក់ផងដែរថា ទិដ្ឋភាពមួយនេះត្រូវបានគេបង្ហោះ លើបណ្តាញសង្គម Weibo ហើយអ្នកប្រើប្រាស់ជាច្រើន មានប្រតិកម្មដោយបញ្ចេញមតិថា៖

«នៅមានត្រីផ្សេងទៀត នៅក្នុងសមុទ្រ»

«គាត់មិនអាចអង្វរនាង ដើម្បីបាននៅជាមួយគ្នាវិញ ដោយរបៀបនេះឡើយ... គាត់ត្រូវតែអង់អាចក្លាហាន»

«នេះមិនមែនជាការស្រលាញ់ឡើយ... នេះគឺជាជម្ងឺ»៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

ហេតុការណ៍ខាងស្រីសុំបែក ប៉ុន្តែខាងប្រុសមិនព្រម ស្រដៀងគ្នានេះ ក៏ធ្លាប់កើតមាន នៅក្នុងប្រទេសកម្ពុជាយើងផងដែរ។

ងាកមកមើល កាលពីវេលាម៉ោង ជិត១០ព្រឹក ថ្ងៃទី១៧ មីនា​ ២០១៦​ កន្លងទៅនេះ នៅតាមបណ្តោយ ផ្លូវជាតិលេខ២ ​ក្បែរវត្តចាក់អង្រែក្រោម សង្កាត់​ចាក់អង្រែក្រោម ​ខណ្ឌមានជ័យ គូស្នេហ៍មួយគូ ទំនង​ជាខាងស្រីសុំបែក ​ហើយខាងប្រុស​មិនព្រម ក៍បាន​ប្រទាញប្រទង់ និង​ស្ទុះអោបនាង ​ខណៈខាងស្រី កំពុងជិះតាក់ស៊ី ​ហើយខាងប្រុស​ ជិះតាម និងកាក់រថយន្តឈប់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ នៅតាមដងផ្លូវ។

បើ​តាម​នារី​រូប​ស្រស់​ បាន​រៀប​រាប់​​ថា រូបនាង​ត្រូវតែបែក ​ពីយុវជននោះ​ហើយ មិនអាចរស់នៅ ជាមួយគ្នា កើតទៀតទេ ។ ហើយមូលហេតុ ​ខ្លួនគ្រាន់ត្រឹមជា​សង្សារ​​​​ នឹង​គ្នា​តែ​ប៉ុណ្ណោះ គ្មានអ្វី​ពាក់ព័ន្ធ​នឹង រឿង​រ៉ាវប្តី-ប្រពន្ធ ពី​មុនមកដែរ​ ដូច្នេះ សូម​កុំចេះតែមក​រំខាន​ដល់នាង ​។

​ដោយ​​ឡែក ភាគីខាងយុវជន​វិញបាន​ទទូចសំពះអង្វរនារីរូបស្រស់នោះថា កុំឱ្យ​បែកពីខ្លួន​ ដោយ​ព្យាយាម​តាម​អង្វរ​និយាយ​ស្តីលួង​លោម​​​នារីរូបស្រស់​​នោះ ដើម្បីបាន​រួម​រស់ជួបជុំគ្នាក្នុង​លក្ខណៈជាប្តី-​ប្រពន្ធ ។ ​ជុំវិញរឿងរ៉ាវ​ខាងលើនេះ វាជារឿងមួយ​គួរឱ្យ​​អាណិត​អាសូរ​ដល់ភាគីខាង​​បុរស​​ ​ព្រោះ​បានស្រែក​ទ្រហោយំ សម្តែងការនឹក​ស្រណោះអាលោះអាល័យ ចំពោះនារីដែលខ្លួន​ស្រលាញ់ ហើយ​បែរ​ជានាងព្យាយាម​ជិះតាក់ស៊ីរត់គេច​ពីក្រសែភ្នែកខ្លួន​ទាំងមិនអស់​ចិត្ត ។

​នៅ​​កន្លែង​កើតហេតុ​គូស្នេហ៍​ មួយគូ​ខាងលើ​នោះ​ មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ឱ្យ​​ដឹង​ឡើយ ហើយ​ពួក​គេ ​បាន​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​តាក់ស៊ី​រួម​​ជាមួយ​គ្នា ​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ ដោយសារ​មានការ​ខ្មាស់​អៀន​នូវ​រឿងអាស្រូវ​របស់​ខ្លួន ។

ទោះជា​យ៉ាងណា ​ក៏​ដោយ ​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​​ឱ្យ​​ដឹង​ថា ដំបូង​ឡើយ​នារី​រូប​ស្រស់​វ័យក្មេង​ខាងលើ​​នេះ បាន​ចុះ​ពីលើ​រថយន្ត​ឈ្នួល​ហើយ​ចោទ យុវជន​ម្នាក់​ដែល​ពាក់មួក​សុវត្ថិភាព​ថា ហេតុ​អ្វី​បានជា​តាម​ឃាត់​រថយន្តឈ្នួល​ដែល​ដឹក​គាត់​ឆ្ពោះទៅ​គោល​ដៅ​ណាមួយ​ នោះ ។

ជា​ការ​ឆ្លើយ​តប​​នៅ​ពេល​ជាមួយ​គ្នា​នោះ​​ដែរ យុវជន​ដែល​ឃាត់​រថយន្តឈ្នួល​នោះ​បាន​រៀបរាប់​ថា «ខ្លួន​ជា​ប្តី​-ប្រពន្ធ​ជាមួយ​នារី​រូប​ស្រស់» ។ ដោយឡែក​មូលហេតុគឺ នារី​រូប​ស្រស់​​បាន​បដិសេធថា មិនមែន​ជា​រឿង​ប្តី​-ប្រពន្ធ​ទេ គ្រាន់តែ​ធ្លាប់​ជា​សង្សារ​នឹង​គ្នា​​តែ​ប៉ុណ្ណោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]