ភ្នំពេញ៖ ពលរដ្ឋជាច្រើននាក់ ដែលរស់នៅ ក្បែរកន្លែង អ្នករកស៊ីបាញ់ ថ្នាំម៉ូតូ មួយកន្លែង នៅក្នុងរាជធានី ភ្នំពេញបាន សម្តែងការព្រួយបារម្ភ ទៅនឹង ការប៉ះពាល់ សុខភាព និងការរំខាន ពីការធំក្លិនថ្នាំ ជារៀងរាល់ថ្ងៃ ដោយសារ អ្នករកស៊ីរបរនេះ មិនបានគោរពសិទ្ធ អ្នកជិតខាង ក៏ដូចជា មិនបាន ចូលរួមថែរទាំ បរិស្ថានឲ្យបានល្អ ក្នុងរាជធានី ភ្នំពេញ ដែល មានការរីកចម្រើន ក្រោមការដឹកនាំផ្ទាល់ ពីលោកអភិបាលរាជធានីភ្នំពេញ តបតាមគោល នយោបាយ របស់រាជដ្ឋាភិបាល។

ពលរដ្ឋនៅជុំវិញ កន្លែងប្រកបរបរ រកស៊ីបាញ់ថ្នាំម៉ូតូ នេះបានបញ្ជាក់ថា ពួកគាត់ពិបាកទ្រាំ ជាមួយការធំក្លិនថ្នាំ និងផ្សែងថ្នាំដែលសាយ ភាយពេញអាកាស ជារៀងថ្ងៃ ហើយដែលប្រការ សំខាន់ពួកគាត់ថា ពិបាកទ្រាំ បំផុតនោះគឺ ការដកដង្ហើមតែម្តង។

កន្លែងដែល ទទួលរងការ រិះគន់នេះសព្វថ្ងៃ ស្ថិតនៅលើដង ផ្លូវកម្ពុជាក្រោមត្រង់ ផ្លូវ១២៨(ក្បែរទល់មុខ សណ្ឋានគារលីឡាយ) ស្តិតនៅក្នុង សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តំណាងពលរដ្ឋ នៅក្បែរតំបន់ ខាងលើនេះ បញ្ជាក់ថា ពួកគាត់បាន ដាក់ពាក្យបណ្តឹង ដល់អាជ្ញាធរ ជាច្រើនលើកមកហើយ ក្នុងការជួយ អន្តរាគមន៍ ទប់ស្កាត់ ប៉ុន្តែគេមិនឃើញ មានប្រសិទ្ធភាពឡើយ ផ្ទុយទៅវិញ អ្នកប្រកបរបរនេះបាន ផ្គើនដល់ពួកគាត់ ថែមទៀត។

រៀងរាល់ថ្ងៃ អ្នកប្រកបរបរ បាញ់ថ្នាំម៉ូតូ បាញ់ថ្នាំរថយន្ត នេះគេតែងបាញ់ ថ្នាំរាប់សិបគ្រឿង ហើយពេលបាញ់ម្តងៗ ចំហាយបានបាចសាយ ភាយរាប់ម៉ែត្រ ហើយពិសេសពួកគាត់ នៅផ្ទះជាន់លើៗ ផងគឺក្លិនជះចូលផ្ទះ រកតែកល់ដក ដង្ហើមមិនកើត។ ពួកគេប្រកបរបរនេះ គ្មានពេលវេលា សម្រាកដេកពួន ឬឈប់សម្រាកទេ ពោលគឺឱ្យតែមានម៉ូយ ធ្វើទាំងអស់ដូចនេះ មិនត្រឹមបង្ករំខាន ដល់អ្នករស់នៅក្បែរ នោះឡើយសូម្បី តែអ្នកធ្វើដំណើរ ម្តងម្កាលកាត់ តំបន់នេះក៏ទទួល រងផលប៉ះពាល់ដូចគ្នា។

ក្នុងលិខិត បញ្ជាក់បន្តថា ថ្នាំទាំងអស់នេះសុទ្ធតែ សារជាតិគីមី ដូចនេះបើពួកគាត់ ទទួលក្លិនបែបនេះ រៀងរាល់ថ្ងៃពិតជា ទទួលរងផល ប៉ះពាល់ នៅថ្ងៃខាងមុខ ជាក់ជាពុំខាន។

កន្លែងអ្នករកស៊ី បាញ់ថ្នាំម៉ូតូ និងរថយន្តតំបន់នេះ កើតជាយូរមកហើយ ដូចនេះពួកគាត់ ចង់ឱ្យអាជ្ញាធរ គួរមានវិធានការ តឹងរឹងណាមួយជួយ ដល់ពួកគាត់ជាក់លាក់។ ក្នុងលិខិតដដែល បានរិះគន់ផងថា តាមពិតណាស់អ្នក ប្រកបរបរបែបនេះ គេមិនគួរបើកកន្លែង ប្រជុំជនបែបនេះឡើយ គេគួរតែមាន ដីឡូរឬ កន្លែងឆ្ងាយ ពីទីប្រជុំជនទើប មិនបង្កការប៉ះពាល់ ដល់អ្នកដទៃ។

ចំណែកនៅតំបន់ កន្លែងខាងលើនេះដែរ ស្រ្តីម្នាក់ប្រាប់ថាឈ្មោះវី បានគូសបញ្ជាក់បា្រប់ អ្នកយកព័ត៌មាន យើងថាគាត់ រស់នៅបរិវេណ កន្លែងអ្នកបើករបរបាញ់ ថ្នាំម៉ូតតូនេះមាន ការធុញទ្រាន់នឹង ទទួលការលំបាក ច្រើនណាស់ថ្ងៃណា ក៏ទទួលធំក្លិនថ្នាំ និងផ្សែងថ្នាំ រកតែដកដង្ហើម មិនចង់កើត។ គាត់ចាញ់ថ្នាំទាំងនេះ ពេលបានទទួល ក្លិនជាងបាញ់ម្តងៗ រកតែដកដង្ហើម មិនកើតតែមិនដឹងទៅ ឃាត់គេដូចម្តេចបើប្រាប់ អាជ្ញាអាជ្ញាធរគេ មិនអើពើទៅហើយ។ ស្រី្តរូបនេះបញ្ជាក់ថា ”កន្លែងបើករបរបាញ់ ថ្នាំម៉ូតូឡានេះមានតែពីរ កន្លែងទេដែលបង្កការ រំខានខ្លាំង គឺយីហោមួយឈ្មោះ ទាន់ចិត្ត និងហុងកុង ផ្ទះពីរនេះបើកយូរ មកហើយគឺដុះស្លែ គ្មាននរណាធ្វើអ្វី កើតទេ។ ខ្ញុំចង់ឱ្យពួកគេទៅបើក ឆ្ងាយពីទីប្រជុំជន ប៉ុន្តែនេះមិនត្រឹមបើក ទីប្រជុំជនទេថែមទាំង នៅបើកប្រកបរបរតាម ចិញ្ចឹមផ្លូវមនុស្ស ដើរថែមទៀត។ ខ្ញុំចង់ឱ្យខាង សាលារាជធានីភ្នំពេញ ជួយអន្តរាគមន៍ ធ្វើយ៉ាងណា ឱ្យពួកគេរកកន្លែង ឆ្ងាយពីទីប្រជុំ ជនបន្តិចឬបាញ់ ក្នុងផ្ទះតែម្តងទៅ ដើម្បីកុំឱ្យជះក្លិន ថ្នាំអាក្រក់ដាក់ គេដាក់ឯង”។ ចំណែក បុរសម្នាក់ទៀត ដែលរស់នៅក្បែរ តំបន់នេះ (គាត់សុំមិន បញ្ចេញឈ្មោះ) បានបញ្ជាក់ថា សព្វថ្ងៃនេះគាត់បាន
ហិតក្លិននេះ ស្ទើរស៊ាំទៅហើយ តែយ៉ាងណាថ្ងៃខ្លះ ដែលក្រុមជាងបាញ់ ថ្នាំច្រើនហុយសំពោង ក៏គាត់រកដកដង្ហើម មិនចង់កើតដែរ។ គាត់កើតមានការថ្នាំងថ្នាក់ ជាញឹកញាប់តែដោយសារអ្នក ជិតខាងចេះតែទ្រាំ រហូតមក។ បុរសរូបនេះ បញ្ជាក់ថា”អាជ្ញាធរល្មមមាន វិធានការតឹងរឹងហើយ និងគេបើកយូរហើយ ល្មមរកន្លែងថ្មីឱ្យឆ្ងាយពីប្រជុំជន។

យើងយោគយល់គេ យូរហើយឥឡូវនេះមាន ពលរដ្ឋច្រើនគ្នា ណាស់ដែលយើងបាន និយាយពិភាក្សាគ្នា គឺសុទ្ធតែមិនពេញចិត្ត ហើយខ្លាចប៉ះពាល់ ដល់សុខភាព។ ខ្ញុំសង្ឃឹមថា នៅពេលសាលាក្រុង និងអាជ្ញាធរដឹងពី ទុក្ខលំបាក របស់ពលរដ្ឋ គប្បីមានវិធានការ ជួយទប់ស្កាត់ផង កុំឱ្យមនុស្សតែប៉ុន្មាននាក់ មករំខានសេចក្តីសុខ មនុស្សច្រើននោះវា មិនសមនោះ ទេ”៕

ដោយៈ ដើមអម្ពិល (DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]